ស្រុកថើយឡាយ ក្រុងកឹងធើ ផ្តុំកម្លាំងអនុវត្តប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ២៩-NQ/TW របស់គណៈប្រតិ បត្តិការមជ្ឈិមបក្សនីតិកាល១១ ស្តីពី "ផ្លាស់ថ្មីជាសារវន្ត គ្រប់ជ្រុងជ្រោយអប់រំនិងបណ្តុះបណ្តាល ឆ្លើយតបទៅនឹងតម្រូវការឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មក្នុងលក្ខណៈសេដ្ឋកិច្ចទីផ្សារកំណត់ទិសសង្គមនិយមនិងសមាហរណកម្មអន្តរជាតិ" ម៉្លោះហើយ គុណភាពវិស័យអប់រំលើភូមិសាស្រ្តស្រុកកាន់តែល្អប្រសើរ។
សិស្សជនជាតិភាគតិចនៅស្រុកថើយឡាយ បានទទួលអាហារូបករណ៍ នៅដើមឆ្នាំសិក្សា២០១៩-២០២០។
តាមប្រសាសន៍លោកង្វៀនវ៉ាន់ជី ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកថើយឡាយ ឱ្យដឹង៖ ឆ្នាំសិក្សាកន្លង សរុបប្រភពទុនកសាងអគារសិក្សាលើភូមិសាស្រ្តស្រុក គឺ១១៤ពាន់លានដុង។ នេះជាប្រភពទុនថវិការដ្ឋ រួមនឹងទុនកៀរគរពីប្រភពទុនជំនួយពីអង្គការ អាជីវកម្មនិងសប្បុរសជនជាច្រើន។ បច្ចុប្បន្ន ស្រុកមានបន្ទប់រៀនរឹងមាំចំនួន៣២១បន្ទប់ សម្រេចអត្រា៥៥,១% បន្ទប់រៀនពាក់កណ្តាលរឹងមាំចំនួន២៦២បន្ទប់ សរុបអត្រា៤៤,៩%។ ទន្ទឹមនឹងនោះ ស្រុកក៏បានផ្តុំកម្លាំងកសាងសាលារៀនសម្រេចបទដ្ឋានជាតិ មកទល់នឹងបច្ចុប្បន្ន ស្រុកមាន៣៣/៤៥សាលារៀនសម្រេចបទដ្ឋាន សម្រេចអត្រា៧៣,៣%។
ទន្ទឹមនឹងការធ្វើឱ្យសុក្រឹតប្រព័ន្ធមូលដ្ឋានសម្ភារៈអគារសិក្សា ស្រុកក៏បានផ្តុំកម្លាំងទៅលើការលើកកម្ពស់គុណភាពកងជួរកម្មាភិបាល គ្រូបង្រៀន។ ផ្នែកអប់រំស្រុកក៏បានបញ្ជូនគ្រូបង្រៀនចំនួន១១១រូបនៅរាល់កម្រិតចូលរួមថ្នាក់បង្កើនកម្រិតវិជ្ជានិងថ្នាក់មធ្យមសិក្សានយោបាយ ដែលបើកនៅក្នុងស្រុក។ ក្នុងនោះ ផ្នែកអប់រំពង្រីកបក្ខជនថ្មីបាន៦៦រូប។ ទូទាំងផ្នែក បច្ចុប្បន្ន មានបក្ខជនចំនួន៨៩៦រូប សម្រេចអត្រា៦២,៦% (ឆ្នាំកន្លងសម្រេចអត្រា៥២,២%) ក្នុងនោះ បក្ខជនមានកម្រិតវិជ្ជានយោបាយជាន់ខ្ពស់ចំនួន២រូប កម្រិតមធ្យមសិក្សានយោបាយចំនួន១៦១រូប ។ល។ នៅពេលគ្រូបង្រៀន កម្មាភិបាលផ្នែកអប់រំមានកម្រិតវិជ្ជាជីវៈល្អប្រសើរ គុណភាពអប់រំរឹតតែមានភាពប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ លទ្ធផលឆ្នាំសិក្សា២០១៨-២០១៩ សិស្សបានវាយតម្លៃសម្រេចកម្មវិធីសិក្សាឡើងទៅ គឺ២២៥៥រូបក្នុងចំណោមសិស្ស២២៩៨រូប សម្រេចអត្រា៩៨,១២% (ឆ្នាំមុនសម្រេចអត្រា៩៨,០២%)។
ក្រៅពីផែនការអភិវឌ្ឍវិស័យអប់រំរួម ស្រុកនៅទាំងយកចិត្តទុកដាក់លើកកម្ពស់គុណភាពសិស្សជនជាតិភាគតតិច។ ទូទាំងស្រុកមានសិស្សជនជាតិចំនួន២៤៩រូប លទ្ធផលវាយតម្លៃចុងឆ្នាំ មានសិស្ស១០០% សម្រេចកម្មវិធីសិក្សានិងសកម្មភាពអប់រំសម្រេចទាំងសមត្ថភាពនិងគុណសម្បត្តិ។ លោកង្វៀនវ៉ាន់ជី បញ្ជាក់៖ "ផ្នែកអប់រំនឹងបន្តកិច្ចចង្អុលការដល់សាលារៀននានាបើកបង្រៀនអក្សរខ្មែរដល់សិស្សជនជាតិ តាមកម្មវិធីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ ចំពោះសិស្សដែលមានស្ថានភាពលំបាក ផ្នែកអប់រំចលនាសប្បុរសជនជូនអាហារូបករណ៍ សិក្ខូបករណ៍ ដើម្បីប្អូនៗស្ងប់ចិត្តក្នុងការសិក្សា"។ បងលីវ៉ាន់ថាញ់ នៅភូមិឌិញហ្វា ឃុំឌិញម៉ូង ឱ្យដឹង៖ "មុននេះ សាលាមិនមានរៀបចំកម្មវិធីបង្រៀនអក្សរខ្មែរទេ ម៉្លោះហើយកូនៗខ្ញុំចេះនិយាយតែភាសា ប៉ុន្តែមិនចេះអក្សរ។ ឥឡូវនេះ សាលាបឋមសិក្សារៀបចំកម្មវិធីបង្រៀនឧភយភាសា ខ្ញុំនឹងលើកទឹកចិត្តក្មួយៗខំប្រឹងប្រែងរៀនសូត្រឱ្យបានគ្រប់ពេលដែលសាលាបានកំណត់"៕
ហាថាញ់-មុនី