ការថែទាំសុខភាព កម្មវិធីសុខាភិបាលជាតិនៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករលើភូមិសាស្រ្តស្រុកថើយឡាយ ក្រុងកឹងធើ តែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់។ ផ្តើមពីនោះ ស្មារតីក្នុងការរក្សាអនាម័យការពារបរិស្ថាន ថែទាំសុខភាពក្នុងជនរួមជាតិកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រជាជនមានស្មារតីភ្ញាក់រលឹកពាក់ម៉ាស់ដោយខ្លួនឯង។
បងស្រីថាច់ធីហុង នៅឃុំដុងប៊ិញ កំពុងថែទាំគ្រួសារនៅមជ្ឈមណ្ឌលសុខាភិបាលស្រុកថើយឡាយ ឱ្យដឹង៖ “តាំងពីមានជំងឺCovid-១៩ ប៉ុន្មានថ្ងៃដំបូងខ្ញុំពាក់ម៉ាស់ ប៉ុន្តែឃើញអ្នកថែទាំជំងឺជាច្រើននៅទីនេះមិនពាក់ម៉ាស់ ហេតុនោះឃើញតែយើងខុសពីគេ។ ក្រោយមកបានស្តាប់កម្មាភិបាលពេទ្យក្រើនរំលឹក ជូនដំណឹងអំពីជំងឺរាលដាលជារៀងរាល់ថ្ងៃ រួចមាមីងបានជូនដំណឹងតៗគ្នា ម្ល៉ោះហើយឥឡូវនេះអ្នកដែលនៅក្នុងបន្ទប់អ្នកជំងឺ បានពាក់ម៉ាស់ទាំងអស់គ្នា។ បើឃើញអ្នកណាភ្លេចពាក់ម៉ាស់ គឺមានអ្នកផ្សេងក្រើនរំលឹកភ្លាម។ យើងត្រូវចេះការពារខ្លួនយើងទើបបាន”។
តាមប្រសាសន៍លោកថាច់តាម ប្រធានការិយាល័យជនជាតិស្រុកថើយឡាយ ៖ ស្មារតីរបស់ប្រជាជននិយាយរួម និងជនរួមជាតិភាគតិចលើភូមិសាស្រ្តស្រុកថើយឡាយនិយាយដោយឡែក អំពីសុខភាពបានលើកកម្ពស់ជាងមុនច្រើន។ នេះគឺជាសមិទ្ធផលនៃដំណាក់កាលកសាង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករលើភូមិសាស្រ្ត។ ក្រៅពីវិនិយោគមូលដ្ឋានសម្ភារៈ ឧបករណ៍ពេទ្យ ផ្នែកសុខាភិបាលក៏បានសហការជាមួយនឹងភូមិភាគកសាងកងជួរកម្មាភិបាលពេទ្យ និងកងជួរសហការីមានកម្រិតវិជ្ជា និងអស់ពីចិត្តចំពោះការងារ។ បច្ចុប្បន្ន ទូទាំងស្រុកមានដំណាក់សុខាភិបាលឃុំ ទីប្រជុំជនទាំងអស់ចំនួន១៣សម្រេចបទដ្ឋាន។ ហើយដំណាក់សុខាភិបាលស្ទើរតែទាំងអស់ សុទ្ធតែមានវេជ្ជបណ្ឌិត១រូប ឆ្លើយតបទៅនឹងតម្រូវការ ពិនិត្យព្យាបាលជំងឺបានល្អ។ល។ រីឯការងារផ្សព្វផ្សាយ កម្លាំងកម្មាភិបាលពេទ្យមូលដ្ឋាន បានសហការជាមួយនឹងផ្នែក អង្គការមហាជននៅតាមភូមិនានា ដើម្បីផ្សព្វផ្សាយទូលំទូលលាយ និងសម្រេចប្រសិទ្ធភាពកាន់តែខ្ពស់។ ទន្ទឹមនឹងនោះ រៀងរាល់ឆ្នាំ ស្រុកនៅទាំងអនុវត្តការផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់មុខសញ្ញា ជាកុមារមានអាយុក្រោម៦ឆ្នាំ គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រជាជនរួមជាតិភាគតិច។ អាស្រ័យហេតុនោះ អត្រាកង្វះអាហារូបត្ថម្ភចំពោះកុមារអាយុក្រោម៥ឆ្នាំរបស់ស្រុក ថយចុះរៀងរាល់ឆ្នាំ ចុងឆ្នាំ២០១៩ ថយចុះនៅត្រឹម ៩,៤១% ប៉ុណ្ណោះ។
តាមប្រសាសន៍លោកតាម ពេលការងារផ្សព្វផ្សាយសម្រេចប្រសិទ្ធភាព ការចលនាគ្រួសារជនរួមជាតិភាគតិច ទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល រៀងរាល់ឆ្នាំ តែងសម្រេចភាគកម្រិតនៃផែនការរបស់ស្រុកដាក់ចេញ។ អ្នកមីងលីវធីលៀង នៅឃុំថើយតឹង ឱ្យដឹង៖ “គ្រួសារខ្ញុំ មានប័ណ្ណធានា រ៉ាប់រងសុខាភិបាលគ្រប់គ្នា ម្ល៉ោះហើយពេលមានឈឺថ្កាត់ម្តងៗមិនសូវបារម្ភ”។ អាស្រ័យប្រជាជន មានស្មារតីភ្ញាក់រលឹកក្នុងការថែទាំសុខភាពរបស់ខ្លួន ម្ល៉ោះហើយប៉ុន្មានឆ្នាំកន្លង ក្នុងតំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្តស្រុកថើយឡាយគ្មាន កើតជំងឺរាលដាលគ្រោះថ្នាក់ឡើយ៕
ហាថាញ់-វិមាន