“ប្អូនធ្លាប់ធ្វើការនៅក្រុមហ៊ុនកាត់ដេរនៅខេត្តប៊ិញយឿង ទើបដឹងបាននូវការខាតប្រយោជន៍របស់កម្មករដែលគ្មានមុខរបរប្រាក់ខែទាបជាងអ្នកចេះមុខរបរ។ ព្រោះហេតុនោះ ប្អូនសម្រេចចិត្តចូលរៀនសាលាអនុមហាវិទ្យាល័យវិជ្ជាជីវៈសុកត្រាំង ដើម្បីកសាងអនាគតឱ្យកាន់តែល្អ" ប្អូនយ៉ីបធីមីយ័ញ និស្សិតសាលាអនុមហាវិទ្យាល័យវិជ្ជាជីវៈសុកត្រាំង បានរ៉ាយរ៉ាប់ដូច្នេះ។
ក្រៅពីម៉ោងរៀនក្នុងសាលា ប្អូនយ៉ីបធីមីយ័ញ នៅទាំងស្វែងយល់រៀនសូត្របន្ថែមតាមរយៈប្រព័ន្ធអ៊ីនធឺណិតទៀតផង។
រយៈពេលរៀននៅសាលាចំណេះទូទៅ យ៉ីបធីមីយ័ញ តែងសម្រេចកិត្តិនាមជាសិស្សពូកែ។ ក្រោយបញ្ចប់សញ្ញាបត្រវិទ្យាល័យ ប្អូនគ្រប់ពិន្ទុជាប់ជម្រើសចូលរៀនមហាវិទ្យាល័យនៅវិទ្យាស្ថានកម្មាភិបាលក្រុងហូជីមិញ។ ដោយសារស្ថានភាពគ្រួសារក្រ គ្រប់សមត្ថភាពត្រឹមតែចិញ្ចឹមបងស្រីកំពុងរៀនមហាវិទ្យាល័យ ម្ល៉ោះហើយប្អូនត្រូវបោះបង់ក្ដីបំណងប្រាថ្នា។ ចាប់តាំងពីនោះ ប្អូនមីយ័ញ ទៅធ្វើកម្មករក្រុមហ៊ុនកាត់ដេរខេត្តប៊ិញយឿងដើម្បីជួយគ្រួសារ គិតគូរឱ្យបងស្រីរៀនមហាវិទ្យាល័យ។ ក្រោយរយៈពេល ២ ឆ្នាំធ្វើកម្មករកាត់ដេរ បងស្រីរៀនចប់មហាវិទ្យាល័យ មីយ័ញ សម្រេចចិត្តចូលរៀនផ្នែកច្នៃម្ហូបអាហារនៅសាលាអនុមហាវិទ្យាល័យវិជ្ជាជីវៈសុកត្រាំង។ មីយ័ញ ឱ្យដឹង៖ "ប្អូនជ្រើសរៀនមុខរបរនៅសាលាអនុមហាវិទ្យាល័យសុកត្រាំង ដ្បិតអីសិស្សជនជាតិខ្មែរត្រូវបានកាត់បន្ថយបង់ថ្លៃសិក្សា ៧០% ស្នាក់នៅអន្តេវាសិកដ្ឋានឥតគិតថ្លៃ និងមានរបបគោលនយោបាយឧបត្ថម្ភរៀងរាល់ខែ ដូចជារៀននៅសាលាជនជាតិអន្តេវាសិកដែរ។ ពិសេស គ្រប់មុខវិជ្ជាដែលសាលាអនុមហាវិទ្យាល័យបណ្តុះបណ្តាល សុទ្ធតែមានចុះកិច្ចសន្យាប្រើប្រាស់កម្មករជាមួយនឹងក្រុមហ៊ុនអាជីវកម្មនានាក្នុងខេត្ត ម្ល៉ោះហើយពេលចេញសាលាគឺមានការងារធ្វើភ្លាម"។
ធ្លាប់ជាសិស្សរៀនពូកែ ម្ល៉ោះហើយចូលរៀននៅទីនេះ មីយ័ញ ជានិស្សិតម្នាក់គត់របស់ថ្នាក់ ច្នៃម្ហូបអាហារ CTP ១៩១ មានស្នាដៃរៀនសូត្រឆ្នើម។ "មិនត្រឹមតែរៀនសូត្រល្អប៉ុណ្ណោះទេ មីយ័ញនៅទាំងជានិស្សិតគំរូ អនុវត្តម៉ឺងម៉ាត់លក្ខន្តិកៈរបស់សាលានិងរក្សាសណ្ដាប់ធ្នាប់រស់នៅល្អក្នុងអន្តេវាសិកដ្ឋាន។ ក្រៅពីនោះ មីយ័ញ នៅទាំងខ្នះខ្នែងចូលរួមរាល់សកម្មភាពសិល្បៈកីឡា និងបរិច្ចាគឈាមស្ម័គ្រចិត្តជាដើម" អ្នកគ្រូផាមធីគឹមហឿង ប្រធានការិយាល័យការងារនិស្សិតបានវាយតម្លៃដូច្នេះ។
មីយ័ញ ឱ្យដឹង៖ "មុខរបរប្អូនរៀនគឺរយៈពេល ២ ឆ្នាំកន្លះ ហើយសព្វថ្ងៃបានឈានចូលឆ្នាំទី ២ ម្ល៉ោះហើយប្អូននឹងខិតខំរៀនសូត្រឱ្យបានល្អដើម្បីរក្សាស្នាដៃឆ្នើម។ បងៗរៀនវគ្គមុន មានស្នាដៃរៀនសូត្រល្អ ក្រោយពីបញ្ចប់សញ្ញាបត្រ ក្រុមហ៊ុនធំៗក្នុងខេត្ត សុទ្ធតែអាទិភាពក្នុងការជ្រើសរើសបុគ្គលិក និងផ្តល់ជូនប្រាក់ខែខ្ពស់។ នោះគឺជាកម្លាំងចលករជួយដល់ប្អូន កាន់តែខិតខំក្នុងការរៀនសូត្រ"៕
លីធាន - ថាច់ធី