រួមជាមួយនឹងទូទាំងប្រទេស អ្នកបោះឆ្នោតជាជនជាតិខ្មែរនៅវាលរាបទន្លេគឺវឡុង បានត្រៀមលក្ខណៈចូលរួមក្នុងថ្ងៃជួបជុំធំរបស់ប្រទេសជាតិ - បោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជន អាណត្តិកាល ២០២១-២០២៦ ប្រព្រឹត្តឡើងនៅថ្ងៃទី ២៣-៥-២០២១។
ជនរួមជាតិខ្មែរនៅឃុំភូតឹង ស្រុកចូវថាញ់ ពិនិត្យបញ្ជីឈ្មោះបេក្ខជនឈរឆ្នោតតំណាងរដ្ឋសភានិងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១ -២០២៦។ រូបថត៖ លីធាន
ការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាល ទី XV និងតំណាងក្រុមប្រឹក្សាប្រជាជន អាណត្តិកាល ២០២១-២០២៦ ប្រព្រឹត្តទៅនៅថ្ងៃទី ២៣-៥-២០២១ ក្រុងកឹងធើមានអង្គភាពបោះឆ្នោតតំណាងរដ្ឋសភាចំនួន ៣ គឺ អង្គភាពបោះឆ្នោតលេខ១ (ខណ្ឌនិញកេវ ខណ្ឌកៃរុាំង និងស្រុកផុងដៀង) អង្គភាពបោះឆ្នោតលេខ ២ (ខណ្ឌប៊ិញធ្វី ខណ្ឌអូរម៉ូង និងស្រុកថើយឡាយ) អង្គភាពបោះឆ្នោតលេខ ៣ (ខណ្ឌ ថូកណូក ស្រុកកើ-ដ និងស្រុកវិញថាញ់)។ មុននោះ ក្រុមប្រឹក្សាបោះឆ្នោតជាតិ បានឯកភាពអនុញ្ញាតឱ្យក្រុមបោះឆ្នោតចំនួន ៨ នៅក្រុងកឹងធើ បោះឆ្នោតមុនពេលកំណត់ គឺនៅថ្ងៃទី ២០-៥-២០២១។ ចំពោះការប្រែប្រួលយ៉ាងស្មុគស្មាញនៃជំងឺ COVID-១៩ គណៈកម្មាធិការបោះឆ្នោតក្រុងកឹងធើ ចង្អុលការដល់ផ្នែកសុខាភិបាលក្រុង កសាងផែនការបង្ការ ប្រឆាំងរោគឆ្លងរាលដាល សមស្របជាមួយនឹងកម្រិតហានិភ័យនីមួយៗ។ ទន្ទឹមនឹងនោះ កសាងផែនការទប់ស្កាត់ សមស្របចំពោះស្ថានការណ៍កើតមានឡើងដោយចៃដន្យ មិនឱ្យអសកម្ម សំដៅធានាទិវាបោះឆ្នោតប្រព្រឹត្តទៅដោយសុវត្ថិភាពរលូន។
ជាខេត្តមួយក្នុងបណ្តាខេត្តទាំងឡាយដែលមានជនរួមជាតិខ្មែររស់នៅកុះករ ការងារត្រៀមបម្រុងសម្រាប់ការបោះឆ្នោតត្រូវបានខេត្តត្រាវិញអនុវត្តយ៉ាងហ្មត់ចត់។ ពិសេស ការផ្សព្វផ្សាយអពីការបោះឆ្នោត ក៏ត្រូវបានអង្គភាព ភូមិភាគនានាសហការជាមួយនឹងវត្តអារាម សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តស្រុក អនុវត្តជាប្រចាំ។ ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ មានថេរដីកា៖ “សមាគមជានិច្ចកាលតែងក្រើនរំលឹកដល់វត្តខ្មែរទាំង ១៤៣ វត្តលើភូមិសាស្រ្ត សហការជាមួយរដ្ឋអំណាចភូមិភាគចូលរួមផ្សព្វផ្សាយអំពីការបោះឆ្នោត។ ទន្ទឹមនឹងនោះ ចលនាមាមីងពុទ្ធបរិស័ទគប្បីចូលរួមបោះឆ្នោតនៅថ្ងៃទី ២៣-៥-២០២១ ដើម្បីអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋ”។ ព្រះឧបជ្ឈាយ៍ ថាច់សួង ព្រះចៅអធិការវត្តកំពង់និគ្រោធ (កំពង់ជ្រៃ) មានថេរដីកា៖ “ក្នុងនាមជាព្រះចៅអធិការវត្ត អាត្មាតែងផ្សព្វផ្សាយនិងពន្យល់ដល់មាមីងពុទ្ធបរិស័ទចំណុះជើងវត្ត ត្រូវទៅចូលរួមបោះឆ្នោត។ យើងជ្រើសបេក្ខជនឈរឆ្នោតដែលយើងទំនុកចិត្ត ចេះគិតគូរដល់ប្រជាជន ដើម្បីជំរុញប្រទេសជាតិកាន់តែរីកចម្រើន ក៏ដូចជាជួយដល់ជនរួមជាតិភាគតិចកាន់តែមានជីវភាពធូរធារឡើង”។ លោកគឹមត្រុង ប្រធានគណៈកម្មការវត្តពោធិសាលរាជ (កំពង់) ក្រុងត្រាវិញ ឱ្យដឹង៖ “ខ្ញុំតែងផ្សព្វផ្សាយ ចលនាមាមីងជាភាសាខ្មែរផង ភាសាវៀតផង ដើម្បីមាមីងបានជ្រាបចូលរួមបោះឆ្នោតឱ្យបានត្រឹមត្រូវ”។
តាមប្រសាសន៍ លោកយឿងសាខា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ការងារផ្សព្វផ្សាយបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី XV និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ត្រូវបានអនុវត្តដោយរូបភាពជាច្រើន។ ជាក់ស្ដែង ឆ្លងតាមរយៈការប្រជុំរបស់ផ្នែក ក្រុមសាខាលើគេហទំព័រ អេឡិចត្រូនិចរណសិរ្ស និង Zalo ជាដើម។ ខេត្តសុកត្រាំងមាន ៣ ជនជាតិគឺ កិញ - ខ្មែរ - ចិន នៅរួមរស់ជាមួយគ្នា ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រា ៣០% នៃចំនួនប្រជាជនក្នុងខេត្ត ម្ល៉ោះហើយគណៈកម្មាធិការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ បានសហកាជាមួយនឹងស្ថានីយវិទ្យុទូរទស្សន៍ខេត្ត ស្ថានីយផ្សាយសំឡេងស្រុក ឃុំ ធ្វើការចាក់ផ្សាយជាប្រចាំ អំពីដំណើរការបោះឆ្នោតដល់ប្រជាជនជា ៣ ភាសា កិញ-ខ្មែរ-ចិន ដើម្បីអ្នកបោះឆ្នោតទាំង ៩៦៥.១៩៥ នាក់ក្នុងខេត្តយល់ច្បាស់ និងបោះឆ្នោតជ្រើសរើសឱ្យបានត្រឹមត្រូវ។
ដោយបានធ្វើការផ្សព្វផ្សាយជាប្រចាំ ទើបមាមីងខ្មែរនៅឃុំថាញ់ភូ ស្រុកមីស្វៀង ត្រៀមលក្ខណៈរួចរាល់រង់ចាំដល់ថ្ងៃបោះឆ្នោត។ លោកកាវដូរ៉ា នៅភូមិសុកបឹង រៀបរាប់៖ “រៀងរាល់ថ្ងៃ ខ្ញុំតែងស្ដាប់ការចាក់ផ្សាយរបស់ស្ថានីយផ្សាយសំឡងនិងទូរទស្សន៍ទៅវត្តក៏ឮព្រះសង្ឃផ្សព្វផ្សាយ ចំណែកនៅឯភូមិវិញ ក៏មានកម្មាភិបាលចុះទៅផ្សព្វផ្សាយ ម្ល៉ោះហើយ ខ្ញុំមានការយល់ដឹងច្រើនអំពីការងារបោះឆ្នោតនេះ។ ខ្ញុំចលនាសាច់ញាតិក្នុងគ្រួសារនិងអ្នកភូមិត្រៀមលក្ខណៈទៅចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដែលមានចរិយាសម្បត្តិ វិជ្ជាសម្បត្តិ មានទឹកចិត្តល្អ និងមានចក្ខុវិស័យទៅក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ដើម្បីតំណាងឱ្យប្រជាជនកសាងទឹកដីវៀតណាមកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”៕
ក្រុមអ្នកយកព័ត៌មាន-ប្រែសម្រួលៈ ពេជ្រសឿន