ខេត្តអានយ៉ាងមានសាលាជនជាតិអន្តេវាសិកចំនួន៤ ក្នុងនោះ ស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះករ គឺស្រុកទ្រីតូង និងស្រុកទិញបៀនមានសាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិក រីឯសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកអានយ៉ាង មានទីតាំងនៅក្រុងចូវដុក និងសាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិ អន្តេវាសិកអានយ៉ាង មានទីតាំងនៅស្រុកទ្រីតូង។ សាលាជនជាតិអន្តេវាសិកទាំងនេះ បានឆ្លើយតបទៅនឹងតម្រូវការស្នាក់នៅរៀនសូត្ររបស់សិស្សានុសិស្សជនជាតិភាគតិចលើភូមិសាស្រ្ត។
ឈុតសម្តែងសិល្បៈរបស់សិស្សសាលាជនជាតិអន្តេវាសិកអានយ៉ាង។
សិស្សជនជាតិភាគតិច ភាគច្រើនបញ្ចប់កម្រិតមធ្យមសិក្សាមូលដ្ឋានប្រឡងមិនជាប់ថ្នាក់ទី១០ប្រព័ន្ធរៀបរយ ក៏ឈប់រៀននៅផ្ទះជួយការគ្រួសារឬទៅធ្វើការនៅក្រៅខេត្ត មួយចំនួនទៀតគ្មានមុខរបរ។ល។ បងស្រីនាងញុម នៅឃុំចូវឡាំង ស្រុកទ្រីតូង ឲ្យដឹង៖ “ដោយឃើញកូនប្រឡងមិនជាប់មធ្យមសិក្សាចំណេះទូទៅ នាងខ្ញុំបារម្ភខ្លាចកូននៅផ្ទះដើរលេងរហេតរហូត ម្ល៉ោះហើយក៏នាំឡើងប៊ិញយឿងដើម្បីរកការងារធ្វើ។ ពីព្រោះមិនទាន់គ្រប់អាយុពលកម្ម ម្ល៉ោះហើយប្រាក់បៀវត្សបានមិនច្រើនទេ។ ឃើញដូច្នោះ នាងខ្ញុំហៅកូនឲ្យចូលរៀននៅសាលាមធ្យមសិក្សាវិជ្ជាជីវៈ ៣ឆ្នាំក្រោយ កូនខ្ញុំមានសញ្ញាប័ត្រចំណេះទូទៅផង មានមុខរបរដើម្បីទៅធ្វើការនឹងគេផង”។ តាមប្រសាសន៍លោកស៊ូការី នាយការិយាល័យគណៈជនជាតិខេត្តអានយ៉ាង ឲ្យដឹង៖ ឆ្លងតាមរយៈនៃការពិនិត្យ ឃើញថាសិស្សក្រោយពីបញ្ចប់មធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកអានយ៉ាង ភាគច្រើនមានការងារធ្វើលំនឹងរកបានប្រាក់ចំណូលពី៦-៧លានដុង/ខែ កើនទ្វេដងបើធៀបនឹងសិស្សដែលបោះបង់ការរៀនសូត្រប្រញាប់ទៅធ្វើការមុននោះ។ ក្រៅពីរបបឥតបង់ថ្លៃសាលានិងកម្រៃប្រឡងជម្រើសសិស្សសាលាថែមទាំងបានទទួលអាហារូបករណ៍គោលនយោបាយស្មើនឹង៨០%នៃប្រាក់បៀវត្សអប្បបរមារបស់រដ្ឋ ជំនួយដល់ការទិញសិក្ខូបករណ៍ មានដូចជាសៀវភៅពុម្ព និងថែទាំសុខភាព ប្រាក់បង់ថ្លៃ អគ្គិសនី ទឹកប្រើប្រាស់ ប្រាក់ហូបចុកប្រចាំថ្ងៃពេលស្នាក់នៅអន្តេវាសិក។ ម្យ៉ាងទៀត សិស្សដែលរៀនសម្រេចលទ្ធផលគ្រាន់បើ ក៏បានផ្តល់ជារង្វាន់ទឹកប្រាក់។ល។ កម្មាភិបាល គ្រូបង្រៀន បុគ្គលិកធ្វើការនៅទីនេះជាង៥០% ជាជនជាតិខ្មែរ ទើបមានការយល់ច្បាស់ពីទំនៀមទម្លាប់ និងមានភាពជិតស្និទ្ធងាយស្រួលដល់ប្អូនៗស្នាក់នៅរៀនសូត្រ។
បងស្រីនាងសាវឿន នៅភូមិតូធ្វឹង ឃុំណូយតូ ស្រុកទ្រីតូង ឲ្យដឹង៖ “កាលពីមុននេះ នាងខ្ញុំគិតថាឲ្យកូនឈប់រៀន ដើម្បីនៅផ្ទះ ជួយធ្វើស្រែចម្ការ ប៉ុន្តែឃើញកូនសង្វាតរៀនសូត្រ ខ្ញុំមិនដាច់ចិត្តឲ្យកូនឈប់រៀន។ មិនតែប៉ុណ្ណោះ ក្នុងភូមិនាងខ្ញុំរស់នៅសព្វថ្ងៃ គេតិចឲ្យកូនចៅឈប់រៀនណាស់។ កាលនៅតូចឪពុកម្តាយជូនទៅមកលុះដល់ពេលគ្រប់អាយុកូនចៅ ចូលរៀននៅសាលាជនជាតិអន្តេវាសិក។ ពេលចូលរៀនសាលាជនជាតិបានរដ្ឋគិតគូរទាំងស្រុង ម្ល៉ោះហើយកូនចៅយើងរៀនសូត្រមានការងាយស្រួលណាស់។ ប្រសិនបើរៀនចប់កម្រិត២ ប៉ុន្តែប្រឡងមិនជាប់ចូលកម្រិត៣ នោះគឺចូលរៀនសាលាវិជ្ជាជីវៈនៅនឹងស្រុកតែម្តង”៕
ហាថាញ់-លីសៀ