រយៈកាល៣ឆ្នាំមកនេះ ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង ត្រូវបានចាត់ទុកជាភូមិភាគឈានមុខក្នុងការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។ បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំ ខ្នះខ្នែងផ្សព្វផ្សាយនូវវិធានកម្ចាត់ដង្កូវទឹក ដើម្បីបង្រ្កាបរោគឆ្លងរាលដាល។
បុគ្គលិកដំណាក់សុខាភិបាលឃុំភូមី ផ្សព្វផ្សាយវិធានការបង្ការទប់ស្កាត់រោគឆ្លងរាលដាលដល់ប្រជាជន។
តាមប្រសាសន៍គ្រូពេទ្យ យឿងវ៉ាន់យុង ប្រធានដំណាក់សុខាភិបាលឃុំភូមី រយៈកាល៣ឆ្នាំកន្លង ស្ថានភាពជំងឺគ្រុនឈាមនៅភូមិភាគឋិតក្នុងការគ្រប់គ្រង។ ចាប់ពីដើមឆ្នាំ២០១៩មកទល់នឹងបច្ចុប្បន្ន លើភូមិសាស្រ្តឃុំកើតជំងឺគ្រុនឈាម២ករណី កាត់បន្ថយ១ករណី បើប្រៀបនឹងឆ្នាំមុន។ នោះគឺអាស្រ័យការសហការយ៉ាងស្អិតល្មួតរវាងអង្គការមហាជននានា និងការួមចំណែករបស់កងជួរសហការីសុខាភិបាលនៅតាមមូលដ្ឋានចំនួន៣៥នាក់ ខ្នះខ្នែងផ្សព្វផ្សាយវិធានការ បង្ការទប់ស្កាត់ជំងឺគ្រុនឈាម។ បច្ចុប្បន្ន ឃុំភូមីមាន៧ភូមិ ដោយមានកងជូរសហការីសុខាភិបាល៣៥នាក់ ម្នាក់ៗទទួលបន្ទុកពី៧០-១០០ គ្រួសារ។ សហការីសុខាភិបាលគ្រប់រូបសុទ្ធសឹងចិញ្ចឹមត្រី៧ពណ៌សម្រាប់ផ្តល់ជូនគ្រួសារប្រជាជនព្រលែងក្នុងពាងទឹក ពេលចុះទៅផ្សព្វផ្សាយវិធានការបង្ការរោគកម្ចាត់ដង្កូវទឹក។ ពូសើុង ជាសហការីសុខាភិបាលនៅភូមិបឹងកក់ ឲ្យដឹង៖ “ជាមួយនឹងពាក្យស្លោក “គ្មានដង្កូវទឹក គឺគ្មានជំងឺគ្រុនឈាម” ចាប់ផ្តើមពីខែមេសា ទូទាំងឃុំបានបើកយុទ្ធនាការកម្ចាត់ដង្កូវទឹក និងផ្សព្វផ្សាយវិធានការបង្ការទប់ស្កាត់ជំងឺគ្រុនឈាមឲ្យមាមីងបានជ្រាប។ ក្រៅពីនោះ ជារៀងរាល់ថ្ងៃ ខ្ញុំចុះទៅតាមផ្ទះដើម្បីពិនិត្យដង្កូវទឹក និងផ្សព្វផ្សាយចំណេះដឹងមូលដ្ឋានអំពីការបង្ការទប់ស្កាត់រោគឆ្លងរាលដាល។ បច្ចុប្បន្ន ជីវភាពមាមីងខ្មែរបានកើនឡើង មាមីងមានស្មារតី ភ្ញាក់រលឹកក្នុងការបង្ការទប់ស្កាត់រោគឆ្លងរាល ដាល”។
ទន្ទឹមនឹងការបើកយុទ្ធនាការកម្ចាត់ដង្កូវទឹកក្នុងមួយឆ្នាំ២លើក និងមានកងជួរសហការីសុខាភិបាលខ្នះខ្នែងក្នុងការងារផ្សព្វផ្សាយ ម៉្លោះហើយស្មារតីភ្ញាក់រលឹកក្នុងការបង្ការទប់ស្កាត់រោគឆ្លងរាលដាលក្នុងប្រជាជន ត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្តើមពីនោះ ជំងឺគ្រុនឈាមជារៀងរាល់ឆ្នាំកាត់បន្ថយជាលំដាប់។ ជាក់ស្តែងឆ្នាំ២០១៧ ទូទាំងឃុំមានអ្នកកើតជំងឺ គ្រុនឈាមចំនួន១៧ករណី ឆ្នាំ២០១៨ កាត់បន្ថយចុះនៅ៦ករណី។ លោកសើុងច័ន្ទ នៅភូមិដៃដូនអ៊ុយ ឲ្យដឹង៖ “ជីវភាពគ្រួសារក្រលំបាក កូនៗទៅរកស៊ីស្រុកឆ្ងាយ ខ្ញុំនៅផ្ទះមើលថែទាំចៅតូចៗ២នាក់។ ព្រោះហេតុនោះ ខ្ញុំខ្លាចចៅកើតជំងឺគ្រុនឈាម ម៉្លោះហើយពេលវាក្តៅខ្លួនម្តងៗ ខ្ញុំក៏យកទៅពិនិត្យជំងឺភ្លាម។ ខ្ញុំអនាម័យផ្ទះស្អាតបាត លែងត្រី៧ពណ៌ក្នុងពាងដើម្បីស៊ីដង្កូវទឹក និងអនុវត្តការហូបឆ្អិនផឹកឆ្អិនដេកដាក់មុង”។
ការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម មិនត្រឹមតែជាភារកិច្ចដោយឡែករបស់ផ្នែកសុខាភិបាលនោះទេ គឺប្រជាជនគប្បីព្រួតដៃ ពិសេសគឺនៅរដូវភ្លៀងតែងកើតមានជំងឺគ្រុនឈាមនិងជំងឺផ្សេងៗជាច្រើន។ គ្រូពេទ្យ យឿងវ៉ាន់យុង ផ្តល់អនុសាសន៍៖ “ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម មាមីងមិនគួររក្សាទុកទឹកភ្លៀង គប្បីអនាម័យក្នុងនិងជុំវិញផ្ទះឲ្យបានស្អាតបាតជានិច្ចដេកដាក់មុង អុជធូបមូស។ល។ ពិសេស ពេលសមាជិកក្នុងគ្រួសារមានអាការៈគ្រុនក្តៅ គប្បីបញ្ជូនទៅកាន់ដំណាក់សុខាភិបាលពិនិត្យព្យាបាលជាបន្ទាន់ “៕
លីធាន-មុនី