ដើម្បីអភិរក្សភាសានិងអក្សរសាស្រ្តខ្មែរ នៅតាមវត្តខ្មែរតែងបើកថ្នាក់បង្រៀនអក្សរខ្មែរ បាលី និងធម្មវិន័យដល់ព្រះសង្ឃ និងកូនចៅជនរួមជាតិខ្មែរ។
ថ្នាក់បង្រៀនភាសាបាលីនៅវត្តស្រឡូង ខេត្តសុកត្រាំង។
ប៉ុន្មានឆ្នាំមកនេះ វត្តគម្ភីរសាគរព្រែកជ្រៅ ក្រុងបាកលីវ ខេត្តបាកលីវ គឺជាថ្នាលបណ្តុះបណ្តាលអក្សរខ្មែរ បាលី និងធម្មវិន័យដល់ព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរ។ ព្រះតេជព្រះគុណ យឿងវឹង ព្រះចៅអធិការវត្តគម្ភីរសាគរ មានថេរដីកា៖ “ឆ្នាំនេះ ដោយសារជះឥទ្ធិពលនៃជំងឺ Covid–១៩ ដូច្នេះ វត្តគ្រាន់តែបើកថ្នាក់ធម្មវិន័យ; ក្នុងនោះ ក៏មានបង្រៀនវេយ្យាករណ៍បាលីខ្លះដែរ។ ទន្ទឹមនឹងនោះ វត្តក៏បើកបង្រៀនអក្សរខ្មែរចំនួន ២ ថ្នាក់ សម្រាប់ព្រះសង្ឃដែលទើបបួសថ្មី បម្រុងចូលរៀនធម្មវិន័យ ។ល។ វត្តមានគំនិតបណ្តុះបណ្តាលកូនចៅខ្មែរ ឱ្យចេះអភិរក្សអក្សរសាស្រ្តជាតិរបស់ខ្លួន។ គ្រូបង្រៀនភាគច្រើនគឺជាព្រះសង្ឃដែលបួសរៀនយូរឆ្នាំ និងគ្រូឧទ្ទេសាចារ្យដែលមានបទពិសោធន៍ច្រើន”។ បច្ចុប្បន្ន វត្តគម្ភីរសាគរព្រែកជ្រៅ មានព្រះសង្ឃជាង ៦០ អង្គ ប៉ុន្តែសមណសិស្សតែងមានស្មារតីភ្ញាក់រលឹកក្នុងការរៀនសូត្រនិងគោរពប្រតិបត្តិតាមធម៌វិន័យ។ សមណសិស្សថាច់សុខលីដា មានថេរដីកា៖ “សិក្សានៅវត្តគម្ភីរសាគរព្រែកជ្រៅ បានព្រះចៅអធិការវត្តយកព្រះទ័យទុកដាក់និងគិតគូរតាំងពីកន្លែងស្នាក់នៅ ឆាន់ ចុក និងរៀនសូត្រយ៉ាងល្អប្រសើរ។ ចូលមកបួស ទើបអាត្មាភាពមានឱកាសបានរៀនអក្សរខ្មែរ បាលី និងធម្មវិន័យ ដើម្បីលត់ដំសីលធម៌ ចរិយាសម្បត្តិនិងវិជ្ជាសម្បត្តិ សក្តិសមជាឧត្តមភេទដែលពុទ្ធបរិស័ទតែងគោរពរាប់អាន”។
មិនខុសពីវត្តគម្ភីរសាគរព្រែកជ្រៅនោះទេ វត្តសិរីសុខុមសង្គមមានជ័យស្រឡូង ខេត្តសុកត្រាំង តែងបើកថ្នាក់បង្រៀនបាលីពីថ្នាក់ទី ១-៣ ផងដែរ រៀងរាល់ឆ្នាំវត្តមានសមណសិស្សមកសិក្សាជាង ១០០ អង្គ។ វត្តក៏បានអញ្ជើញអាចារ្យបង្រៀន និងកម្មាភិបាល គ្រូបង្រៀនចូលមកបង្ហាត់បង្រៀនថ្នាក់ទាំងនេះ។ លោកគ្រូហ្វិញថាញ់តែវ បង្រៀនភាសាបាលីក្នុងវត្តជាង ២២ ឆ្នាំ ឱ្យដឹង៖ “ខ្ញុំរៀនសូត្របានចេះដឹងដូចសព្វថ្ងៃ គឺអាស្រ័យបានបួសរៀននៅក្នុងវត្ត ម្ល៉ោះហើយចូលមកបង្រៀនក្នុងវត្ត ក៏ជាការតបស្នងគុណដល់វត្តអារាមផងដែរ។ ការបង្រៀនគ្មានប្រាក់បៀវត្សរ៍ទេ ប៉ុន្តែខ្ញុំមានមោទនភាពនិងកិត្តិយសខ្លាំងណាស់ពេលបានចូលបង្រៀនព្រះសង្ឃក្នុងវត្ត។ ពីព្រោះមានតែក្នុងវត្តទេដែលបង្រៀនភាសាបាលី រីឯភាសាខ្មែរអាចនឹងរៀននៅតាមសាលាឯទៀតបាន។ នោះហើយដែលជំរុញឱ្យខ្ញុំផ្សារភ្ជាប់ជាមួយវត្តអារាមក្នុងរយៈពេលច្រើនឆ្នាំមកនេះ។ ម្យ៉ាងទៀត ព្រះសង្ឃគ្រប់អង្គរៀនសូត្រក្នុងវត្ត ក្រោយពីប្រឡងយកសញ្ញាបត្របាលីរង អាចនឹងបន្តសិក្សានៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ដើម្បីបង្កើនចំណេះដឹងទៀតផង”៕
យ្វីអាញ់-លីសៀ