លោកលីហ្វាងង៉ឹង អនុប្រធានការិយាល័យវប្បធម៌ កីឡានិងទេសចរណ៍ ស្រុកត្រឹងដេ ខេត្តសុកត្រាំង ឱ្យដឹង៖ “ក្នុងស្រុកត្រឹងដេ សព្វថ្ងៃ នៅតែលោកតាលីសេមម្នាក់ប៉ុណ្ណោះ នៅភូមិយ៉ុងចាក (ព្រែកចាក) ឃុំលីវទូ ដែលចេះចម្រៀងចាប៉ីដងវែង ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ។ ថ្វីត្បិតមានវ័យ៨៧ឆ្នាំក្ដី ប៉ុន្តែ សំនៀងរបស់លោកតានៅច្បាស់ និងដេញចាប៉ីពីរោះណាស់។ នៅមហោស្រពចម្រៀងប្រជាប្រិយវៀតណាម ថ្នាក់តំបន់ និងទូទាំងប្រទេស ឆ្នាំ ២០១៣ លោកតាលីសេម ទទួលបានរង្វាន់ឆ្នើមជាមួយនឹងលំនាំបទ “ច្រៀងបំពេ” ក្នុងវ័យ៨០ឆ្នាំ។ រហូតមកទល់សព្វថ្ងៃ លោកតាលីសេម នៅតែបន្តសម្រេចបានស្នាដៃជាច្រើនក្នុងពិធីប្រឡងសមោសរសិល្បៈថ្នាក់ខេត្តនិងថ្នាក់តំបន់”។
សិល្បករលីសេម ច្រៀងចាប៉ីដងវែងនៅមហោស្រពចម្រៀងប្រជាប្រិយខ្មែរតំបន់វាលរាប
ទន្លេគឺវឡុងលើកទី ១ - ២០១៨ នៅខេត្តសុកត្រាំង។
សិប្បករលីសេម (ឈរទី២រាប់ពីឆ្វេង) ទទួលរង្វាន់លើកទឹកចិត្តនៅមហោស្រពចម្រៀងប្រជាប្រិយខ្មែរតំបន់វាលរាបទន្លេគឺវឡុងលើកទី១ - ២០១៨ នៅខេត្តសុកត្រាំង។
រាល់ថ្ងៃនៅពេលរសៀល លោកតាលីសេម ក៏ចាប់ចាប៉ីអង្គុយក្រោមម្លប់ពោធិ៍ ច្រៀងរៀបរាប់ពីភាពរីកចម្រើននៃភូមិស្រុក។ សម្លឹងទៅចាប៉ី សិល្បករ លីសេម ឱ្យដឹង៖ “ខ្ញុំជាអ្នកជំនាន់ទី ៣ ក្នុងវង្សត្រកូល បានថែរក្សាចាប៉ីដងវែងនេះ។ ចាប៉ីធ្វើពីឈើប្រណីត ម្ល៉ោះហើយដេញឮសម្លេងយ៉ាងពីរោះ ពេលចាប់ចាប៉ីឡើងសម្លឹងទេសភាពជុំវិញ ទិដ្ឋភាពស្រស់ស្អាតនៃជនបទ ទិដ្ឋភាពកុមារស្ពាយសំពៀតទៅកាន់សាលាជាដើម ខ្ញុំក៏ច្រៀងតែម្ដង។ ច្រៀងរួច អារម្មណ៍ខ្ញុំរីករាយ ការហត់នឿយទាំងអំបាលម៉ាន ហាក់ដូចបានរសាយអស់។ រយៈពេលប៉ុន្មានឆ្នាំមកនេះ ចាប៉ីដងវែងប្រៀបបានដូចជាមុខថ្នាំបំប៉នស្មារតី ជាមិត្តនាំមកនូវភាពរីករាយ សុភមង្គលនៅវ័យចំណាស់ ជួយឱ្យខ្ញុំរស់នៅមាំមួនដល់សព្វថ្ងៃ”។
តាមប្រសាសន៍សិល្បករលីសេម គាត់បានរៀនចម្រៀងចាប៉ីពីលោកឪពុករបស់គាត់ និងបានរៀនឧបករណ៍ភ្លេងប្រពៃណី ភ្លេងពិណពាទ្យតាំងពីអាយុ ១៦ ឆ្នាំ។ ហេតុតែជាអ្នកចូលចិត្តភ្លេង ម្ល៉ោះហើយពេលបានឪពុកបង្ហាត់ គាត់ក៏ក្លាយជាយុវជនលេងភ្លេងដ៏ចំណានម្នាក់នៅភូមិយ៉ុងចាក។ ផុតពីឪពុក គាត់ក៏ស្នងបន្តកេរឪពុក ថែរក្សាចម្រៀងចាប៉ីដងវែងរហូតដល់សព្វថ្ងៃ។ លោកតាលីសេម ចែករំលែក៖ “ការលំបាកនៃការច្រៀងចាប៉ី គឺច្រៀងមុន ដេញចាប៉ីតាមក្រោយ និងផ្ទុយមកវិញ ជាពិសេស អ្នកច្រៀងប្រើកំណាព្យកាព្យឃ្លោងដោយឥតព្រាងទុក គឺច្រៀងតាមខ្លឹមសារនៃការចំណាប់អារម្មណ៍។ អ្នកច្រៀងប្រើសំនួនវោហារសមស្របទៅនឹងអត្ថន័យ ម្ល៉ោះហើយអ្នកច្រៀងចាំបាច់ត្រូវចេះអក្សរ យល់ដឹងពីសង្គមឱ្យបានទូលំទូលាយ។ល។ ផ្ដើមពីភាពលំបាកដូច្នោះ មានយុវជនខ្មែរជាច្រើនមិនសូវយកចិត្តទុកដាក់ដល់ចម្រៀងចាប៉ី ម្ល៉ោះហើយតទៅមុខមានហានិភ័យសាបរលាបទៅ”។
ដើម្បីរក្សាព្រលឹងចម្រៀងចាប៉ីដងវែងពីជំនាន់មួយទៅជំនាន់មួយ រៀងរាល់ថ្ងៃសិល្បករលីសេម តែងចំណាយពេលបង្ហាត់ដល់កូនចៅក្នុងវង្សត្រកូល។ លោកលីសម្បត្តិ កូនប្រុសរបស់លោកតាលីសេម ឱ្យដឹង៖ “ ចម្រៀងចាប៉ីពិតជាពិបាកច្រៀង ពិបាកដេញ ដ្បិតចាប៉ីដងវែងមានខ្សែតែពីរ ខ្ញុំរៀនពីឪពុករយៈពេលច្រើនឆ្នាំមក ប៉ុន្តែមិនអាចច្រៀងនិងដេញពីរោះដូចគាត់។ ទោះជាយ៉ាងនេះ តែខ្ញុំនៅតែប្ដេជ្ញារៀនឱ្យទាល់តែចេះ ដើម្បីចម្រៀងចាប៉ីបានបន្តថែរក្សាពីជំនាន់មួយទៅជំនាន់មួយក្នុងវង្សត្រកូល”៕
យ្វីអាញ់ - ថាច់ធី