“ខ្ញុំទៅ”បណ្ដុះអក្សរ” ដ្បិតអី ខ្ញុំស្រឡាញ់ភាសា អក្សររបស់ជនជាតិខ្មែរ។ ប្រសិនបើបានកើតជាតិថ្មី ខ្ញុំនៅតែមានបំណងធ្វើជាគ្រូបង្រៀន ដើម្បីបានចូលរួមបុព្វហេតុបណ្ដុះបណ្ដាលមនុស្ស” នោះគឺប្រសាសន៍សំណេះសំណាលរបស់គ្រូបង្រៀនប្រជាជនឡឹមអែស អតីតអនុប្រធានមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង សព្វថ្ងៃលោកគ្រូជាប្រធានសមាគមជំរុញការសិក្សាខេត្ត។
ដោយសារជីវភាពគ្រួសារក្រីក្រ កំព្រាឪពុកតាំងពីអាយុ ៥ ឆ្នាំ ម្ល៉ោះហើយកុមារឡឹមអែស បានម្ដាយជូនទៅរៀនអក្សរនៅវត្តព្រែកអណ្ដើក ឃុំថាញ់ភូ។ រៀងរាល់ថ្ងៃ កុមារឡឹមអែសតែងដើរប្រហែល ៥ គីឡូម៉ែត្រដើម្បីទៅវត្តរៀនអក្សរ នៅសល់មួយពេលទៅឃ្វាលគោ ក្របី ដើម្បីរកប្រាក់ជួយម្ដាយ។ ផ្ដើមពីភាពលំបាកនោះ មានកុមារជាច្រើនដែលអាយុស្របាលនឹងគាត់មិនបានទៅរៀន។ ព្រោះហេតុនោះ កុមារឡឹមអែស មានបំណងក្លាយជាគ្រូបង្រៀនដើម្បីវិលមកភូមិកំណើតបង្រៀនអក្សរ។ ពេលរៀនចប់កម្រិតបឋមសិក្សា កុមារឡឹមអែស ឡើងទៅខេត្តសុកត្រាំងរៀននៅសាលាអនុវិទ្យាល័យខាយទ្រី។ ឆ្នាំ ១៩៥៩ ក្រោយពីបញ្ចប់សញ្ញាប័ត្រថ្នាក់ទី ៩ លោកឡឹមអែស ចូលបួសនៅវត្តព្រែកអណ្ដើក ព្រមទាំងបើកបង្ហាត់បង្រៀនអក្សរនៅវត្តដោយឥតគិតថ្លៃ។ បង្ហាត់បង្រៀនបណ្ដើរ លោកគ្រូឆ្លៀតរៀនដោយខ្លួនឯងតាមរយៈសៀវភៅកម្មវិធីសិក្សាបណ្ដើរ លោកគ្រូឡឹមអែស គឺជាព្រះសង្ឃដំបូងបង្អស់អាចរ៉ាប់រងបង្ហាត់បង្រៀនទាំងភាសាវៀត-ខ្មែរ-បារាំង -អង់គ្លេស-បាលី ជូនព្រះសង្ឃនិងកូនចៅខ្មែរក្នុងវត្ត និងជាព្រះសង្ឃដំបូងបង្អស់ស្រាវជ្រាវរៀនសូត្រខ្លួនឯងក្នុងវត្តប្រឡងជាប់ថ្នាក់ទី១២ ។
គ្រូបង្រៀនប្រជាជនឡឹមអែស ជូនអាហារូបករណ៍ដល់សិស្ស និស្សិតក្រីក្រសង្វាតរៀនសូត្រ។
ឆ្នាំ ១៩៧៧ លោកគ្រូឡឹមអែស បានលាចាកសិក្ខាបទដើម្បីទៅបង្រៀននៅតាមសាលារៀនរដ្ឋនិងតាមវត្តអារាម។ ក្រោយរយៈពេលច្រើនឆ្នាំបង្រៀនអក្សរ គាត់មិនចាំច្បាស់ថា ខ្លួនធ្លាប់បង្រៀនសិស្សប៉ុន្មានថ្នាក់ ឬប៉ុន្មាននាក់នោះទេ គ្រាន់តែយល់ពីអារម្មណ៍រីករាយ និងសុភមង្គល ខណៈពេលបានឈរបង្ហាត់បង្រៀន។ លោកគ្រូឡឹមអែស ឱ្យដឹង៖ “សម័យនោះ ការបង្ហាត់បង្រៀនអក្សរខ្មែរជូនប្អូនៗគឺ យោងទៅតាមបទពិសោធន៍របស់ខ្លួន បានជាខ្ញុំរិះគិតថា ត្រូវតែមានសៀវភៅពុម្ព ដើម្បីគ្រូបង្រៀនឯកភាពក្នុងការបង្ហាត់បង្រៀននិងសិស្សរៀនសូត្របានល្អ”។ ផ្ដើមពីនោះ លោកគ្រូឡឹមអែស បានសម្រេចចិត្តស្រាវជ្រាវ រៀបរៀងសៀវភៅកម្មវិធីសិក្សាភាសាខ្មែរសម្រាប់បង្ហាត់បង្រៀនក្នុងសាលា។ ដើម្បីរៀបរៀងសៀវភៅកម្មវិធីសិក្សាភាសាខ្មែរសម្រេចជោគជ័យ លោកគ្រូបានចុះទៅតាមវត្តនានាក្នុងខេត្តដើម្បីស្ទង់មតិ សូមយោបល់ពីសំណាក់ព្រះសង្ឃ អាចារ្យនិងគ្រូបង្រៀនជើងចាស់ ដែលមានបទពិសោធន៍ច្រើនក្នុងការបង្ហាត់ បង្រៀនភាសាខ្មែរ បាលី។ រហូតមកទល់សព្វថ្ងៃ លោកគ្រូធ្លាប់ចូលរួមរៀបរៀងសៀវភៅភាសាខ្មែរចំនួន ១០០ ក្បាល ក្នុងនោះ ថ្នាក់ជាតិ ចំនួន ៥០ ក្បាល។ សព្វថ្ងៃ មានសៀវភៅកម្មវិធីសិក្សាភាសាខ្មែរចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ ត្រូវបានប្រើប្រាស់ក្នុងការបង្ហាត់បង្រៀនតាមសាលាចំណេះទូទៅនៃតំបន់ណាមបូទាំងមូល និងតាមសាលាមធ្យមសិក្សាគរុកោសល្យ គឺសុទ្ធសឹងតែមានវត្តមានរបស់លោកគ្រូធ្វើជាអគ្គនិពន្ធ។ ក្រៅពីនោះ លោកគ្រូនៅទាំងអ្នកនិពន្ធ សមាជិករៀបរៀងសៀវភៅកម្មវិធីសិក្សាភាសាបាលី អក្សរសាស្រ្តខ្មែរ បង្ហាត់បង្រៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ សៀវភៅបម្រើការបង្ហាត់បង្រៀនសម្រាប់គម្រោងបណ្តុះបណ្តាលភាសាខ្មែរជូនកម្មាភិបាល បុគ្គលិក អ្នករដ្ឋការលើភូមិសាស្រ្តខេត្ត។ ជាមួយតួនាទីសមាជិកពិនិត្យវាយតម្លៃ ធ្វើវិវេចនាបធានបទ ឯកសារសិក្សាស្រាវជ្រាវ កម្មវិធីបង្រៀនភាសាខ្មែរ។ ធ្វើសមុច្ច័យ បកប្រែសុភាសិត ពាក្យស្លោក ពាក្យទំនៀម កំណាព្យ ចម្រៀងប្រជាប្រិយ សរុបជាង ១០០០ អត្ថបទ។ លោកគ្រូឡឹមអែស ឱ្យដឹង៖ “សៀវភៅកម្មវិធីសិក្សាដែលខ្ញុំចាប់អារម្មណ៍បំផុត គឺកម្រងសៀវភៅកម្មវិធីបង្រៀនអក្សរខ្មែរនៅសាលាមធ្យមសិក្សាគរុកោសល្យ រួមមាន ៣ ក្បាល បោះពុម្ពនៅឆ្នាំ ២០០០ និង ២០០៣។ ដ្បិតអី នេះជាសៀវភៅសម្រាប់បណ្តុះបណ្តាលគ្រូបង្រៀននៅកម្រិតអនុមហាវិទ្យាល័យនិងមហាវិទ្យាល័យ។ ចំពោះខ្ញុំ អាជីពបង្រៀនគឺជាមុខរបរមួយដ៏ឧត្តម ម្ល៉ោះហើយខ្ញុំនឹងចូលរួមរហូតពេលណាធ្មេចភ្នែកទើបឈប់”។
ជិតមួយឆាកជីវិតចូលរួមបុព្វហេតុអប់រំនិងរួមចំណែកយ៉ាងច្រើនក្នុងការអភិរក្ស អភិវឌ្ឍភាសាវប្បធម៌ជនជាតិខ្មែរ។ ឆ្នាំ ២០០២ លោកគ្រូគឺជាគ្រូបង្រៀនជនជាតិខ្មែរដំបូងបង្អស់នៅតំបន់ណាមបូ បានរដ្ឋប្រទានកិត្តិនាម“គ្រូបង្រៀនប្រជាជន”។ ឆ្នាំនេះ លោកគ្រូឡឹមអែស មានអាយុ ៨៥ ឆ្នាំ គាត់តែងតែធ្វើជាគំរូ បំផុសស្មារតី រៀនសូត្រដល់ស្រទាប់យុវវ័យ បំផុតគឺកូនចៅ ជនរួមជាតិខ្មែរ បន្តជំហាន”បណ្ដុះអក្សរ”តំបន់ដីសុកត្រាំងនិយាយដោយឡែក និងណាមបូ និយាយរួម៕
លីធាន - ថាច់ធី
- ឆ្នាំ ២០០២ គ្រូបង្រៀនប្រជាជនឡឹមអែស បានប្រធានរដ្ឋប្រទានកិត្តិនាម “គ្រូបង្រៀនប្រជាជន”។ - ឆ្នាំ ២០០៨ ប្រធានរដ្ឋប្រទានគ្រឿងឥស្សរិយយសពលកម្មចំណាត់ថ្នាក់លេខ ៣ ពីព្រោះមានស្នាដៃរួមចំណែកក្នុងបុព្វហេតុកសាងលទ្ធិសង្គមនិយមនិងការពារមាតុភូមិ។ - ឆ្នាំ ២០១៧ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលជូនប័ណ្ណសរសើរ ពីព្រោះមានស្នាដៃឆ្នើម រួមចំណែកកសាងផែនមហាសាមគ្គីជនជាតិនិងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនរួមជាតិភាគតិច។ - ឆ្នាំ ២០១៨ ទទួលសញ្ញាសម្គាល់អាយុបក្ស ៣០ ឆ្នាំ។ ព្រមជាមួយនោះ គ្រូបង្រៀនប្រជាជន ឡឹមអែស ក៏ទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង និងប័ណ្ណសរសើរជាច្រើនរបស់មជ្ឈិមសមាគមជំរុញការសិក្សាផងដែរ។ |
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។