ច្រើនឆ្នាំមកនេះ ប្រជាជននៅឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង តែងហៅឈ្មោះភូមិដៃដូនអ៊ុយ ថាភូមិ”គ្រូបង្រៀន”។ ពីព្រោះនៅភូមិនេះ មានកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកប្រកបរបរគ្រូបង្រៀនច្រើនបំផុតក្នុងឃុំ។
ម៉ោងរៀនរបស់សិស្សអនុវិទ្យាល័យភូមី។
ភូមិដៃដូនអ៊ុយ មានជនរួមជាតិខ្មែររស់នៅជាង ៩៨ % ប៉ុន្មានឆ្នាំជិតៗនេះ ជីវភាពរបស់ប្រជាជនកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ពិសេសជនរួមជាតិខ្មែរនៅទីនេះ តែងយកចិត្តទុកដាក់គិតគូរដល់ការរៀនសូត្ររបស់កូនចៅ។ លោកយឿងសុខ លេខាសាខាបក្សភូមិ ឱ្យដឹង៖ “បច្ចុប្បន្ន ក្នុងភូមិមានគ្រូបង្រៀនប្រមាណជាង ១០០ នាក់ បង្រៀននៅតាមសាលាមតេ្តយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅក្នុងនិងក្រៅឃុំ។ មានគ្រួសារមួយចំនួនបានផ្សារភ្ជាប់ជាមួយរបរគ្រូបង្រៀន ៣ ជំនាន់ និងបន្តគិតគូរឱ្យកូនរៀនសូត្របានត្រឹមត្រូវ។ បច្ចុប្បន្ន ភូមិត្រូវបានវាយតម្លៃជាភូមិមានកម្រិតប្រជាបញ្ញាខ្ពស់បំផុតក្នុងឃុំ”។
គ្រួសារលោកគ្រូថាច់សេម បានផ្សារភ្ជាប់ជាមួយរបរគ្រូបង្រៀន ៣ ជំនាន់ គាត់ឱ្យដឹង៖ “កាលពីដើម ប្រាក់ខែគ្រូបង្រៀនគឺអង្ករម្ភៃ សាមសិបគីឡូក្រាម និងប្រាក់ពីរបីរយពាន់ដុងប៉ុណ្ណោះ ប៉ុន្តែខ្ញុំប្តេជ្ញាចិត្តបង្រៀនជានិច្ច។ ពីព្រោះគោលដៅរបស់ខ្ញុំ គឺចង់ឱ្យកូនចៅខ្មែរទាំងអស់នៅតំបន់ជនបទចេះអក្សរ។ បច្ចុប្បន្ន ពេលរដ្ឋមានគោលនយោបាយអនុគ្រោះដល់កូនចៅជនរួមជាតិខ្មែរ និងបានកសាងសាលារៀនសមរម្យ ខ្ញុំកាន់តែលើកទឹកចិត្តកូនចៅ ត្រូវតែខិតខំរៀនសូត្រឱ្យបានចប់ចុងចប់ដើម។ ពីព្រោះ មានតែ”ចំណេះដឹង”ទេ ទើបជីវភាពនិងតំបន់ជនបទមានភាពធូរធារឡើង និងសម្បូរសប្បាយ”។ ផ្តើមពីគំរូដំបូងរបស់លោកគ្រូថាច់សេម បានជំរុញឱ្យចលនារៀនសូត្រនៅតំបន់ជនបទដៃដូនអ៊ុយ កាន់តែរីកសាយភាយ។ លោកគ្រូថាច់ភូសា ឱ្យដឹង៖ “ជាអ្នកមានជីវភាពធូរធារដូចគ្នា ប៉ុន្តែបើដឹងថាយើងជាគ្រូបង្រៀននោះ គឺមាមីងមានការគោរពជាង។ នោះគឺជាកិត្តិយស ពីព្រោះអាជីពជាគ្រូបង្រៀនមានភាពថ្លៃថ្នូរណាស់។ ឥឡូវក្តីរីករាយរបស់ខ្ញុំ គឺមានកូនស្រីបន្តអាជីព កំពុងបង្រៀននៅអនុវិទ្យាល័យភូមី និងកូនប្រុសបញ្ចប់មហាវិទ្យាល័យផ្នែកឱសថសាស្រ្ត ធ្វើការក្នុងក្រុមហ៊ុនឱសថនៅក្រុងកឹងធើ”។
លោកសើុងសារ៉ាញ លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំភូមី ឱ្យដឹង៖ “ភូមិដៃដូនអ៊ុយ មិនត្រឹមតែមានមនុស្សជាច្រើនជ្រើសយករបរគ្រូបង្រៀនទេ នៅទាំងមានកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ជាគ្រូពេទ្យ ឱសថការី វេជ្ជបណ្ឌិតកំពុងបំពេញការងារនៅដំណាក់សុខាភិបាលឃុំ មជ្ឈមណ្ឌលសុខាភិបាលស្រុក និងមន្ទីរពេទ្យនានានៅលើភូមិសាស្រ្តខេត្តទៀតផង។ ច្រើនឆ្នាំមកនេះ ចលនារៀនសូត្ររបស់ភូមិដៃដូនអ៊ុយ បានរីកសាយភាយ ម្ល៉ោះហើយមាមីងខ្មែរកាន់តែយកចិត្តទុកដាក់គិតគូរឱ្យកូនៗរៀនសូត្របានត្រឹមត្រូវពីមួយថ្ងៃទៅមួយថ្ងៃ”៕
លីធាន-វិមាន