ចលនា“ រៀនសូត្រអស់មួយជីវិតក្នុងគ្រួសារ វង្សត្រកូល សហគមន៍និងអង្គភាព” នៃខេត្តហូវយ៉ាងបានចូលទៅក្នុងជីវភាព។ ផ្តើមពីនោះ បានរួមចំណែកក្នុងការលើកកម្ពស់កម្រិតប្រជាបញ្ញា សមត្ថភាពកម្មាភិបាលនិងប្រជាជន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
លោកស្រី ង្វៀងធីធ្វីហាំង នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់គ្រួសាររៀនសូត្រឆ្នើម។
ក្នុងរយៈពេល៥ ឆ្នាំកន្លង សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់នៃខេត្តហូវយ៉ាង បានរៀបចំសន្និសីទផ្សព្វផ្សាយហ្វឹកហាត់ ណែនាំចំនួន ១៥៥ លើកជូនដល់កម្មាភិបាលជាង៤.១៦០ រូប ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន អំពីចលនា“ រៀនសូត្រអស់មួយជីវិតក្នុងគ្រួសារ វង្សត្រកូល សហគមន៍និងអង្គភាព”។ ទន្ទឹមនឹងនេះឃោសនា គួបផ្សំផ្សព្វផ្សាយដល់សមាជិកនិងប្រជាជនអំពីការកសាងគ្រួសារ វង្សត្រកូល សហគមន៍និងអង្គភាពរៀនសូត្រ។ រហូតមកដល់ពេលនេះ ខេត្តបានទទួលស្គាល់ គ្រួសាររៀនសូត្រជាង ៣៥៦.០០០។ វង្សត្រកូលរៀនសូត្រចំនួន ១០៨៤ ។ សហគមន៍រៀន សូត្រចំនួន ១.៥៩៣ អង្គភាពរៀនសូត្រចំនួន ១.១១៩ ។ល។ លោក ឡឹមខេម នៅភូមិ ១០ ឃុំលឿងងៀ ស្រុកឡុងមី ឱ្យដឹង៖ “ ខ្ញុំគិតថា វប្បធម៌គឺជាកូនសោរដើម្បីបើកទ្វារជីវិត ដូច្នេះ ខ្ញុំព្យាយាមជំនះរាល់ការលំបាកក្នុងជីវិត ដើម្បីចិញ្ចឹមកូនៗរៀនឱ្យបានជោគជ័យ។ បច្ចុប្បន្ន កូនទាំង ៤ នាក់របស់ខ្ញុំបានក្លាយជាវេជ្ជបណ្ឌិត និងវិស្វករ មានការងារធ្វើ និងរកបានប្រាក់ចំណូលលំនឹង ហើយកូនៗរបស់ខ្ញុំបានបន្ត ចិញ្ចឹមចៅៗរៀនសូត្រ ដើម្បីក្លាយជាវង្សត្រកូលរៀនសូត្រ”។ ចំណែកលោកសើុងគិត អ្នកមានប្រជាប្រិយនៅឃុំសាភៀង មានប្រសាសន៍៖ “ ភូមិ ៥ មានជនជាតិខ្មែររស់នៅកុះករ ប៉ុន្តែ នរណាក៏គិតគូរឱ្យកូនរៀនសូត្របានជោគជ័យដែរ។ គ្រួសារខ្ញុំមានកូន ៣ នាក់ ក៏ក្លាយជាវេជ្ជបណ្ឌិតនិងនគរបាលផងដែរ។ រយៈពេលជាច្រើនឆ្នាំកន្លង ភូមិ ៥ តែងបានទទួលស្គាល់ជាសហគមន៍រៀនសូត្រ។ ផ្តើមពីរៀនបានជោគជ័យ មានការងារធ្វើនិងរកបានប្រាក់ចំណូលលំនឹង ម្ល៉ោះហើយជីវភាពរបស់ប្រជាជនខ្មែរនៅភូមិ ៥ កាន់តែមានភាពល្អប្រសើរឡើង”។
យោងតាមប្រសាសន៍ លោក ប៉ូវវ៉ាន់ឡេម ប្រធានសមាគមជំរុញការសិក្សាខេត្តហូវយ៉ាង បានឱ្យដឹង៖ ចលនា “រៀនសូត្រអស់មួយជីវិតនៅក្នុងគ្រួសារ វង្សត្រកូល សហគមន៍ និងអង្គភាព” បានរួមចំណែកលើកកម្ពស់ការយល់ដឹងចំពោះកម្មាភិបាល និងប្រជាជនពីអត្ថន័យ និងសារៈសំខាន់នៃការងារជំរុញការសិក្សា ជំរុញបញ្ញវន្តរបស់ខេត្ត។ ដោយមូលហេតុនោះ ភូមិភាគមានគ្រួសារ វង្សត្រកូល សហគមន៍ និងអង្គភាពជាច្រើនបានទទួលស្គាល់។ រួមចំណែកលើកកម្ពស់កម្រិតប្រជាបញ្ញា ប្រភពធនធានមនុស្ស ការអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌ និងសង្គមរបស់ភូមិភាគ៕
លីធាន-ប្រែសម្រួល៖ សុផន