08/06/2020 - 14:14

ចិញ្ចឹម​កូន​រៀន​សូត្រ​ដើម្បី​មាន​អនា​គតល្អ​

ភូមិ​កៃ​យ៉ា ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ ខេត្ត​បាក​លីវ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​១០០%។​ មាមីង​ខ្មែរ​មិន​ត្រឹម​តែខិត​ខំ​ប្រឹង​ប្រែង​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​គិត​គូរ​ចិញ្ចឹម​កូន​រៀន​សូត្រ​ទៀត​ផង​។​ តួយ៉ាង​ដូច​ប​ងស្រី​ថាច់​ធីពឿង ជាកសិករ​ម្នាក់មិន​ចេះ​អក្សរ​ តែខិត​ខំ​ពលកម្ម​ដើម្បី​ចិញ្ចឹម​កូន​ពីរនា​ក់រៀន​សូត្រ​ចប់​មហា​វិទ្យា​ល័យ​ មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​

បង​ស្រី​ថា​ច់​ធីពឿង សប្បាយ​ចិត្ត​ពេល​សម្លឹង​ប័ណ្ណ​សរ​សើរ​ដែល​កូន​ៗ​
សម្រេច​បាន​ក្នុង​ការ​ងារ​។​

កើតនិង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​ក​សិករ​ ក្រោយពី​រៀប​ការ​ ប្តី​ប្រ​ពន្ធ​បង​ស្រី​ពឿង ដឹង​តែពី​ការ​ធ្វើ​ស្រែ​ចម្ការ​ប៉ុណ្ណោះ​។​ ហេតុ​នោះ​ ប្តី​ប្រពន្ធ​បង​មាន​ប្រាថ្នា​ ពេល​កូន​ៗ​ធំ​ឡើង​នឹង​គិត​គូរ​ឱ្យ​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​។​ បង​ស្រី​ពឿង ឱ្យដឹង​៖ “ជីវិតខ្ញុំ​ធ្វើ​ស្រែ​ចម្ការ​ ហាល​ក្តៅ​ ហាល​ភ្លៀង​ លំ​បាក​នឿយ​ហត់​ តែពុំ​ឃើញ​មាន​បាន​ជាង​អ្នក​ណា​។​ ឃើញ​អ្នក​មាន​ចំ​ណេះ​ដឹង​ ទៅ​ធ្វើ​ការ​នៅ​ស្ថាប័ន​រដ្ឋ​ ស្លៀក​ពាក់​សមរម្យ​ ទោះ​បីលំ​បាក​នឿយ​ហត់​ក៏​ធ្វើ​ការ​នៅ​កន្លែង​ត្រជាក់​ ម៉្លោះ​ហើយ​ខ្ញុំ​ចង់​ឱ្យ​កូន​ៗ​រៀន​មហា​វិទ្យា​ល័យ​។​ ខ្ញុំ​គិត​ថា​ មាន​តែ​ការ​រៀន​សូត្រ​ទេ​ ទើប​មាន​តម្រិះ​វិជ្ជា​ហើយ​អនា​គតមិន​លំ​បាក​ដូច​ឪ​ពុក​ម្តាយ​”។​ ផ្តើម​ពី​ការ​រិះ​គិត​ដូច្នោះ​ ពេល​កូន​ៗ​ធំ​ឡើង​ បង​ស្រី​តែង​បង្ក​លក្ខណៈ​ដើម្បី​កូន​ៗ​បាន​រៀន​សូត្រ​។​ ជារៀង​រាល់​ថ្ងៃ​  ប្តី​ប្រ​ពន្ធ​បង​ស៊ូ​ទ្រាំ​លំ​បាក​នឹង​ការ​ងារ​ស្រែ​ ចម្ការ​ ចិញ្ចឹម​សត្វ​ ដើម្បី​សន្សំ​ប្រាក់​ចិញ្ចឹម​កូន​រៀន​សូត្រ​។​ បន្ទាប់​ពី​កិច្ច​ការ​ពល​កម្ម​រួច​រាល់​ បង​ស្រី​នៅ​ទាំង​ឆ្លៀត​ពេល​ណែ​នាំ​លើក​ទឹក​ចិត្ត​កូន​ៗ​ឱ្យ​ខិត​ខំ​រៀន​សូត្រ​ ដោយ​លើ​ក​យក​គំ​រូ​អ្នក​រៀនសូត្រ​ មាន​តម្រិះ​វិជ្ជា​ខ្ពស់​ក្នុង​ភូមិ​មក​បង្ហាញ មាន​តែ​ការ​រៀន​សូត្រ​ ទើប​ចាក​ផុត​ពី​ស្ថាន​ភាព​”ហាល​ភ្លៀង​ ហាល​ក្តៅ​”។​ ពិសេស​ ដល់​រដូវ​វិស្សម​កាល​ បង​ស្រី​តែង​ហៅ​កូន​ៗ​ទៅ​ធ្វើ​ស្រែ​ចម្ការ​ ដើម្បី​កូន​ៗ​បាន​យល់​ពី​ភាព​លំ​បាក​នឿយ​ហត់​របស់​កសិករ​។​ ផ្តើម​ពី​នោះ​ ដើម្បី​កូន​ៗ​មាន​ស្មារ​តី​ភ្ញាក់​រលឹក​ក្នុង​ការ​រៀន​សូត្រ​។​

ដោយ​ជ្រាប​ច្បាស់​ពី​ការ​នឿយ​ហត់​របស់​ឱពុក​ម្តាយ​ និង​មាន​ស្មារ​តី​ភ្ញាក់​រលឹក​ក្នុង​ការ​រៀន​សូត្រ​ ទើប​កូន​ៗ​របស់​គាត់​ប្រឹង​ប្រែង​រៀន​សូត្រ​ ក្លាយ​ជាសិស្ស​ពូកែ​។​ បច្ចុប្បន្ន​ កូន​ប្រុស​ច្បង​ ឡឹម​ថាញថាវ ចប់​មហា​វិទ្យា​ល័យ​ផ្នែក​ជលផល​ ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ផលិតចំ​ណី​សត្វ​ និង​មាន​បើក​រោងភ្ញាស់​ពូជ​ត្រី​នៅ​នឹង​ផ្ទះ​ ដើម្បី​ផ្គត់​ផ្គង់​ពូជ​ឱ្យ​ប្រ​ជា​ជន​ក្នុង​ខេត្ត​ កូន​ស្រី​ពៅ​ ឡឹម​វីណី ចប់​មហា​វិទ្យា​ល័យ​ផ្នែក​បច្ចេក​វិជ្ជា​ព័ត៌​មាន​ បច្ចុប្បន្ន​ កំ​ពុង​ធ្វើ​ការនៅ​ក្រុង​ហូជីមិញ​។​

លោក​សើុង​ប៊ី លេខា​សាខា​បក្ស​ភូមិ​កៃ​យ៉ា ឱ្យ​ដឹង​៖ “គ្រួ​សារ​បង​ស្រី​ថាច់​ធីពឿង គឺជា​គ្រួ​សារ​គំ​រូ​ក្នុង​ការ​ពង្រីក​សេដ្ឋ​កិច្ច​និង​ចិញ្ចឹម​កូន​រៀន​សូត្រ​។​ ក្នុង​គ្រួ​សារ​ បង​ស្រី​ពឿង​អប់​រំកូន​ៗ​ឱ្យ​លុះ​ក្នុង​ដំ​បូន្មាន សុភា​ព​រាបសា ចេះ​គួរ​សម​នឹង​អ្នក​ទាំងឡាយ​។​ ពេល​ជីវ​ភាព​ធូរ​ធារ​ បង​ស្រី​ពឿង តែង​ជួយ​ឧបត្ថម្ភ​អ្នក​ក្រនិង​ខ្នះ​ខ្នែង​ចូល​រួម​រាល់​ការ​ចលនា​នៅ​ភូមិ​ភាគ​។​ ព្រោះ​ហេតុ​នោះ​ មាមីង​ខ្មែរ​ក្នុងភូមិ​ អ្នក​ណា​ក៏​ស្ងើច​សរ​សើរ​និង​តែង​លើ​ក​យក​គ្រួ​សារ​បង​ស្រី​ពឿង ជាគំ​រូ​ក្នុង​ការ​អប់​រំកូន​ចៅ​”៕​

យ្វីអា​ញ់-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​សើុង​ប៊ី