មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/03/2019 - 15:54

ពុះ​ពារ​ជា​មួយ​វាស​នា

ទោះ​បី​ប្រ​ឈម​មុខ​ជា​មួយ​នឹង​ភាព​កង្វះ​ខាត​ ឧប​សគ្គ​ជា​ច្រើន​ក្នុង​ជី​វិត​ ប៉ុន្តែ​គ្រប់​យ៉ាង​មិន​​អាច​ធ្វើ​ឲ្យ​បង​បាក់​ទឹក​ចិត្ត​និង​ធ្លាក់​ក្តី​សង្ឃឹម​ឡើយ​។ ផ្ទុយ​មក​វិញ​ វា​បាន​​ក្លាយ​ជា​កម្លាំង​ចល​ករ​ ញុា​ំ​ង​ឲ្យ​បង​ស្រី​មាន​ការ​រឹង​មាំ​ជាង​ ដើម្បី​ឈោង​ឈាន​ឡើង​ក្នុង​ជី​វិត​។ នោះ​គឺបង​ស្រី​ថាច់​ធី​ហ្វាញ់​ កើត​ឆ្នាំ​១៩៨៨ នៅ​ភូមិ​ផ្នោ​កំ​បុត​ ឃុំ​ហ្វា​ឡើយ​ ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រាវិញ​ -ដែល​ពិ​ការ​ភ្នែក​​ទាំង​គូ​តាំង​​​ពី​កំ​ណើត​ ប៉ុន្តែ​មិន​អាច​បំ​បាក់​នូវ​សេក្ដី​សង្ឃឹម​ស្វែង​រក​អ​នា​គត​ដ៏​ភ្លឺ​ស្វាង​ឡើយ​។

បង​ស្រី​ថាច់​ធី​ហ្វាញ់​​ ពិ​ការ​ភ្នែក​តាំង​ពី​តូច​ ប៉ុន្តែ​មាន​ឆន្ទៈ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។

ប​ង​ហ្វាញ់​កើត​មក​ក្នុង​គ្រួ​សារ​ក្រ​លំ​បាក​។ ម្តាយ​បង​គឺ​លោក​យាយ​​​ថាច់ធី​ញ័រ​ បាន​រៀប​រាប់​ប្រាប់​ថា​៖ “ហ្វាញ់​គ្មាន​សំ​ណាង​ ដូច​បង​ស្រី​និង​ប្អូន​ស្រី​របស់​វា​ទេ។​ ព្រោះ​កើត​មក​​ភ្លាម​ រង​ពិ​ការ​ភ្នែក​ទាំង​សង​ខាង​ កាល​នោះ ​ជីវ​ភាព​​គ្រួ​សារ​ខ្ញុំ​សែន​លំ​បាក​ ខ្វះ​មុខ​ខ្វះ​ក្រោយ​ អញ្ចឹង​ហើយ​គ្មាន​លុយ​កាក់​ដើម្បី​ទៅ​ព្យា​បាលភ្នែក​ឲ្យ​​កូន​ទេ”​។

ទោះ​បី​ដូច្នោះ​ក្តី​ តាំង​ពី​តូច​បង​ស្រី​មាន​ឆន្ទៈ​ រឹង​មាំ ​ដើម្បី​សម្រប​ខ្លួនជា​មួយ​នឹង​ជីវ​ភាព​ប្រ​ចាំ​​ថ្ងៃ​។ បង​ស្រី​បាន​ចែក​រំ​លែក​៖ “ ខ្លួន​ខ្ញុំ​កើត​មក​រង​ការ​ពិ​ការ​ មិន​ដូច​ក្មេង​ៗ​ដ​ទៃ​ទៀត​។ ពេល​ខ្លះ​ក៏​តូច​ចិត្ត​នឹង​វាស​នា​ខ្លួន​ឯង​ដែរ​ ប៉ុន្តែ​ធ្វើ​ម្តេច​បើ​គ្រួ​សារ​យើង​ក្រ​! ម៉្យាង​ឪ​ពុក​ម្តាយ​ បង​ស្រី​ និងប្អូន​ស្រី​ សព្វ​ថ្ងៃ​តែង​ទៅ​ពល​កម្ម​ហត់​នឿយ​ហើយ​ នូវ​តែ​ខ្វះ​គ្រាន់​​ ព្រមទាំង​ឆ្លៀត​ពេល​គិត​គូរ​ មើល​ថែ​រ​ខ្ញុំ​ទៀត​”។ ដោយ​ឆាប់​យល់​សាច់​ការ​ ម្ល៉ោះ​ហើយ​តាំង​ពី​តូច​ បង​ស្រី​តែង​ថែទាំ​ខ្លួន​ឯង​ផ្ទាល់​។ កាន់តែ​ធំកាន់​តែ​ដឹង​ក្តី​ បង​ស្រី​មាន​ឆន្ទៈ​ឈាន​​ឡើង​ដោយ​ខ្លួន​ឯង​ “គឺ​ខ្លួន​ទី​ពឹង​ខ្លួន​”។ “ឪ​ពុក​ ម្តាយ​មួយ​ថ្ងៃ​ៗ​កាន់​តែ​ចាស់​ នៅ​តែ​ស៊ូ​ទ្រាំ​នឿយ​ហត់​ធ្វើ​ការ​ងារ​ឈ្នួល ពេល​ខ្លះ​ចាក​ពី​ស្រុក​កំ​ណើត​​ទៅ​ស៊ី​ឈ្នួល​នៅ​ស្រុក​គេ​។ រី​ឯ​បងស្រី​ និង​ប្អូន​ស្រី​ក៏​មាន​គ្រួ​សារ​រៀង​ៗ​ខ្លួន​ ហេតុ​នេះ ​ខ្លួន​យើង​​មិន​គិត​គូរ​ឲ្យ​ខ្លូន​យើង​ តើ​មាន​អ្នក​ណា​គេ​គិត​គូរ​​ឲ្យ​” បង​ហ្វាញ់​បាន​បង្ហើប​ឲ្យ​ដឹង​ដូច្នេះ​។

​ដោយ​សារ​ហេតុ​នេះ​ បង​ស្រី​បាន​ទៅ​កាន់​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​បង្កើត​ការ​ងារ​ធ្វើ​សម្រាប់​ជន​ពិ​ការ​នៅ​ក្រុង​ត្រា​វិញ​។ នៅ​​ទីនេះ​ ដោយ​ការ​ខ្នះ​ខ្នែង​ ប្រឹង​ប្រែង​របស់​ខ្លួន​ ព្រម​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​ណែ​នាំ​អស់​ពី​ចិត្ត​នៃ​​លោក​គ្រូ​ អ្នក​គ្រូ​ បង​ក៏​រៀន​បាន​សម្រេច​វគ្គសិក្សា​ មុខ​របរMassage ក្នុង​រយៈ​ពេល​៦​ខែ​។ បង​ហ្វាញ់​ បាន​ប្រាប់​ថា​៖ “ មុខ​របរ​ Massage នេះ ​រួម​ដំ​ណើរ​​ជា​មួយ​ខ្ញុំ​បាន​៨​ឆ្នាំ​ហើយ​។ ក្នុ​ងអំ​ឡុង​ពេល​នេះ​ ជួ​ន​កាល​ទៅ​ទី​នេះ​ជួន​កាល​ទៅ​ទី​ទី​នោះ​ ម្តង​ក្រុង​​កឹង​ធើ ម្តង​ប៊ិញ​យឿង​ ពេល​ខ្លះ​ទៅ​គៀង​យ៉ាង​ ដោយ​សារ​​តែ​ប្រាក់​ចំ​ណូល​មិនលំ​នឹង​ ប៉ុន្តែ​ក៏​ជួយ​ឲ្យ​ខ្ញុំ​អាច​ចិញ្ចឹម​ខ្លួន​ឯង​បាន​”។

នា​ពេល​ដែល​បង​ព្រួយ​បា​រម្ភ​យ៉ាង​ខ្លាំង​អំ​ពី​​ខ្សែ​ជី​វិត​នា​អ​នា​គត​ ភព្វព្រេង​​វាស​នា​បាន​ជម្រុញ​ ឲ្យ​បង​ស្រី​បាន​ជួប​នឹង​បង​សើុង​ភឿង​ កើត​ឆ្នាំ​១៩៨០។ បង​ភឿង​ក៏​ជា​អ្នក​ពិ​ការ​ភ្នែក​ ហើយ​ក៏​ប្រ​កប​មុខ​របរ​ Massage ម្ល៉ោះ​ហើយ​ក៏​មាន​ការ​​រាប់​អាន​ យោគ​យល់​គ្នា​ មាន​បំ​ណង​ថែ​រក្សា​គ្នា​​ទៅ​វិញ​ទៅ​មក​អស់​មួយ​ជីវិ​ត​ អ្នក​ទាំង​ពីរ​បាន​រៀប​​ការ​កាល​ពីឆ្នាំ​២០១៨។ បច្ចុ​ប្បន្ន គ្រួ​សារ​របស់​អ្នក​​ទាំង​ពី​រ​ពោរ​ពេញ​ទៅដោយ​សុ​ភ​មង្គល​ ត្បិត​ជិត​សម្រាល​កូន​ច្បង​។ល។ “ ខ្ញុំ​ជិត​ដល់​ថ្ងៃ​សម្រាល​​កូន ហេតុ​ដូច្នេះ​ខ្ញុំ​នៅ​ផ្ទះ​គិត​គូរ​បាយ​ទឹក​​ប្រា​ក់​ចាយ​វាយ​រយៈ​ពេល​នេះ​គឺ​ប្តីខ្ញុំ​ជា​អ្នក​រក​។ ទោះ​បី​​ដឹង​ថា​នៅ​មាន​ការ​លំ​បាក​ជា​ច្រើន​ ប៉ុន្តែ​ប្តី​ប្រ​ពន្ធ​​ខ្ញុំនឹង​ស្រុះ​ចិត្ត​គំ​និត​គ្នា​ឆ្លង​កាត់​ ដើម្បី​មិន​ក្លាយ​ជា​បន្ទុក​ធ្ងន់​របស់​គ្រួ​សារ និង​សង្គម​ឡើយ​” -បង​ហ្វាញ់​បាន​ឲ្យ​ដឹង​ដូច្នេះ​៕

អៀង​ខ្វា

ចែករំលែកអត្ថបទ