ចុងឆ្នាំសិក្សា ២០១៨ ក្រសួងអប់រំ និងបណ្ដុះបណ្ដាលបានប្រកាសជាផ្លូវការនូវកម្មវិធីជាទូទៅនិងកម្មវិធីមុខវិជ្ជាសិក្សា សកម្មភាពអប់រំក្នុងកម្មវិធីអប់រំចំណេះទូទៅថ្មីចំនួន២៧។ ផ្នែកសិក្សាអប់រំក្រុងកឹងធើ បាននិងកំពុងខ្នះខ្នែងធ្វើឱ្យសុក្រឹតការងារត្រៀមបម្រុងដើម្បីផ្សព្វផ្សាយអនុវត្តនូវកម្មវិធីថ្មីនេះឱ្យបានរលូន។
កម្មវិធីអប់រំទូទៅថ្មី សង្ឃឹមថានឹងជួយអភិវឌ្ឍន៍វិជ្ជាសម្បត្តិនិងចរិយាសម្បត្តិរបស់សិស្ស។
អ្នកឯកទេសជាច្រើនបានឱ្យតម្លៃ កម្មវិធីអប់រំចំណេះទូទៅដែលកំពុងអនុវត្តសព្វថ្ងៃនេះ ត្រូវបានកសាងដោយផ្អែកលើលំនាំខ្លឹមសារ ធ្ងន់ខាងការផ្ដល់ចំណេះដឹង មិនទាន់យកចិត្តទុកដាក់ឱ្យបានច្រើនដល់ការជួយសិស្សប្រើប្រាស់ចំណេះដឹង ដែលបានរៀនយកទៅអនុវត្តក្នុងភាព ជាក់ស្ដែង។ អាស្រ័យហេតុនេះ កម្មវិធីអប់រំចំណេះទូទៅថ្មីត្រូវបានកសាងតាមទម្រង់អភិវឌ្ឍន៍ សមត្ថភាព ដោយផ្អែកលើចំណេះដឹងជាមូលដ្ឋាន ជាក់ស្ដែង ទាន់សម័យ និងអភិវឌ្ឍន៍នូវចរិយាសម្បត្តិនិងវិជ្ជាសម្បត្តិដែលសាលានិងសង្គមចង់បាន។ កម្មវិធីអប់រំចំណេះទូទៅថ្មី បានបែងចែកដាច់ស្រឡះជាពីរដំណាក់កាល៖ ដំណាក់កាលអប់រំជាមូលដ្ឋាន (ចាប់ពីថ្នាក់ទី១ដល់ទី៩) និងដំណាក់កាលអប់រំកំណត់គោលដៅវិជ្ជាជីវៈ (ចាប់ពីថ្នា់ទី១០ ដល់ទី១២)។ កម្មវិធីសិក្សាអប់រំចំណេះទូទៅថ្មី ត្រូវបានអនុវត្តទៅតាមផែនការ៖ ឆ្នាំសិក្សា ២០២០-២០២១ សម្រាប់ថ្នាក់ទី១ ឆ្នាំសិក្សា ២០២១-២០២២ សម្រាប់ថ្នាក់ទី២ និងទី៦ ឆ្នាំសិក្សា ២០២២-២០២៣ សម្រាប់ថ្នាក់ទី៣ ទី៧ និងទី១០ ឆ្នាំសិក្សា ២០២៣- ២០២៤ សម្រាប់ថ្នាក់ទី៤ ទី៨និងទី១១ ឆ្នាំសិក្សា ២០២៤-២០២៥ សម្រាប់ថ្នាក់ទី៥ ទី៩ និងទី ១២។
យោងតាមក្រសួងអប់រំនិងបណ្ដុះបណ្ដាលក្រុងកឹងធើ ផ្នែកអប់រំក្រុងបានកសាងផែនការនិងចង្អុលការដល់អង្គភាពនានា ត្រៀមបម្រុងឱ្យបានល្អក្នុងការអនុវត្តកម្មវិធីអប់រំចំណេះទូទៅថ្មី។ ក្រៅពីការត្រៀមបម្រុងខាងមូលដ្ឋានសម្ភារៈ បំពាក់គ្រឿងឧបករណ៍បង្រៀន ការកសាងកងជួរគ្រូបង្រៀនមានសមត្ថភាព ផ្នែកអប់រំបណ្ដុះបណ្ដាលនៅទាំងរៀបចំហ្វឹកហ្វឺនកម្មវិធីថ្មី ធ្វើយ៉ាងណាដើម្បីគ្រូបង្រៀន ពេលចាប់អនុវត្តជាក់ស្ដែងមិនមានភាពស្ទាក់ស្ទើរ ពិសេសគឺនៅតាមសាលាមួយចំនួនដែលនៅឆ្ងាយពីមជ្ឈមណ្ឌល និងតំបន់ជនរួមជាតិភាគតិច។
និយាយដល់ការងារត្រៀមបម្រុងដើម្បីផ្សព្វផ្សាយអនុវត្តកម្មវិធីអប់រំចំណេះទូទៅថ្មី លោកហ្វិញវ៉ាន់វ៉ាត់ ប្រធានការិយាល័យអប់រំនិងបណ្ដុះបណ្ដាលស្រុកកើ-ដ (ក្រុងកឹងធើ) ឱ្យដឹង៖ “ស្រុកកើ-ដ មានសិស្សជនជាតិភាគតិចកំពុងរៀនច្រើន ហេតុនោះ ក្រៅពីការងារត្រៀមបម្រុងខាងមូលដ្ឋានសម្ភារៈ កងជួរគ្រូបង្រៀន ផ្នែកអប់រំក៏មានការត្រៀមបម្រុងដល់ការងារផ្សព្វផ្សាយ ក៏ដូចជាការជំនួយខាងភាសាវៀត ដើម្បីប្អូនៗងាយស្រួលយល់មេរៀនពេលរៀនតាមកម្មវិធីថ្មី”។ តាមប្រសាសន៍លោកគ្រូវ៉ាត់ ទូទាំងស្រុកកើ-ដ មានសាលាបឋមសិក្សាចំនួន ២៣, អនុវិទ្យាល័យចំនួន៨ ដោយមានបន្ទប់រៀនចំនួន ៤៣៥ មានបុគ្គលិក អ្នករដ្ឋការក្នុងក្របខណ្ឌ ៩៨១ នាក់។ សាលាបឋមសិក្សាទាំងនេះភាគច្រើន សម្រេចបទដ្ឋានជាតិ ឬក៏មានការកសាងយ៉ាងរឹងមាំឆ្លើយតបតាមតម្រូវការសិក្សា ខណៈពេលអនុវត្តកម្មវិធីអប់រំថ្មី។ លោកគ្រូត្រឹងវ៉ាន់វ៉ី នាយកសាលាបឋមសិក្សាថាញ់ភូ ២ ស្រុកកើ-ដ ឱ្យដឹង៖ “ ឆ្នាំសិក្សា ២០១៧ ស្រុកបានវិនិយោគថវិកាប្រមាណ ១៩ ពាន់លានដុង ដើម្បីកសាងសាលាថ្មី ហេតុនោះ ឆ្នាំសិក្សា ២០១៨ សាលាបឋមសិក្សាថាញ់ភូ ២ បានសម្រេចបទដ្ឋានជាតិ សិស្សរៀន២ ពេលក្នុងមួយថ្ងៃទាំង ១០០%។ បច្ចុប្បន្ន គ្រូបង្រៀនរបស់សាលាមានកម្រិតវិជ្ជាជីវៈសម្រេចបទដ្ឋាននិងលើសកម្រិតបទដ្ឋានទាំង ១០០% ម្ល៉ោះហើយ បានត្រៀមលក្ខណៈដើម្បីអនុវត្តកម្មវិធីអប់រំទូទៅថ្មី៕
ហាថាញ់-ពេជ្រសឿន