មកទល់ពេលនេះ ខេត្តអាងយ៉ាងបានអនុវត្តសម្រេចរួចរាល់ការងាររៀបចំ និងត្រៀមបម្រុងជាស្រេចសម្រាប់ថ្ងៃបញ្ជូនយោធិននៅកណ្តាលខែកុម្ភៈនេះ។ ឆ្នាំនេះ គុណភាពផ្នែកសុខភាព និងកម្រិតវិជ្ជារបស់យុវជន ដែលជាប់ជម្រើសបំពេញកាតព្វកិច្ចយោធាខ្ពស់ជាងឆ្នាំមុនៗ ក្នុងនោះ មានកូនចៅជនរួមជាតិខ្មែរច្រើននាក់ បានស្ម័គ្រចិត្តចូលបម្រើកងជួរទ័ព។
ថ្នាក់ដឹកនាំស្រុកទិញបៀង និងឃុំអាងកឺ ជូនអំណោយដល់យុវជនចៅសុខថាយ យុវជនស្ម័គ្រចិត្តចូលបម្រើកងជួរទ័ព។
វរសេនីយ៍ឯកឡេថាញ់តឹម ស្នងការនយោបាយរងនៃបញ្ជាការដ្ឋានយោធាខេត្តអាងយ៉ាង ឱ្យដឹង៖ "រៀងរាល់ឆ្នាំ ខេត្តបានដាក់ចេញភាគកម្រិត ក្នុងការជ្រើសរើសពលរដ្ឋចូលបម្រើកងជួរទ័ពពី១.២០០-១.៥០០នាក់។ ថ្វីត្បិតដូច្នោះក្តី ដើម្បីអនុវត្តល្អនូវបែបបទជ្រើសរើសនៅតាមភូមិភាគ ពិសេសគឺជនរួមជាតិខ្មែរនោះនឹងជួបការលំបាកមិនតិច អំពីភាសា កម្រិតវិជ្ជា សេដ្ឋកិច្ច ។ល។ ប្រការនេះ បានជះឥទ្ធិពលនិងមានផលប៉ះពាល់យ៉ាងខ្លាំងក្នុងការជ្រើសរើស ឬក៏អំពាវនាវពលរដ្ឋចូលបម្រើកងជួរទ័ព"។
ដើម្បីដោះស្រាយបញ្ហានេះ ស្ថាប័នយោធាគ្រប់លំដាប់ថ្នាក់ តែងសហការជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ បានគួបផ្សំនឹងព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត។ល។ ឆ្លងតាមរយៈនោះ ឃោសនាអប់រំដល់យុវជន និងគ្រួសារឱ្យយល់ច្បាស់ពីកាតព្វកិច្ចនៃពលរដ្ឋចំពោះមាតុប្រទេស អំពីរបបគោលនយោបាយ ផលប្រយោជន៍ខណៈពេលចូលរួមបំពេញកាតព្វកិច្ចយោធា។ ព្រះតេជព្រះគុណ ចៅហេន ព្រះចៅអធិការវត្តស្វាយតាហង់ ឃុំអាងទឹក ស្រុកទ្រីតូង មានថេរដីកា៖ "រៀងរាល់ថ្ងៃសីល ពុទ្ធបរិស័ទយកចង្ហាន់ទៅវត្តច្រើនកុះករ ដូច្នេះ អាត្មាភាពក៏បានចលនាដល់គ្រួសារដែលមានកូនចៅគ្រប់អាយុ គប្បីទៅបំពេញកាតព្វកិច្ចយោធា ដើម្បីចូលរួមបម្រើប្រទេសជាតិ។ ឆ្លងតាមរយៈនោះ មាមីងចូលរួមអនុវត្តយ៉ាងល្អ ម្ល៉ោះហើយមានគ្រួសារខ្លះបានឱ្យកូនចូលក្នុងទ័ពដល់២នាក់"។
ពូចៅអ៊ឹម ស្នាក់នៅភូមិនិញឡើយ ឃុំអាងទឹក មានកូនប្រុស៣នាក់ ម្នាក់បានបញ្ចប់កាតព្វកិច្ចយោធា ចំណែកម្នាក់ទៀតកំពុងនៅក្នុងកងជួរទ័ព។ ពូចៅអ៊ឹម ឱ្យដឹង៖ "ខណៈពេលដឹងថាកូនប្រុសច្បង ស្ម័គ្រចិត្តចូលបម្រើកងជួរទ័ព គ្រួសារខ្ញុំត្រេកអរណាស់។ អាស្រ័យបានទៅចូលក្នុងកងទ័ព ទើបកូនៗបានរៀនសូត្រលត់ដំខ្លួនបានល្អ ម្ល៉ោះហើយខ្ញុំសប្បាយចិត្តណាស់។ ហេតុនោះ ខ្ញុំជំរុញទឹកចិត្តកូនបន្ទាប់ស្ម័គ្រចិត្តចូលក្នុងកងទ័ពទៀត"។
រយៈពេល៥ឆ្នាំកន្លង ខេត្តអាងយ៉ាងតែងសម្រេចរួចរាល់នូវភាគកម្រិតនៃការជ្រើសរើសនិងអំពាវនាវពលរដ្ឋចូលបម្រើកងជួរទ័ព; ក្នុងនោះ មានយុវជនជាជនជាតិចិន មឿង និងខ្មែរចំនួន៣១២នាក់។ វរសេនីយ៍ឯកឡេថាញ់តឹម ឱ្យដឹង៖ "ចំពោះកម្មាភិបាលគ្រប់លំដាប់ថ្នាក់ តែងអនុវត្តល្អនូវគោលនយោបាយជនជាតិរបស់បក្ស រដ្ឋ ពិសេសគឺយោធា តែងបង្កលក្ខណសម្បត្តិងាយស្រួលបំផុត ជួយប្អូនៗឆាប់មានការសម្របខ្លួននឹងបរិស្ថានថ្មី។ រីឯក្នុងឱកាសបុណ្យចូលឆ្នាំរបស់ជនរួមជាតិ ក្រៅពីរបបតាមការកំណត់ គ្រប់អង្គភាពថែមទាំងរៀបចំទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារកម្មាភិបាល យុទ្ធជនខ្មែរជាដើម ទន្ទឹមនឹងនោះ គួបផ្សំនឹងព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ដឹកនាំបងប្អូនចូលទៅវត្តគោរពបូជាផង។ ជាមួយនឹងរបៀបធ្វើនេះ ក៏មានយោធិនខ្មែរ៧០នាក់ ស្ម័គ្រចិត្តបម្រើកងជួរទ័ពជាយូរអង្វែង បច្ចុប្បន្ន បានពង្រីកល្អសមត្ថភាព ក៏ដូចជាគោលជំហរក្នុងការងារទៅតាមតួនាទីបញ្ជាការ ដឹកនាំអង្គភាពមូលដ្ឋាននីមួយៗ។ នោះគឺជាគំរូល្អសម្រាប់យុវវ័យ ទន្ទឹមនឹងនោះ រួមចំណែកជំរុញការងារជម្រើសទ័ពរបស់យើងខ្ញុំ"៕
កៀងយ៉ាង - លីសៀ