ការឆ្លងដែនខុសច្បាប់ ជាហានិភ័យមួយក្នុងចំណោមហានិភ័យដែលអាចបណ្តាលឱ្យជំងឺ COVID-១៩ ផ្ទុះរាលដាលសាជាថ្មីនៅវៀតណាម។ ហេតុនេះ យោងតាមសេចក្ដីកំណត់នៃច្បាប់ អ្នកផ្ទុកជំងឺ COVID-១៩ ឆ្លងដែនខុសច្បាប់ត្រូវផ្ដន្ទាទោសដូចម្តេច?
អ្នកផ្ទុកជំងឺ COVID-១៩ ឆ្លងដែនខុសច្បាប់ នឹងត្រូវផ្ដន្ទាទោសដូចម្តេច ?
(រូបថតជានិមិត្តរូប)។
ការឆ្លងដែនខុសច្បាប់ ពេលណាត្រូវពិន័យជាប់ពន្ធនាគារ ?
ត្រង់ចំណុច a កថាខ័ណ្ឌទី៣ មាត្រា១៧ អនុក្រឹត្យលេខ ១៦៧/២០១៣/NĐ-CP បានកំណត់៖ ពិន័យជាទឹកប្រាក់ ពី ៣.០០០.០០០ដុងដល់ ៥.០០០.០០០ដុង ចំពោះករណីមួយចំនួនដូចជា៖ “ឆ្លងដែនចេញចូលប្រទេសតែមិនធ្វើបែបបទតាមច្បាប់កំណត់។ល។”។ ក្រៅពីនោះ ករណីជនបរទេសឆ្លងដែនចូលមកខុសច្បាប់ យោងទៅតាមកម្រិតបទល្មើស អាចនឹងត្រូវពិន័យដោយបណ្ដេញចេញពីប្រទេសវៀតណាម (តាមកថាខ័ណ្ឌទី៩ មាត្រា១៧ អនុក្រឹត្យ១៦៧)។
ឯមាត្រា ៣៤៧ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០១៥ បានចែង ជនណាឆ្លងដែនខុសច្បាប់ ហើយរងពិន័យរដ្ឋបាលពីទង្វើនេះ រួចនៅតែប្រព្រឹត្តល្មើស គឺប្រព្រឹត្តបទល្មើសសេចក្ដីកំណត់ស្ដីពីការឆ្លងដែន។ យោងតាមនោះ កម្រិតពិន័យចំពោះទោសនេះ ពិន័យជាទឹកប្រាក់ចាប់ពី ៥ លានដុងដល់ ៥០ លានដុង ឬពិន័យជាប់ពន្ធនាគារចាប់ពី ៦ ខែដល់ ៣ ឆ្នាំ។
ការគេចវេះធ្វើចត្តាឡីស័ក ខណៈពេលឆ្លងដែនចូលមកនឹងរងពិន័យជាប់ពន្ធនាគារដល់ទៅ ១២ ឆ្នាំ
យោងតាមសេចក្ដីណែនាំបណ្ដោះអាសន្ន ស្ដីពីការត្រួតពិនិត្យអ្នកឆ្លងដែនចូលប្រទេសវៀតណាម ប្រកាសឱ្យប្រើអមដោយសារលិខិតលេខ ៤៩៩៥/BYT-DP ទោះជាករណីណាក៏ដោយដែលឆ្លងដែនចូលប្រទេសវៀតណាម គឺត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។
ទន្ទឹមនឹងនោះ យោងតាមសេចក្ដីសម្រេចលេខ ២១៩/QĐ-BYT ជំងឺ COVID-១៩ ត្រូវបានរាប់ចូលជាជំងឺឆ្លងរាលដាលក្រុម A ។ ក្នុងនោះ កម្រិតពិន័យចំពោះការប្រព្រឹត្តបំពានសេចក្ដីកំណត់ស្ដីពីការធ្វើចត្តាឡីស័កសុខាភិបាល ចាប់បង្ខំធ្វើចត្តាឡីស័កសុខាភិបាលនៅត្រង់កថាខ័ណ្ឌទី ២ មាត្រា ១១ អនុក្រឹត្យលេខ ១១៧/២០២០ /NĐ-CP ត្រូវបានកំណត់ ដូចខាងក្រោម៖ “ពិន័យជាទឹកប្រាក់ពី ១៥.០០០.០០០ដុង ដល់ ២០.០០០.០០០ដុង ចំពោះទង្វើមួយចំនួនដូចជា៖
a) មិនចាត់តាំងធ្វើចត្តាឡីស័ក ចំពោះអ្នកដែលមានជំងឺឆ្លងរាលដាលក្នុងក្រុម A;
b) បដិសេធន៍ ឬគេចវេះអនុវត្តសេចក្ដីសម្រេចធ្វើចត្តាឡីស័កសុខាភិបាល ការបង្ខំធ្វើចត្តាឡីស័កសុខាភិបាលរបស់ស្ថាប័នរដ្ឋ ចំពោះអ្នកកើតជំងឺឆ្លងរាលដាលក្នុងក្រុមA មុខសញ្ញាត្រូវត្រួតពិនិត្យសុខាភិបាលព្រំដែនកើតជំងឺឆ្លងរាលដាលក្នុងក្រុមA ឬខណៈពេលស្ថាប័នរដ្ឋសំណូមពរ។ល។”។
យោងតាមកថាខ័ណ្ឌទី១ សារលិខិតលេខ៤៥/TANDTC-PC ការគេចវេះអនុវត្តវិធានការធ្វើចត្តាឡីស័ក ត្រូវបានចាត់ទុកជាករណីអនុវត្ត “ទង្វើឯទៀតធ្វើឱ្យឆ្លងរាលដាលជំងឺគ្រោះថ្នាក់ដល់មនុស្ស” បានកំណត់ត្រង់ចំណុច c កថាខ័ណ្ឌទី ១ មាត្រា ២៤០ នៃក្រមព្រហ្មទណ្ឌ ស្ដីពីបទល្មើសធ្វើឱ្យឆ្លងរាលដាលជំងឺឆ្លងដល់មនុស្ស។ ជាក់ស្ដែងកម្រិតពិន័យចំពោះ អ្នកមិនព្រមធ្វើចត្តាឡីស័ក បណ្ដាលឱ្យជំងឺឆ្លងរាលដាល យោងតាមសេចក្ដីកំណត់នៃមាត្រា ២៤០ គឺពិន័យជាទឹកប្រាក់ ពី ៥០ លានដុងដល់ ២០០ លានដុង ឬរងពិន័យជាប់ពន្ធនាគារ ពី ១ ឆ្នាំដល់ ៥ ឆ្នាំ។ ក្រៅពីនោះ ផ្អែកលើផលវិបាកនៃទង្វើគេចវេះធ្វើចត្តាឡីស័ក អ្នកប្រព្រឹត្តបទល្មើសនឹងរងពិន័យជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ ខណៈពេលបណ្តាលឱ្យត្រូវប្រកាសពីជំងឺឆ្លងរាលដាលឋិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការប្រជាជនខេត្ត ឬរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឬបណ្តាលឱ្យមនុស្សស្លាប់ម្នាក់។
ចំពោះករណីបណ្តាលឱ្យត្រូវប្រកាសពីជំងឺឆ្លងរាលដាល ឋិតក្នុងដែនសមត្ថកិច្ចរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ឬធ្វើឱ្យមនុស្សស្លាប់ពី ២ នាក់ឡើងទៅ គឺរងពិន័យជាប់ពន្ធនាគារពី ១០ ឆ្នាំដល់ ១២ ឆ្នាំ។
កម្រិតពិន័យបំពេញបន្ថែមនៃទោសនេះ គឺពិន័យជាទឹកប្រាក់ពី ២០ លានដុង ដល់ ១០០ លានដុង ហាមទទួលបន្ទុកមុខនាទី ហាមប្រកបមុខរបរវិជ្ជាជីវៈ ឬហាមប្រកបការងារអ្វីមួយ ចាប់ពី ១ ឆ្នាំដល់ ៥ ឆ្នាំ។
កំណត់ចំណាំ៖ ប្រសិនបើរងពិន័យព្រហ្មទណ្ឌ ស្ថាប័នមានសមត្ថកិច្ចដាក់ពាក្យបណ្ដឹងគឺតុលាការនឹងអនុលោមតាមសេចក្ដីកំណត់នៃច្បាប់ ដើម្បីដាក់ពិន័យទោសឱ្យសមស្រប។
ករណីអ្នកផ្ទុកជំងឺ COVID-១៩ ឆ្លងដែនខុសច្បាប់នឹងរង ពិន័យទោសទាំង ២ យ៉ាងគឺ៖ ទោសនៃការប្រព្រឹត្តល្មើសសេចក្ដីកំណត់ស្ដីពីការឆ្លងដែន និងទោសធ្វើឱ្យឆ្លងរាលដាលជំងឺ គ្រោះថ្នាក់ដល់មនុស្ស គឺកម្រិតពិន័យរួមត្រូវអនុវត្តចំពោះការជាប់ពន្ធនាគារមានពេលកំណត់ គឺមិនលើសពី ៣០ ឆ្នាំ (យោងតាមមាត្រា ៥៥ នៃក្រមព្រហ្មទណ្ឌ)៕
យោងតាម luatvietnam.vn -ប្រែសម្រួល៖ ថាច់ធី