អនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ខេត្តសុកត្រាំង ខិតខំដល់ឆ្នាំ២០២០ មានឃុំសម្រេចបទដ្ឋានជនបទថ្មីពី៥០% ឡើងទៅ ចំណែកឃុំនៅក្រៅពីនោះ គឺសម្រេចលក្ខឋានជនបទថ្មីពី១៥ឡើងទៅ។ បច្ចុប្បន្ន ឃុំដែលបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី ភាគច្រើនគឺឃុំមានជនរួមជាតិខ្មែររស់នៅកុះករ ឃើញថាជីវភាពប្រជាជនបានលើកកម្ពស់ តំបន់ជនបទបានផ្លាស់ថ្មី។
១. ជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី មានឱកាសមកកាន់ឃុំជនបទថ្មីថាមដូង ជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅជាង៧០% របស់ស្រុកមីស្វៀង ទើបឃើញច្បាស់នូវភាពផ្លាស់ថ្មីនៅទីនេះ។ លោកឡឹមវ៉ាន់ផឹង នៅភូមិតាក់ហ្គង កំពុងម្នីម្នារៀបចំផ្ទះសម្បែងទទួលទេវតាឆ្នាំថ្មី បានចង្អុលបង្ហាញពីផ្លូវបេតុងថ្មីតភ្ជាប់ពីភូមិចេញទៅវាលស្រែ គាត់ឲ្យដឹង៖ “ផ្លូវបេតុង នេះមានទទឹង២ម៉ែត្រ ប្រវែងជាង១គីឡូម៉ែត្រ អាស្រ័យប្រជាជននិងសប្បុរសជនរួមវិភាគទានកសាង។ ជួយឲ្យមាមីងធ្វើដំណើរ ដឹកជញ្ជូន កសិផលមានភាពងាយស្រួល។ល។ ថាមដូង គឺជាឃុំក្រីក្រ! ប៉ុន្តែមាមីងរស់នៅសាមគ្គីគ្នា រួមជាមួយរដ្ឋអំណាចកសាងជនបទថ្មី។ ឥឡូវ ផ្លូវនៅតំបន់ជនបទថាមដូងបៃតង-ជ្រះ-ស្អាត ផ្ទះ សម្បែងសាងសង់យ៉ាងសមរម្យ គ្មាននៅផ្ទះស្លឹកបណ្តោះអាសន្ន សាលាមត្តេយ្យ បឋមសិក្សា និងអនុវិទ្យាល័យ បានកសាងយ៉ាងសមរម្យ។ល។ ពិសេសគឺប្រព័ន្ធធារាសាស្រ្ត មានទឹកសាបខួបឆ្នាំ ម្ល៉ោះហើយមាមីងដាំដំ ណាំរួមផ្សំ ធ្វើស្រែ និងចិញ្ចឹមសត្វមានភាពងាយស្រួល ជីវភាពបានលើកកម្ពស់”។
ផ្តើមពីឃុំមួយមានគ្រួសារក្រីក្រជាង៣១,៣% ដោយមានការសាមគ្គី ប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ក្នុងការដឹកនាំ ចង្អុលការ បានពញ្ញាក់នូវកម្លាំងផ្ទៃក្នុងក្នុងប្រជាជន ម្ល៉ោះហើយថាមដូងសម្រេចរួចរាល់លក្ខឋានកសាងជនបទថ្មីបានឆាប់រហ័ស។ លោកឡេមិញតាង ប្រធានគណៈកម្មាធិការប្រជាជនឃុំថាមដូង ឲ្យដឹង៖ “ទន្ទឹមនឹងប្រភពទុនកសាងជនបទថ្មី ឃុំបានឧបត្ថម្ភប្រភពទុនពីគោលនយោបាយជនជាតិ និងប្រជាជនសកម្មបរិច្ចាគដី ដំណាំរួមផ្សំ កម្លាំងពលកម្ម។ល។ ទើបហេដ្ឋារចនាសម្ព័ន្ធឆាប់បានសម្រេច។ ឥឡូវ ពេលឃុំសម្រេចបទដ្ឋានជនបទថ្មី ប្រជាជនម្ចាស់ការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិតកម្ម ធ្វើស្រែដោយពូជស្រូវក្រអូប ចូលរួមសហករណ៍ចិញ្ចឹមគោទឹកដោះ ដាំដំណាំ រួមផ្សំ រកបានប្រាក់ចំណូលលំនឹង ហេតុនោះអត្រាគ្រួសារក្រីក្រថយចុះនៅត្រឹមតែ៣,៨%”។
២. វិលមកកាន់ឃុំជនបទថ្មីវៀងប៊ិញ ស្រុកត្រឹងដេ ទើបឃើញច្បាស់ក្តីរីករាយរបស់មាមីងខ្មែរទទួលអំណរបុណ្យចូលឆ្នាំថ្មី។ នេះជាឃុំមានជនរួមជាតិខ្មែររស់នៅជាង៧៣% ដោយមានរហសនាមជាតំបន់ស្រូវក្រអូបរបស់ខេត្តសុកត្រាំង។ លោកថាច់សយ កម្មាភិបាលរណសិរ្សភូមិតាអុង ឲ្យដឹង៖ “ឥឡូវ ជីវភាពមាមីងខ្មែរបានធូរធារ ម្ល៉ោះហើយ អ្នកណាក៏តុបតែងផ្ទះសម្បែង ទិញរបស់របរប្រើប្រាស់ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី។ វៀងប៊ិញ គ្មាននៅជាឃុំក្រីក្រទៀតឡើយ! នៅតាមតំបន់ជនបទភាគច្រើនគឺផ្ទះវីឡា ផ្ទះឥដ្ឋ! ពេលយប់មានអគ្គិសនីបំភ្លឺតាមផ្លូវមិនខុសពីទីក្រុងឡើយ។ ប្រជាជននៅវៀងប៊ិញ ទិញរថយន្តបើកបរ និង បើកស្ថានីយសាំងនៅក្នុងភូមិជាដើម។
មុនពេលចាប់ផ្ដើមកសាងជនបទថ្មី ឃុំវៀងប៊ិញមានគ្រួសារក្រីក្រស្រូបអត្រាជាង២៧%។ល។ ក្នុងអំឡុង៧ឆ្នាំអនុវត្តការកសាងជនបទថ្មី ឃើញថាជីវភាពប្រជាជន កាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ អត្រាគ្រួសារក្រីក្រថយចុះនៅតែ៣,៨% ប្រាក់ចំណូលមធ្យមភាគសម្រេចជាង៤១លានដុង/ម្នាក់/ឆ្នាំ។ ឆ្នាំ ២០១៨ វៀងប៊ិញរីករាយទទួលកិត្តិនាមឃុំជនបទថ្មី។ លោកយឿងថាញ់ហុង អនុប្រធាន គណៈកម្មាធិការប្រជាជនឃុំវៀងប៊ិញ ឲ្យដឹង៖ “ភាពទម្លុះទម្លាយធំបំផុតដែលធ្វើឲ្យផ្លាស់ប្តូរជីវភាពរបស់មាមីងខ្មែរនៅវៀងប៊ិញ គឺការសាមគ្គីក្នុងពលកម្មផលិត។ មាមីងរួមគ្នាកសាងវាលស្រែគំរូធំ អនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសក្នុងការផលិតស្រូវប្រណីត ដូចពូជស្រូវ ៖ ST, RVT, OM៤៩០០ជាដើម។ ផ្តល់ទិន្នផលនិងគុណភាពខ្ពស់ ជីវភាពបានលើកកម្ពស់”។ តាម ប្រសាសន៍លោកហុង អាស្រ័យការគួបបញ្ចូលយ៉ាងសមស្របរវាងប្រភពទុន (មជ្ឈិម ភូមិភាគ ទុនពីគោលនយោបាយជនជាតិ។ល។) ព្រមជាមួយនឹងការខិតខំឈានឡើងរបស់ប្រជាជន ហេតុនោះ ជួយឲ្យឃុំ អនុវត្តសម្រេចលក្ខឋានទាំង១៩បានឆាប់រហ័ស។ អ្នកណាក៏ត្រៀមទទួលអំណរបុណ្យចូលឆ្នាំថ្មី២០១៩ ដោយសោមនស្សរីករាយដែរ។
* * *
មានម្តងខ្ញុំបាននាំយករឿងដែលខ្ញុំ “ឃើញច្បាស់ឮផ្ទាល់” អំពីតំបន់ជនបទថ្មីក្នុងជនរួមជាតិខ្មែរ និយាយរៀបរាប់ជាមួយនឹងលោកលឿងមិញក្វៀក នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង។ គាត់ញញឹមយ៉ាងស្រស់បស់ រួចនិយាយ៖ ស្នាដៃក្នុងការកសាងជនបទថ្មី ជាក់ស្តែងគឺកសាងជនបទថ្មីក្នុងជនរួមជាតិខ្មែរ គឺដោយការខិតខំរបស់ បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្នុងភូមិភាគ។ បំផុតគឺការងារផ្សព្វផ្សាយត្រូវបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយដោយមានខ្លឹមសារ ទ្រង់ទ្រាយសម្បូរបែប តាមគោលលំនាំ “ងាយដឹង ងាយធ្វើ ងាយពិនិត្យ ងាយឃ្លាំមើល”។ ផ្តើមពីនោះ ចលនាបានរីកសាយភាយដល់ភូមិស្រុកនីមួយៗនិងបានជនរួមជាតិសកម្មគាំទ្រអនុវត្ត។ ពិសេស ក្នុងអំឡុង៣ឆ្នាំកន្លង ២០១៦-២០១៨ អត្រាគ្រួសារក្រីក្ររបស់ខេត្ត ថយចុះជាង៣%/ឆ្នាំ គ្រួសារជនរួមជាតិខ្មែរក្រីក្រថយចុះជាង៤,៥%។ល។ “ក្តីរីករាយផ្ដើមពីជនបទថ្មីក្នុងជនរួមជាតិខ្មែរ ពិតជាត្រឹមត្រូវណាស់មិនខុសទេ”! លោកលឿងមិញក្វៀក ឲ្យដឹងដូច្នេះ៕
លីធាន