|
លោកម៉ែនផល្លី ប្រធានគណៈជនជាតិខេត្តអាងយ៉ាង។ |
រយៈពេលកន្លង ខេត្តអាងយ៉ាង បានប្រមូលផ្តុំប្រភពធនធាន ដើម្បីគិតគូរជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិភាគតិច។ ផ្ដើមពីនោះ ស្ថានភាពសេដ្ឋកិច្ចក្នុងជនរួមជាតិភាគតិចនៅអាងយ៉ាង មានជំហានវិវឌ្ឍន៍យ៉ាងសកម្ម។
លោកម៉ែនផល្លី ប្រធានគណៈជនជាតិខេត្ត អាងយ៉ាង ឱ្យដឹង៖
- គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ បានផ្ដុំកម្លាំងដឹកនាំ ចង្អុលការយ៉ាងដិតដល់។ រាល់ស្ថាប័នដែលពាក់ព័ន្ធ មានកិច្ចសហប្រតិបត្តិការជិតដិតក្នុងការអនុវត្តការងារជនជាតិ ផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិ ដូចជា៖ ជំនួយទុនផលិតកម្ម វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ (បណ្ដុំប្រជាជនតាំង ទីលំនៅ លំនៅឋាន ទឹកស្អាត អគ្គិសនី ផ្លូវថ្នល់ សាលារៀន ដំណាក់សុខាភិបាលជាដើម) បានអនុវត្តព្រមៗគ្នា។ ការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ដោះស្រាយការងារធ្វើក្នុងតំបន់ជនរួមជាតិភាគតិច ក៏បានយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព។ អាស្រ័យហេតុនោះ ទើបផ្លូវថ្នល់សំខាន់ៗក្នុងតំបន់ជនរួមជាតិភាគតិចត្រូវបានចាក់បេតុង កៅស៊ូយ៉ាងរឹងមាំ រួមចំណែកក្នុងការរៀបចំការផលិតឡើងវិញ បង្កើតការងារធ្វើ កែលម្អជីវភាព កាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនរួមជាតិភាគតិច និងជំរុញល្បឿនដំណើរការកសាងជនបទថ្មីរបស់ភូមិភាគ។
* សម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងការអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិ ប៉ុន្តែជីវភាពជនរួមជាតិភាគតិចមួយចំនួននៅអាងយ៉ាង នៅតែជួបការលំបាក។ តើលោកមានយោបល់យ៉ាងណាអំពីបញ្ហានេះ? បាទ!
ផ្លូវគមនាគមន៍នៅឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាង។
- តាមភាពជាក់ស្ដែងត្រូវទទួលស្គាល់ថា ស្ថានភាពសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ទោះបីមានការរីកចម្រើន កម្មវិធីទិសដៅជាតិបាននាំមកនូវប្រសិទ្ធភាពជាក់ស្ដែង ប៉ុន្តែ ចំនួនគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចនៅខ្ពស់។ កាលពីដើមឆ្នាំ ២០២០ ទូទាំងខេត្តមានគ្រួសារជនជាតិភាគតិចក្រីក្រប្រមាណ ២.៤៥០ គ្រួសារ ស្រូបអត្រា៩%នៃចំនួនគ្រួសារជនរួមជាតិភាគតិច ថយចុះ២,៧២% បើប្រៀបនឹងឆ្នាំ ២០១៩ ចំនួនគ្រួសារបានចាកផុតភាពក្រីក្រ ប្រហែល៧៣០គ្រួសារ។ គ្រួសារជនរួមជាតិភាគតិចប្រកៀកបន្ទាត់ក្រជាង ១.៧០០ គ្រួសារ ស្រូបអត្រា ៦,២៣% នៃចំនួនគ្រួសារជនរួមជាតិភាគតិច។ អត្រាគ្រួសារចាកផុតភាពក្រីក្រ រៀងរាល់ឆ្នាំតែងសម្រេចតាមភាគកម្រិតនៃផែនការដាក់ចេញ ប៉ុន្តែចំនួនគ្រួសារដែលធ្លាក់ខ្លួនក្រឡើងវិញនៅតែមានចំនួនគ្រួសារដែលចាកផុតភាពក្រីក្រ ភាគច្រើនស្ថិតក្នុងក្របខណ្ឌប្រកៀកបន្ទាត់ក្រ។
*តើអ្វីទៅជាមូលហេតុនៃស្ថានភាពខាងលើ សូមជំរាបប្រសាសន៍ លោក ?
- ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមនៅមានកម្រិត មិនស៊ីសង្វាក់គ្នា មិនទាន់ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍ ជះឥទ្ធិពលដល់ដំណើរការផលិត ធ្វើអាជីវកម្មនិងវិនិយោគ បំផុតគឺនៅភូមិសាស្រ្តតំបន់ជនជាតិ និងតំបន់ភ្នំ។ ការផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយជនជាតិនៅតំបន់ជនជាតិភាគតិច គឺទាមទារនូវប្រភពទុនច្រើន កញ្ចប់វិនិយោគធំ។ ក្នុងពេលនោះ ប្រភពទុនបែងចែករបស់មជ្ឈិមសម្រាប់អនុវត្តគោលនយោបាយជនជាតិរយៈពេលកន្លង នៅមានការរាត់រាយ មិនទាន់ប្រមូលផ្ដុំ ម្ល៉ោះហើយប្រសិទ្ធភាពមិនខ្ពស់។ កម្រិតប្រជាបញ្ញា របៀបពលកម្មផលិត បង្កបង្កើនផលរបស់គ្រួសារជនជាតិភាគតិចមួយចំនួននៅតាមទម្លាប់ចាស់ គួបផ្សំនឹងចំណុចចាប់ផ្ដើមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមទាប មាមីងជនរួមជាតិភាគតិចមួយចំនួននៅរំពឹងទៅលើការជំនួយរបស់រដ្ឋ។ល។ មិនទាន់ពង្រីកកម្លាំងផ្ទាល់ខ្លួនដើម្បីឈានឡើង។ ភូមិភាគជាច្រើននៅតំបន់ជនជាតិភាគតិច ទោះបីសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រក៏ដោយ ប៉ុន្តែនៅមានភាពស្ទាក់ស្ទើរក្នុងវិធានការឈានឡើងធូរធារ មានបាននៅកន្លែងខ្លះមិនទាន់ធានាលក្ខណៈចីរភាព ហេតុនោះស្ថានភាពក្រឡើងវិញជាបញ្ហាគួរឱ្យបារម្ភ។
* នៅពេលខាងមុខ អាងយ៉ាងផ្ដោតទៅលើភារកិច្ច វិធានការណាខ្លះ ដើម្បីលើកស្ទួយជីវភាពសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច សូមជំរាបប្រសាសសន៍លោក? បាទ!
- អាងយ៉ាង បន្តផ្ដុំកម្លាំងអភិវឌ្ឍន៍សេដ្ឋកិច្ច លើកស្ទួយជីវភាពជូនជនរួមជាតិភាគតិច តាមរយៈកម្មវិធី គម្រោងវិនិយោគ រួមចំណែកកាត់បន្ថយគម្លាតកម្រិតនៅរស់ជាមួយនឹងជនជាតិឯទៀតក្នុងសហគមន៍។ ឆ្លងតាមរយៈនោះ ខេត្តនឹងផ្ដុំកម្លាំងរៀបចំគ្រប់គ្រង ចង្អុលការ សហការគួបផ្សំនូវកម្មវិធី គម្រោងផ្សេងៗ កៀរគររាល់ប្រភពកម្លាំង ដើម្បីជំរុញល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច។ ក្នុងនោះ យកចិត្តទុកដាក់ពិសេសនិងផ្សព្វផ្សាយអនុវត្តឱ្យបានទាន់ពេលនូវគោលនយោបាយចំពោះគ្រួសារជនរួមជាតិភាគតិចក្រីក្រ ដើម្បីពួកគាត់បានទទួលជំនួយដីសង់ផ្ទះ រៀនមុខរបរ ដោះស្រាយការងារធ្វើ បុលទុនពង្រីកការផលិត។ អនុវត្តល្អក្រុមគោលនយោបាយចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច ខេត្តអាងយ៉ាង ដំណាក់កាល២០២១-២០២៥។
រាល់កម្មវិធីគោលនយោបាយជនជាតិ គប្បីប្រមូលផ្ដុំប្រភពធនធានច្រើន។ ហេតុនេះ នៅពេលខាងមុខ មជ្ឈិមគប្បីជំរុញមាំការបែងចែកប្រភពទុនដល់ភូមិភាគ ដើម្បីម្ចាស់ការកសាងគម្រោងគោលនយោបាយជនជាតិឱ្យសមស្របទៅនឹងតំបន់នីមួយៗ ក៏ដូចជាលក្ខណៈតម្រូវការចាំបាច់នៃជនជាតិនីមួយៗ ដើម្បីពង្រីកប្រសិទ្ធភាពជាងទៀត៕
* សូមអរគុណលោក!
ថាញឡុង-ពេជ្រសឿន