កាលបើមកកាន់អនុសង្កាត់៦ សង្កាត់៩ ខេត្តត្រាវិញ សាកសួររកលោកគ្រូសឺនកៅថាំង នរណាក៏ស្គាល់ដែរ។ ដ្បិតអីក្រៅពីសម្រេចបានស្នាដៃជាច្រើនផ្នែកអប់រំ លោកគ្រូនៅទាំងជាគ្រូហាត់របាំប្រពៃណីខ្មែរទៀតផង។ ជាមួយនឹងស្នាដៃរួមចំណែករបស់ខ្លួន លោកគ្រូសឺនកៅថាំង ទទួលបានពានរង្វាន់ប័ណ្ណសរសើរជាច្រើន ព្រោះបុព្វហេតុថែ រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរណាមបូ។
លោកគ្រូសឺនកៅថាំង កំពុងហាត់របាំដល់ក្មួយៗកុមារនៅសង្កាត់៨។
លោកគ្រូសឺនកៅថាំង ឲ្យដឹង៖ “កាលពីនៅតូចខ្ញុំតែងជក់ចិត្តផ្តិតអារម្មណ៍យ៉ាងខ្លាំងទៅលើអក្សរសិល្ប៍ សិល្បៈ និងរបាំប្រពៃណីខ្មែរ។ ឆ្នាំ២០១០ ខ្ញុំប្រឡងជាប់បរិញ្ញាប័ត្រមហាវិទ្យាល័យផ្នែកភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ នៅសាកលវិទ្យាល័យត្រាវិញ រួចបានសាលាទទួលចូលបម្រើការងារជាគ្រូបង្រៀនខាងវិញ្ញាសាដែលទាក់ទិននឹងផ្នែកសិល្បៈវប្បធម៌ខ្មែរ” ។
ដោយការជក់ចិត្ត និងមានការយល់ដឹងអំពីរបាំប្រពៃណីខ្មែរ ម្ល៉ោះហើយ លោកគ្រូសឺនកៅថាំង ត្រូវបានប្រគល់ភារកិច្ចជាអ្នកចងក្រងតម្លើងនិងបង្កើតកម្មវិធីសិល្បៈខ្មែរនៅក្នុងសាលា។ ចំពោះឈុតរបាំបុរាណខ្មែរ លោកគ្រូសឺនកៅថាំង តែងខិតខំស្រាវជ្រាវនិងច្នៃ បង្កើតបាននូវឧបករណ៍ជាច្រើន មានដូច មកុដ ក្បាំងមុខ។ល។ ធ្វើអំពីវត្ថុធាតុ camposite សមស្របនឹងតួអង្គនីមួយៗ និងដិតដាមដោយលក្ខណៈប្រពៃណីខ្មែរ។ មិនតែប៉ុណ្ណោះ លោកគ្រូថាំង នៅទាំងសហការរៀបចំសិក្ខាសាលា ហ្វឹកហ្វឺន ប្រជុំជីវភាពវប្បធម៌ជនជាតិ ប្រមែប្រមូល សិក្សាស្រាវជ្រាវឯកសារទាក់ទិនដល់វប្បធម៌ សិល្បៈខ្មែរ។ ជាពិសេស លោកគ្រូនៅទាំងរៀបរៀង និពន្ធល្ខោនយូរកេរ; និពន្ធកំណាព្យអក្សរសិល្ប៍វៀត-ខ្មែរ។ល។
ដោយសារការខិតខំឃ្មាតខ្មី និងសម្រេចបានស្នាដៃយ៉ាងច្រើនក្នុងវិស័យវប្បធម៌សិល្បៈ ពិសេសខាងផ្នែករបាំប្រពៃណី បានជារយៈពេលកន្លង មានអង្គភាពជាច្រើនបានអញ្ជើញលោកគ្រូសឺនកៅថាំង ទៅបង្ហាត់របាំ មានដូចសាលាចំណេះទូទៅជនជាតិអន្តេវាសិក ស្រុកកូវង៉ាង សាលាចំណេះទូទៅជនជាតិអន្តេវាសិកត្រាវិញ និងមជ្ឈមណ្ឌលវប្បធម៌ខេត្តត្រាវិញជាដើម។ ឆ្នាំ២០១៨ លោកគ្រូសឺន កៅថាំងក៏បានសមាគមសហព័ន្ធ នារីសង្កាត់៨ ក្រុងត្រាវិញ អញ្ជើញទៅបង្ហាត់របាំឲ្យក្រុម “វប្បធម៌សិល្បៈប្រពៃណីខ្មែរ” របស់សង្កាត់។ សឺនធីទ្រុកង៉ឹន សិស្សថ្នាក់ទី៤/២នៃសាលាបឋមសិក្សាង្វៀនត្រាយ សង្កាត់៨ ក្រុងត្រាវិញ ចែករំលែក៖ “ក្មួយចូលចិត្ត លោកគ្រូថាំង បង្ហាត់របាំខ្លាំងណាស់។ ពីព្រោះ លោកគ្រូបង្ហាត់ងាយចេះ! ដោយសារបានលោកគ្រូបង្ហាត់ ទើបឥឡូវនេះ ក្មួយអាចរាំបានក្បាច់របាំដែលពិបាកទៀតផង ។ល។”
ថ្វីបើជាប់រវល់នឹងការងារមុខជំនាញ មួយអន្លើដោយចំណាយពេលយ៉ាងច្រើនក្នុងការស្រាវជ្រាវ បង្ហាត់បង្រៀនរបាំប្រពៃណីខ្មែរក៏ពិតមែន ប៉ុន្តែលោកគ្រូសឺនកៅថាំង នៅតែខំឃ្មាតខ្មីបង្កើនកម្រិតវិជ្ជារបស់ខ្លួនជានិច្ច។ លោកគ្រូសឺនកៅថាំង បានសំណេះសំណាល៖ “ខ្ញុំកំពុងសិក្សាថ្នាក់បណ្ឌិតឆ្នាំចុងបញ្ចប់នៅសាកលវិទ្យាល័យត្រាវិញ ផ្នែកវប្បធម៌វិទ្យា ឯកទេសខាងវប្បធម៌ខ្មែរណាមបូ។ ខ្ញុំមានបំណងនាំយកនូវចំណេះដឹងដែល បានរៀននិងស្រាវជ្រាវ ក៏ដូចជាចំណេះដឹងផ្ទាល់ខ្លួន ដើម្បីរួមចំណែកថែរក្សាវប្បធម៌ ពង្រីកសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ” ៕
ទីទុយ-ធី