រយៈកាលជាង៨ឆ្នាំផ្សារភ្ជាប់នឹងអាជីព អ្នកគ្រូថាច់មីហាញ់ គ្រូបង្រៀននៅសាលាបឋមសិក្សាភូតឹមA ឃុំភូតឹម ស្រុកចូវថាញ់ ខេត្តសុកត្រាំង តែងខិតខំអស់ពីសមត្ថភាពក្នុងការបង្ហាត់បង្រៀន។ ព្រោះហេតុនោះ អ្នកគ្រូតែងបានសិស្ស អាណាព្យាបាលសិស្ស និងមិត្តរួមអាជីពស្រឡាញ់រាប់អាន។
អ្នកគ្រូថាច់មីហាញ់ ។
អ្នកគ្រូត្រឹងយ៉ីមជី នាយិកាសាលាបឋមសិក្សាភូតឹមA បញ្ជាក់៖ “ជាជនជាតិខ្មែរ អ្នកគ្រូហាញ់ យល់ច្បាស់នូវមតិ គោលបំណងរបស់សិស្សខ្មែរ ម៉្លោះហើយក្នុងការបង្ហាត់បង្រៀន អ្នកគ្រូតែងស្វែងរកនូវវិធីសាស្រ្តសមស្របដើម្បីជួយឱ្យប្អូនៗងាយយល់ងាយចាំមេរៀនបានឆាប់រហ័ស។ ចំពោះមិត្តរួមអាជីព អ្នកគ្រូហាញ់រស់នៅស្រុះស្រួល ត្រៀមជួយមិត្តរួមអាជីពពេលមានតម្រូវការនិងខ្នះខ្នែងចូលរួមរាល់សកម្មភាព ចលនារបស់សាលា ម៉្លោះហើយអ្នកគ្រូបានសមូហភាពស្រឡាញ់រាប់អាន”។
ឆ្នាំ២០១១ ពេលប្រឡងជាប់សញ្ញាប័ត្រអនុមហាវិទ្យាល័យគរុកោសល្យ អ្នកគ្រូបានចាត់មកបំពេញការងារនៅសាលាបឋមសិក្សាភូតឹមA។ សាលានេះមានសិស្សខ្មែរជាង៥០%។ ជាច្រើនឆ្នាំមកនេះ ពេលបង្រៀននៅថ្នាក់នីមួយៗ អ្នកគ្រូសុទ្ធសឹងមានវិធីសាស្រ្តបង្រៀនយ៉ាងសមស្របនឹងលក្ខណៈជាក់ស្តែងរបស់សិស្ស។ ពិសេស កំណត់ច្បាស់សិស្សកម្រិតបឋមសិក្សាឋិតក្នុងវ័យចូលចិត្តសប្បាយ ដូច្នេះម៉ោងរៀនត្រូវតែមានភាពសកម្ម ទើបអ្នកគ្រូច្នៃប្រតិដ្ឋឧបករណ៍បង្រៀន ជ្រើសយករូបភាពពីកាសែត ទស្សនាវដ្តី និងរូបភាពមួយចំនួនលើប្រព័ន្ធអីនធឺណែត លើកឡើងជាឧទាហរណ៍ដើម្បីទាក់ទាញសិស្សយកចិត្តទុកផង និងជួយប្អូនៗ ងាយយល់ មេរៀនផង។ អ្នកគ្រូហាញ់ ឱ្យដឹង៖ “ចំពោះសិស្សជនជាតិខ្មែរ ភាគច្រើនឪពុកម្តាយធ្វើស្រែចម្ការ ឬទៅរកស៊ីឆ្ងាយស្រុក ម៉្លោះហើយតិចមានលក្ខណៈរៀនកួថែម។ ព្រោះហេតុនោះ បន្ទាប់ពីចប់ម៉ោងបង្រៀន ខ្ញុំឆ្លៀតពេលបង្រៀនថែមដល់សិស្សរៀនខ្សោយ ដើម្បីប្អូនៗតាមទាន់មេរៀន។ ទន្ទឹមនឹងនោះ ខ្ញុំតែងរក្សាទំនាក់ទំនងជាមួយនឹងអាណាព្យាបាលសិស្ស ដើម្បីជូនដំណឹងពីស្ថានភាពរៀនសូត្ររបស់ប្អូនៗ សំដៅស្វែងរកវិធានការជួយប្អូនៗទាន់ពេល។ អាស្រ័យចេះពីរភាសាវៀត-ខ្មែរ ទើបខ្ញុំងាយស្រួលក្នុងការទំនាក់ទំនង ក៏ដូចជាការបង្ហាត់បង្រៀន”។ មិនត្រឹមតែអស់ពីចិត្តក្នុងបុព្វហេតុបណ្តុះបណ្តាលមនុស្ស អ្នកគ្រូហាញ់នៅទាំងខ្នះខ្នែងចូលរួមនៅរាល់ចលនារបស់សាលានិងផ្នែកអប់រំដែលបំផុសឡើង។ ពិសេសអ្នកគ្រូតែងជួយសិស្សដែលមានស្ថានភាពលំបាកខ្លាំង ដើម្បីប្អូនៗមានលក្ខណសម្បតិ្តទៅរៀន។ ជាក់ស្តែងអ្នកគ្រូចលនាសប្បុរសជន អាណាព្យាបាលសិស្ស ឧបត្ថម្ភកង់ អាហារូបករណ៍ សម្លៀកបំពាក់និងសិក្ខូបករណ៍ ជូនដល់សិស្សក្រីក្រ។ ហេតុនោះ បានរួមចំណែកដ៏ធំក្នុងការរក្សាចំនួនសិស្សក្នុងថា្នក់និងជៀសវាងស្ថានភាពសិស្សបោះបង់ការសិក្សាពាក់កណ្តាលការ។
យោគយល់និងជ្រាបច្បាស់ពីស្ថានភាពសិស្សខ្មែរ អ្នកគ្រូតែងសិក្សាស្វែងយល់វិធីសាស្រ្តថ្មីៗ សមស្របនឹងចំណេះដឹងរបស់សិស្ស។ ស្រឡាញ់អាជីពអស់ពីចិត្តជាមួយនឹងសិស្សជាទីស្រឡាញ់ អ្នកគ្រូហាញ់មិនបង្អង់ក្នុងការរៀនសូត្រ បង្កើនចំណេះដឹង វិជ្ជាជីវៈ អ្នកគ្រូឆ្លៀតទៅរៀនបន្ថែម ហើយក៏បានប្រឡងជាប់បរិញ្ញាប័ត្រ។ ជាច្រើនឆ្នាំបន្តបន្ទាប់ អ្នកគ្រូហាញ់តែងសម្រេចកិត្តិនាមគ្រូបង្រៀនពូកែថ្នាក់ស្រុក និងគ្រូអភិបាលពូកែ ព្រមទាំងទទួលបានលិខិតសរសើរជាច្រើនរបស់គណៈកម្មាធិការប្រជាជនស្រុក។ នេះគឺជាកម្លាំងចលករជួយជំរុញអ្នកគ្រូ ផ្សារភ្ជាប់នឹងអាជីព បន្តការផ្តល់ចំណេះដឹងដល់សិស្សជនជាតិខ្មែរ៕
យ្វីអាញ់-មុនី