វេជ្ជបណ្ឌិតមន្ទីរពេទ្យពហុព្យាបាលក្រុងកឹងធើ ទើបសង្គ្រោះជោគជ័យដល់ជនរងគ្រោះឈប់ដកដង្ហើម បេះដូងឈប់ចលនានៅក្រៅមន្ទីរពេទ្យ បណ្ដាលមកពីការឆក់ខ្សែភ្លើង។
អ្នកជំងឺ T.P.H (អាយុ៣៦ឆ្នាំ នៅខណ្ឌនិញកេវ ក្រុងកឹងធើ) បេះដូងឈប់ចលនា ឈប់ដកដង្ហើម ដោយសារឆក់ខ្សែភ្លើង បានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យពហុព្យាបាលក្រុងកឹងធើសង្គ្រោះជោគជ័យ។ រូប៖ មន្ទីរពេទ្យផ្គត់ផ្គង់
ឆ្លងតាមរយៈករណីខាងលើ វេជ្ជបណ្ឌិត ឯកទេស II ផាងធីពុង ប្រធានផ្នែកប្រពោធកម្ម-សកម្មប្រឆាំងជាតិពុលនៃមន្ទីរពេទ្យពហុព្យាបាលកឹងធើ បានកត់សម្គាល់នូវចំណុចមួយចំនួន ដើម្បីសហគមន៍ជួយសង្គ្រោះបឋម មានប្រយោជន៍ដល់ជនរងគ្រោះ មុនពេលនាំមកកាន់មន្ទីរពេទ្យ។
- គប្បីបិទកុងតាក់អគ្គិសនីជាបន្ទាន់ ឬយកមែកឫស្សី មែកឈើស្ងួតឆ្កឹះខ្សែអគ្គិសនីចេញពីជនរងគ្រោះ។ នៅពេលបិទកុងតាក់ គប្បីប្រយ័ត្នកុំឱ្យជនរងគ្រោះដួល បណ្តាលឱ្យរងរបួសកាន់តែធ្ងន់ធ្ងរថែមទៀត។ បន្ទាប់មក ត្រូវដាក់ជនរងគ្រោះដេកផ្ងារពេញសន្ធឹងលើផ្ទៃរឹង រាបស្មើ (វៀរលែងតែជនរងគ្រោះរបួសឆ្អឹងខ្នង)។
-ប្រសិនបើជនរងគ្រោះឆក់ខ្សែភ្លើងរងរបួសចម្រុះ (ដូចដួលបាក់ឆ្អឹង របួសលលាដ៍ក្បាល របួសដើមទ្រូង ពោះ ឬរបួសច្រើនអន្លើ) ស្ថានភាពសុខភាពកាន់តែអាក្រក់ គប្បីពិនិត្យដើម្បីវិនិច្ឆ័យជាបន្ទាន់។
-ការងារជួយសង្គ្រោះបន្ទាន់ អាចអនុវត្តក្នុងពេលបេះដូងឈប់ចលនាត្រឹម ៣ នាទីប៉ុណ្ណោះ អាស្រ័យហេតុនោះ អ្នកសង្គ្រោះត្រូវតែមានអារម្មណ៍នឹងនរ ប្រញាប់ប្រញាល់ធ្វើឱ្យត្រូវតាមរបៀប និងធ្វើនៅកន្លែងកើតហេតុឆក់ខ្សែភ្លើងតែម្តង។ ដំណើរការតាមលំដាប់លំដោយ៖ គក់ដើមទ្រូងត្រង់បេះដូង ៥ ដង ប្រសិនបើបេះដូងមិនចលនាឡើងវិញ ត្រូវផ្លុំជំនួយខ្យល់តាមមាត់ និងច្របាច់ដើមទ្រូងត្រង់ទីតាំងបេះដូង យកដៃពីរដាក់លើគ្នាត្រង់ខាងក្រោមឆ្អឹងទ្រនុងទ្រូងប្រហែល ១/៣ រួចសង្កត់ធ្ងន់ៗ។ ប្រសិនមានអ្នកចូលរួមសង្គ្រោះ ២ នាក់ គឺសង្កត់ទ្រូង ៥ ដង ផ្លុំខ្យល់ចូលមាត់ម្តង។ បើមានតែម្នាក់សង្កត់ដើមទ្រូង ១៥ ដង ត្រូវផ្លុំខ្យល់តាមមាត់ ២ ដង។ អនុវត្តឱ្យស្មើដូច្នេះរហូតដល់ជនរងគ្រោះដឹងខ្លួន ដកដង្ហើមឡើងវិញបាន បបូរមាត់ក្រហមឡើងវិញ មានជីពចរលោតនៅកដៃ និងហៅរថយន្តសង្គ្រោះនាំជនរងគ្រោះទៅមន្ទីរពេទ្យ។
- បញ្ជូនជនរងគ្រោះទៅគ្រឹះស្ថានសុខាភិបាល ដើម្បីសង្គ្រោះប្រពោធកម្ម ខណៈពេលអ្នកជំងឺអាចដកដង្ហើមឡើងវិញដោយខ្លួនឯង និងមានជីពចរ។
- តាមដងផ្លូវបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ នៅតែបន្តការសង្គ្រោះបន្ទាន់ តាមដានយ៉ាងដិតដល់ ដើម្បីរកឃើញនិងព្យាបាលបានទាន់ពេលប្រសិនមានអាការៈប្រែប្រួល៕
ធូសឿង-វិមាន