កើ-ដជាស្រុកមានជនរួមជាតិខ្មែររស់នៅកុះកររបស់ក្រុងកឹងធើ ម៉្លោះហើយបានទទួលផលជាច្រើនពីគោលនយោបាយពិសេសដោយឡែករបស់រដ្ឋសម្រាប់ជនជាតិភាគតិច។ ព្រមជាមួយនឹងការអភិវឌ្ឍរួម ការអប់រំតំបន់ជនជាតិនៅស្រុកកើ-ដ ក៏បានវិនិយោគនិងលើកកម្ពស់គុណភាពឥតឈប់ឈរផងដែរ។
សាលាបឋមសិក្សាថើយស្វឹង១ បានកសាងថ្មី។
លោកស្រីង្វៀនធីប៊ិចឡេវ លេខាគណៈកម្មាធិការបក្សឃុំថើយស្វឹង ស្រុកកើ-ដ ឱ្យដឹង៖ “បន្ទាប់ពីសាលាបឋមសិក្សាថើយស្វឹង១បានកសាងថ្មី គណៈកម្មាធិការប្រជាជនឃុំ សហការជាមួយនឹងការិយាល័យអប់រំស្រុក ធ្វើសំណុំបែបបទដើម្បីទទួលស្គាល់សាលាសម្រេចបទដ្ឋានជាតិ។ ដើម្បីធ្វើបានប្រការនេះ ក្រុមប្រឹក្សាគរុកោសល្យរបស់សាលា មានការត្រៀមលក្ខណ:ជាមុន ដូច៖ បង្កើនវិជ្ជាជីវ:គ្រូបង្រៀន បង្កើនការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន។ល។ ដើម្បីលើកកម្ពស់គុណភាពអប់រំ ឆ្លើយតបលក្ខឋានសាលាសម្រេចបទដ្ឋានជាតិ”។ ក្នុងគម្រោងប្លង់អភិវឌ្ឍរួម ឃុំថើយស្វឹង បានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍប្រព័ន្ធសាលារៀននៅភូមិចំនួន២ ដែលមានជនជាតិភាគតិចរស់នៅកុះករ គឺថើយស្វឹង១ និងថើយស្វឹង២។ លោកឡេក្វឹកវៀត ប្រធានគណៈកម្មាធិការប្រជាជនឃុំថើយស្វឹង ឱ្យដឹងបន្ថែម៖ ក្រៅពីសាលាបឋមសិក្សាថើយស្វឹង នៅភូមិថើយត្រឿង ២ ផ្នែកអប់រំទើបដាក់ឱ្យប្រើប្រាស់មណ្ឌលសាលាថើយត្រឿង ១ នៃសាលាមតេ្តយ្យថើយស្វឹង។ ពេលសាលាបឋមសិក្សាថើយស្វឹង ១ បានទទួលស្គាល់សម្រេចបទដ្ឋានជាតិ ឃុំនឹងមានសាលាសម្រេចបទដ្ឋានជាតិចំនួន៣/៤ ។ តាមផែនការ ដល់ឆ្នាំ២០២១ សាលាបឋមសិក្សាថើយស្វឹង២ នឹងសម្រេចបទដ្ឋានជាតិ ហើយឃុំថើយស្វឹងនឹងមានសាលាសម្រេចបទដ្ឋានជាតិ១០០%។ លោកគ្រូឌោដាកក្វាង នាយកសាលាបឋមសិក្សាថើយស្វឹង១ ឱ្យដឹង៖ “ជាមួយនឹងមូលដ្ឋានសម្ភារៈថ្មីនេះ សាលាគ្រប់លក្ខណៈដើម្បីបង្រៀន២ពេលក្នុងមួយថ្ងៃ និងបង្កើនម៉ោងបង្រៀនអក្សរខ្មែរដល់សិស្សជនជាតិខ្មែរពេលឈានចូលឆ្នាំសិក្សាថ្មីនេះ”។
តាមប្រសាសន៍លោកហ្វិញវ៉ាន់ហ្វាច់ ប្រធានការិយាល័យអប់រំនិងបណ្ដុះបណ្ដាលស្រុកកើ-ដ សាលារៀនស្ទើរតែទាំងអស់នៅលើភូមិសាស្រ្ត ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូច៖ ថើយស្វឹង ថើយដុង ដុងថាំង ទីប្រជុំជនកើ-ដ។ល។ ត្រូវបានកសាងយ៉ាងរឹងមាំនិងសម្រេចបទដ្ឋានជាតិ។ នៅឃុំដុងថាំង អនុវិទ្យាល័យដុងថាំង ក៏បានជំរុញល្បឿនដំណើរការកសាង ដើម្បីដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំសិក្សាថ្មី ២០២០-២០២១ នេះ។ ក្រៅពីមូលដ្ឋានសម្ភារៈ ផ្នែកអប់រំក៏សំណូមពរដល់សាលានានា ត្រួតពិនិត្យឡើងវិញនូវបញ្ជីរាយនាមសិស្សជនជាតិខ្មែរដែលមានស្ថានភាពលំបាក ដើម្បីចលនាសប្បុរសជនឧបត្ថម្ភសិក្ខូបករណ៍ សម្លៀកបំពាក់កង់និងអាហារូបករណ៍ជាដើមដល់ប្អូនៗ”៕
ហាថាញ់-វិមាន