ក្រសួងសុខាភិបាល ទើបប្រកាសឱ្យប្រើសារាចរលេខ ៣០/២០២០/TT-BYT ណែនាំវិធានការអនុវត្តនូវមាត្រាមួយចំនួននៃអនុក្រឹត្យលេខ ១៤៦/២០១៨/NĐ-CP ស្តីពីធានារ៉ាប់រងសុខាភិបាល។ សារាចរនេះមានសុពលភាពចាប់ពីថ្ងៃទី ០១ មីនា ឆ្នាំ ២០២១។
ទារកបានផ្តល់លេខកូដបណ្ណធានារ៉ាប់រងសុខាភិបាលបណ្ដោះអាសន្ន ខណៈមិនទាន់មានសំបុត្រកំណើត ដើម្បីពិនិត្យព្យាបាលជំងឺ។ រូប៖ វ៉ាន់ត្រៀង
យោងតាមនោះ នៅត្រង់កថាខណ្ឌ ១ មាត្រា ១០ សារាចរនេះបានកំណត់ទារកបន្ទាប់ពីកើតមកមានសិទ្ធិបានធានារ៉ាប់រងសុខាភិបាល តាមសេចក្តីកំណត់របស់ច្បាប់ស្តីពីធានារ៉ាប់រងសុខាភិបាល ប៉ុន្តែមិនទាន់បានស្ថាប័នធានារ៉ាប់រងសង្គមផ្ដល់ជូនបណ្ណធានារ៉ាប់រងសុខាភិបាល អាស្រ័យមិនទាន់ធ្វើបែបបទសូមផ្ដល់សំបុត្រកំណើត ដូច្នេះមូលដ្ឋានពិនិត្យព្យាបាលជំងឺ ធ្វើការកត់លេខកូដបណ្ណធានារ៉ាប់រងសុខាភិបាលបណ្ដោះអាសន្ន រួមមានខ្លឹមសារដូចខាងក្រោម៖
- លេខកូដមុខសញ្ញា៖ កត់សញ្ញាសម្គាល់គឺ TE
-លេខកូដកម្រិតទទួលផលប្រយោជន៍ពីធានារ៉ាប់រងសុខាភិបាល៖ កត់សញ្ញាសម្គាល់លេខ១។
- លេខកូដខេត្ត ក្រុងចំណុះមជ្ឈិម៖ កត់តាមសេចក្តីកំណត់ នៅត្រង់សេចក្តីសម្រេចលេខ ១២៤/២០០៤/QĐ-TTg កន្លែងដែលម្ដាយឬអាណាព្យាបាលស្របច្បាប់រស់នៅ ឬកន្លែង ដែលមូលដ្ឋានពិនិត្យព្យាបាលជំងឺដាក់ទីតាំង ចំពោះករណីទារកគ្មានអ្នកទទួល ឬត្រូវបោះបង់ចោលនៅតាមមូលដ្ឋាន ពិនិត្យព្យាបាលជំងឺ។
- លេខកូដកំណត់ឈ្មោះសុខាភិបាល៖ កត់តាមសេចក្តីកំណត់ក្នុងសេចក្តីសម្រេចលេខ ២១៥៣/QĐ-BYT ។
ដូច្នេះ ទារកបន្ទាប់ពីកើតមកភ្លាម ទោះជាមិនទាន់មានសំបុត្រកំណើត ក៏បានផ្តល់លេខកូដបណ្ណធានារ៉ាប់រងសុខាភិបាលបណ្ដោះអាសន្នដែរ។
ការកត់ឈ្មោះក្នុងឯកសារកំណត់ហេតុជំងឺដើម្បីពិនិត្យ ព្យាបាល និងសម្រង់ទិន្នន័យអេឡិចត្រូនិកសម្រាប់បម្រើការគ្រប់គ្រងនិងពិនិត្យបញ្ជាក់ ទូទាត់កម្រៃពិនិត្យនិងព្យាបាលជំងឺដោយប្រើធានារ៉ាប់រងសុខាភិបាល ចំពោះទារកដែលមិនទាន់បានដាក់ឈ្មោះ ត្រូវបានអនុវត្តដូចខាងក្រោម៖
- ប្រសិនបើទារកមានម្តាយ ឬឪពុក៖ កត់តាមឈ្មោះម្តាយឬឪពុក។
- ប្រសិនបើទារកគ្មានម្ដាយឬឪពុក ប៉ុន្តែមានអាណាព្យាបាល៖ កត់តាមឈ្មោះអាណាព្យាបាល។
-ប្រសិនបើទារកគ្មានអ្នកទទួល ឬត្រូវបោះបង់ចោលនៅមូលដ្ឋានពិនិត្យ ព្យាបាលជំងឺ៖ កត់ឈ្មោះមូលដ្ឋានពិនិត្យ ព្យាបាលជំងឺ កន្លែងដែលកំពុងព្យាបាលទារក៕
ចឹងហឹង-វិមាន