ប៉ុន្មានឆ្នាំកន្លង ឃុំអាងហ៊ីប ស្រុកចូវថាញ់ ខេត្តសុកត្រាំង ខិតខំកៀរគរប្រភពទុនផ្សេងៗដើម្បីឧបត្ថម្ភគ្រួសារក្រីក្រ ពិសេសគឺគ្រួសារជនរួមជាតិខ្មែរដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ អាស្រ័យហេតុនោះ ឃើញថាជីវភាពរបស់ជនរួមជាតិខ្មែរបានឈានឡើងជាលំដាប់។
បងស្រី យឿងធីដែប (ខាងស្តាំ) នៅភូមិពាងសំរឹទ្ធិ មានសេចក្តីត្រេកអរជាអនេក ខណៈពេលបានរដ្ឋឧបត្ថម្ភផ្ទះ ដើមទុនរកស៊ីដើម្បីលំនឹងជីវភាព។
ឆ្នាំ២០១៨ ឃុំអាងហ៊ីប បានកសាងទម្រង់ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ចដល់អ្នកក្របានចំនួន២១៥គ្រួសារ ដូច៖ ជំនួយគោ កូនជ្រូក និងពូជដំណាំជាដើម; សាងសង់ ជួសជុលផ្ទះជូនគ្រួសារក្រីក្រចំនួន៧០ខ្នង ដោយមូលនិធិដើម្បីអ្នកក្រនៅភូមិភាគ។ ក្រៅពីនេះ ឃុំក៏បានបើកថ្នាក់កាត់ដេរជាលក្ខណៈឧស្សាហកម្មបានចំនួន៥ថ្នាក់ និងឧទ្ទេសនាមពលករ-ការិនីចូលធ្វើការតាមក្រុមហ៊ុនកាត់ដេរនានានៅមណ្ឌលឧស្សាហកម្មអាងហ៊ីបបានចំនួន១១២នាក់; ដោះស្រាយជូនប្រជាជនរាប់ពាន់លើកគ្រួសារ បុលដើមទុនពីធនាគារគោលនយោបាយសង្គមដើម្បីលក់ដូរ ចិញ្ចឹមសត្វ ឬក៏ផ្ទេរមុខរបរ។ល។ ហេតុដូច្នោះ បានជាគ្រួសារក្រីក្រមានឱកាសលើកស្ទួយជីវភាព។
បងស្រីគឹមង៉ុកយ្វៀន នៅភូមិពាងសំរឹទ្ធិ ឲ្យដឹង៖ “ឆ្នាំនេះ គ្រួសារនាងខ្ញុំបុលដើមទុនបាន៤០លានដុង ហើយរដ្ឋអំណាចជំនួយគោបានមួយក្បាល។ ពេលមានដើមទុន នាងខ្ញុំបើកហាងលក់គ្រឿងបរិភោគក្បែរសាលារៀន មធ្យមភាគក្នុងមួយថ្ងៃនាងខ្ញុំរកបានប្រាក់ចំណូលប្រមាណជិត២០០.០០០ដុង ម្ល៉ោះហើយជីវភាពបានលំនឹងជាង”។ រីឯបងស្រីយឿងធីដែប នៅភូមិពាងសំរឹទ្ធិ ឲ្យដឹងដោយក្តីរីករាយ៖ “រាប់សិបឆ្នាំមកនេះ នាងខ្ញុំសង់ខ្ទមរស់នៅពឹងលើដីវត្ត ហើយដើរធ្វើការឈ្នួលចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ដើមឆ្នាំ២០១៨ បានរដ្ឋជំនួយដើមទុនទិញដីសង់ផ្ទះឥដ្ឋជូន ម្ល៉ោះហើយនាងខ្ញុំត្រេកអរណាស់! សព្វថ្ងៃមានផ្ទះនៅលំនឹង រដ្ឋក៏បានឲ្យបុលដើមទុន៥០លានដុង ដើម្បីបើកហាងលក់កាហ្វេ នំបញ្ចុកទឹកសម្ល ព្រមទាំងជំនួយជ្រូក៣ក្បាលដើម្បីចិញ្ចឹមទៀតផង។ ដូច្នេះប្តីប្រពន្ធនាងខ្ញុំខិតខំប្រិតសំចៃដើម្បីជីវភាពបានធូរធារ នាងខ្ញុំពិតជាត្រេកអរខ្លាំងណាស់ ពីព្រោះរដ្ឋបានគិតគូរដល់អ្នកក្របានល្អយ៉ាងនេះ” ។
តាមប្រសាសន៍លោកង្វៀនវ៉ាន់ហូវ ប្រធានគណៈកម្មាធិការប្រជាជនឃុំអាងហ៊ីប ឲ្យដឹង៖ រយៈពេលកន្លង ឃុំបានកំណត់ច្បាស់៖ ដើម្បីការងារលុបបំបាត់ភាពក្រីក្រដោយប្រសិទ្ធភាព នោះគប្បីផ្តុំកម្លាំងផ្តោតទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ ឧបត្ថម្ភគ្រួសារក្រីក្របុលដើមទុនអាទិភាព ជំនួយពូជ សត្វចិញ្ចឹម ពូជដំណាំ និងសាងសង់ផ្ទះ ។ល។ ទន្ទឹមនឹងនោះ រៀបចំប្រជុំប្រជាជន ស្តាប់មតិរបស់មាមីង ស្វែងយល់ពីជីវភាពគ្រួសារក្រីក្រនីមួយៗដើម្បីឧបត្ថម្ភបានសមស្រប។ ព្រមជាមួយនោះ គណៈកម្មាធិការបក្សឃុំបានផ្សព្វផ្សាយដល់គ្រប់សាខាបក្ស ចាត់បក្ខជនពិនិត្យគ្រួសារក្រីក្រដែលបានជំនួយឲ្យបានដិតដល់។ ផ្តើមពីនោះ ប្រភពដើមទុននិងទម្រង់អនុវត្តពង្រីកបានប្រសិទ្ធភាព ដូច្នេះមាមីងរកបានប្រាក់ចំណូលលំនឹងជីវភាពបានឈានឡើង។ ហេតុនោះ អត្រាគ្រួសារក្រីក្ររបស់ឃុំពី១៧% ក្នុងឆ្នាំ២០១០ បច្ចុប្បន្នថយចុះនៅតែ៣,៤% ប៉ុណ្ណោះ។ ជាពិសេស ឃុំអាងហ៊ីបបានសម្រេចជាស្ថាពរនូវលក្ខឋានប្រាក់ចំណូលនិងគ្រួសារក្រីក្រ ដើម្បីបានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី៕
យ្វីអាញ់-លីសៀ