នោះគឺជាប្រសាសន៍សំណេះសំណាលរបស់លោកយ័ញហេង នៅភូមិកោះក្រមា ឃុំលឿងង៉ៀ ស្រុកឡុងមី ខេត្តហូវយ៉ាង ប្ដេជ្ញាចិត្តចិញ្ចឹមកូនៗរៀនសូត្រ។ មកទល់ឥឡូវ កូនទាំង៣នាក់ របស់គាត់បានប្រឡងជាប់សញ្ញាបត្រមហាវិទ្យាល័យ មានការងារធ្វើលំនឹង ហើយមានជីវភាព ធូរធារគ្រប់គ្នា។
នៅពេលសម្លឹង ឃើញសញ្ញាបត្រមហាវិទ្យាល័យរបស់កូនៗ ប្តីប្រពន្ធលោកយ័ញហេង តែងមានទឹកមុខស្រស់ស្រាយនិងមោទនភាពជានិច្ច។
លោកយ័ញឡើយ ប្រធានភូមិកោះក្រមា ឲ្យដឹង៖ “គ្រួសារមានដីត្រឹមតែ១០កុង ប៉ុន្តែប្តីប្រពន្ធលោកយ័ញហេង បានខិតខំធ្វើការរកស៊ី គិតគូរចិញ្ចឹមកូនរៀនចប់មហាវិទ្យាល័យទាំង៣នាក់។ កាលបើឃើញលោកយ័ញហេង ប្រឹងធ្វើការហត់នឿយ ហើយមានការប្រើប្រាស់ប្រិតសំចៃ ដើម្បីចិញ្ចឹមកូនរៀនសូត្រ មាមីងខ្មែរក្នុងភូមិតែងកោតសរសើរគ្រប់គ្នា។ ពិសេសនៅពេលកូនៗ ប្រឡងជាប់ចេញសាលាមានការងារធ្វើ លំនឹងដី១០កុងក៏នៅស្ថិតស្ថេរ ហើយថែមទាំងសង់បានផ្ទះតម្លៃជាង៦០០លានដុងទៀតផង។ បច្ចុប្បន្ន គ្រួសារលោកយ័ញហេង គឺជាគ្រួសារគំរូមួយសម្រាប់មាមីងខ្មែរនៅភូមិកោះក្រមារៀនសូត្រតាម”។
លោកយ័ញហេង រ៉ាយរ៉ាប់៖ កាលពីនៅក្មេង ចង់បានរៀនសូត្រ គាត់ក៏ចូលបួសនៅវត្ត រួចហើយទៅសូមសំណាក់រៀនតាមវត្តនានានៅក្រៅខេត្ត មានដូច បាកលីវ សុកត្រាំង កឹងធើជាដើម។ សឹកចេញមានគ្រួសារ គាត់ក៏ឧស្សាហ៍ក្នុងការពលកម្ម ចិញ្ចឹមសត្វ ប្រើប្រាស់ ប្រិតសំចៃដើម្បីទិញបានដីសម្រាប់ផលិត។ ក្រោយរយៈពេលច្រើនឆ្នាំ គាត់ក៏ទិញបានដីស្រែ១០កុងសម្រាប់ផលិតចិញ្ចឹមកូនៗរៀនសូត្រ។ កាលកូននៅតូច កិច្ចការរៀនសូត្រនៅជួបលំបាកយ៉ាងខ្លាំង កាលនោះផ្លូវថ្នល់មិនទាន់មានសាលារៀនឆ្ងាយពីផ្ទះជិត១០គីឡូម៉ែត្រ គាត់ត្រូវអុំទូកជូនកូនទៅរៀនរាល់ពេល។ លុះកូនចូលរៀនថ្នាក់ទី៤ ទើបគាត់ហ៊ានបណ្ដោយឲ្យអុំទូកទៅរៀនដោយខ្លួនឯង។ មានការលំបាកដូច្នោះក៏ពិតមែន ប៉ុន្តែកូនៗរបស់គាត់នៅតែមានជំហានរឹងប៉ឹងទៅសាលានិងរៀនពូកែជានិច្ច។
ដោយសារធ្លាប់បានបួសរៀន ទើបលោកយ័ញហេងមានការដាស់តឿន អប់រំកូនចៅ ក្នុងគ្រួសារមានសីលធម៌ល្អ ម្ល៉ោះហើយកូនៗរបស់គាត់តែងតែរស់នៅស្រុះស្រួល ជួយគ្នាទៅវិញទៅមកក្នុងការរៀនសូត្រជាដើម។ ជាពិសេស ខណៈពេលកូនប្រុសច្បងឈានចូលរៀនមហាវិទ្យាល័យ ក៏ជាគំរូសម្រាប់ប្អូនៗ។ តាមការរ៉ាយរ៉ាប់របស់លោកហេង៖ ដោយសារនៅជនបទ ការរៀនសូត្រនៅជួបការលំបាក រង់ចាំដល់កូនៗធំទើបគាត់ជូនទៅរៀន។ ព្រោះហេតុនោះ កូនទាំង៣នាក់របស់គាត់ ចូលរៀននៅថ្នាក់ទាបខ្ពស់ជាងគ្នាត្រឹមមួយឬពីរថ្នាក់ប៉ុណ្ណោះ លុះចូលរៀនមហាវិទ្យាល័យក៏លំដាប់លំដោយគ្នាដែរ។ លោកយ័ញហេង ឲ្យដឹង៖ “ការចិញ្ចឹមកូនរៀនមហាវិទ្យាល័យគឺចំណាយប្រាក់កាសច្រើនណាស់ ប៉ុន្តែប្តីប្រពន្ធ ខ្ញុំមានការស្រុះស្រួលគ្នា គឺគ្រប់យ៉ាងដើម្បីអនាគតកូន”។ ដោយសាររួមគ្នាឆ្លងកាត់លំបាក បានជាប្តីប្រពន្ធលោកយ័ញហេងប្រកបការងារ មិនខ្លាចនឿយហត់ ដើម្បីចិញ្ចឹមកូនរៀនសូត្រ។ រៀងរាល់ថ្ងៃ លោកយ័ញហេង ធ្វើស្រែ ដាំដំណាំ ចំណែកប្រពន្ធរបស់គាត់នៅផ្ទះចិញ្ចឹមជ្រូក បិតស្រា។ លោកហេង ឲ្យដឹងបន្ថែម៖ “កូន២នាក់កំពុងរៀនមហាវិទ្យាល័យ ចំណែកកូនពៅកំពុងរៀនវិទ្យាល័យ ម្ល៉ោះហើយតម្រូវការចាយប្រាក់ច្រើន។ ទោះបីប្តីប្រពន្ធខ្ញុំខិតខំយ៉ាងណា ក៏នៅតែមិនគ្រប់ប្រាក់ផ្គត់ផ្គង់ឲ្យកូន។ ម្ល៉ោះហើយនៅពេលកូនៗត្រូវការប្រាក់ ខ្ញុំក៏ទៅបុលខ្ចីខាងក្រៅ ទោះបីកម្រិតចុងការខ្ពស់ប៉ុន្មានក៏យកដែរ ឲ្យតែមានប្រាក់ផ្ញើឲ្យកូនប្រើប្រាស់និងបង់ថ្លៃសាលា។ ប្រាក់ដែលបុលនោះ លុះជ្រូកធំល្មមលក់ ឬប្រមូលផលស្រូវ ផលដំណាំ ទើបយកទៅសង បើមានខ្វះខាតក៏បុលថ្មីជាបន្ត។ រយៈពេលចិញ្ចឹមកូនរៀនមហាវិទ្យាល័យ ប្រាក់បំណុលសងមិនដាច់ ប៉ុន្តែប្តីប្រពន្ធខ្ញុំមិនដែលត្អូញត្អែរឡើយ ឲ្យតែឮទូរស័ព្ទកូនហៅ គឺតែងតែផ្ញើប្រាក់ឲ្យភ្លាម”។
ដោយមានការអប់រំផ្នត់រស់នៅក្នុងគ្រួសារតាំងពីនៅតូច ម្ល៉ោះហើយកូនៗរបស់គាត់ក៏មានស្មារតីឆ្លងកាត់ការលំបាក ការរស់នៅត្រឹមត្រូវ ប្រិតសំចៃនិងចេះអាណិតស្រឡាញ់ជួយគ្នាទៅវិញទៅមកដើម្បីរៀនចប់មហាវិទ្យាល័យ។ ជាពិសេស ខណៈពេលរៀននៅវិទ្យាល័យជន ជាតិអន្តេវាសិក កូនៗរបស់គាត់តែងមានចរិតស្លូតបូត ចេះស្តាប់បង្គាប់ រៀនពូកែ ហើយមិនបណ្តែតបណ្តោយខ្លួនធ្លាក់ក្នុងបាបគ្រោះសង្គមជាដើម។ យល់ច្បាស់ពីទុក្ខលំបាករបស់ឪពុកម្តាយ គិតគួរឲ្យកូនៗរៀនសូត្រ ម្ល៉ោះហើយកូនៗរបស់គាត់តែងខំប្រឹងរៀនសូត្រ។ កូនមួយច្បងប្រឡងជាប់មហាវិទ្យាល័យចេញសាលាមានការងារធ្វើ ហើយក៏បន្តលើកទឹកចិត្តប្អូនៗឲ្យខិតខំរៀនសូត្រនិងជួយដល់គ្រួសារចិញ្ចឹមប្អូនៗ។ សព្វថ្ងៃ កូនប្រុសច្បង ឈ្មោះយ័ញថាញ់ហាយ កំពុងបំពេញការងារនៅមន្ទីរហិរញ្ញវត្ថុខេត្តហូវយ៉ាង; ចំណែកកូនប្រុសបន្ទាប់ គឺយ័ញថាញ់ហ៊ុង ជាវេជ្ជបណ្ឌិតកំពុងបំពេញការងារនៅដំណាក់សុខាភិបាលឃុំវីថាំង ស្រុកវីធ្វី ខេត្តហូវយ៉ាង និងកូនប្រុសពៅយ័ញភឿក បម្រើការងារនៅនគរបាលក្រុងកឹងធើ។
សម្លឹងឃើញកូនៗរៀនសូត្រសម្រេចជោគជ័យ លោកយ័ញហេងក៏មានមោទនភាព៖ “ប៉ុន្មានឆ្នាំលំបាកនឿយហត់ចិញ្ចឹមកូនៗរៀនសូត្រ ខ្ញុំគ្រាន់តែរំពឹងថា កូនៗអាចមានចំណេះដឹងបម្រើការបានល្អជូនប្រទេសជាតិ ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន។ ជាពិសេសកូនៗ មានចំណេះដឹង ជីវភាពរស់នៅមានភាពល្អប្រសើរ អប់រំកូនចៅបានល្អ មានសុជីវធម៌ ដឹងខុសត្រូវ។ ឥឡូវនេះ ពេលសម្លឹងឃើញជីវភាពរស់នៅរបស់កូនៗ ប្តីប្រពន្ធខ្ញុំមានការត្រេកអរនិងសុភមង្គលខ្លាំងណាស់”៕
លីធាន - ថាច់ធី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។