“ដរាបណានៅមានកម្លាំងពលំ ដរាបនោះ ខ្ញុំតែងរិះគិតដល់ការយកអស់នូវបញ្ញាស្មារតីគិតគូរជូនផ្នែកអប់រំក្នុងខេត្តរបស់ខ្លួនជានិច្ច ពិសេស គឺគិតគូរដល់កូនចៅសិស្សានុសិស្សជាជនជាតិខ្មែរ។ល។” នោះគឺជាការអះអាងរបស់គ្រូបង្រៀនប្រជាជន ឡឹមអែស-ប្រធានសមាគមជំរុញការសិក្សាខេត្តសុកត្រាំង។ ដោយការអស់ពីចិត្តនោះហើយ ទោះជាអាយុជិត៨០ឆ្នាំក៏ដោយ ក៏លោកគ្រូនៅតែយកអស់ពីសមត្ថភាពរបស់ខ្លួនផ្តោតលើបុព្វហេតុអប់រំក្នុងខេត្ត ហើយអស់ពីចិត្តចំពោះការងារជំរុញការសិក្សា ជំរុញបញ្ញា។
គ្រូបង្រៀនប្រជាជនឡឹមអែស ក្បែរធើរសៀវភៅរបស់ខ្លួន។
ជាកូនអ្នកក្រ កំព្រាឪពុកតាំង ពីកុមារ អាយុ៨ឆ្នាំ លោកគ្រូឡឹមអែស បានម្តាយនាំទៅផ្ញើនឹងព្រះសង្ឃឲ្យរៀនសូត្រក្នុងវត្តព្រែកអណ្តើក ឃុំថាញ់ភូ ស្រុកម៉ីស្វៀន ខេត្តសុកត្រាំង។ ពេលរស់នៅក្នុងវត្ត លោកគ្រូតែងបានព្រះចៅអធិការផ្តល់ឱកាសរៀនសូត្រធម៌អាថ៌វិន័យផង រៀនអក្សរសាស្រ្តខ្មែរផង។ ដោយកំណត់ច្បាស់ក្នុងខ្លួនថា មានតែការរៀនសូត្រទេ ទើបរំដោះខ្លួនចាកផុតពីភាពក្រីក្រដូច្នេះលោកគ្រូព្យាយាមរៀនសូត្រឥតឈប់ឈរ។ ទន្ទឹមនឹងនោះលោកគ្រូបានសិក្សាស្រាវជ្រាវសៀវភៅដោយខ្លួនឯងទាំងភាសាអង់គ្លេស ទាំងភាសាបារាំង រួចប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ។ ចាប់ពីឆ្នាំ១៩៧២-១៩៧៧កាលនៅជាបព្វជិត លោកគ្រូបានចូលបង្រៀនសិស្សសាលាមធ្យមសិក្សាមូលដ្ឋានពោធិ (បច្ចុប្បន្ន ជាសាលាមធ្យមសិក្សាមូលដ្ឋាន ឡេវិញហ្វា ក្រុងសុកត្រាំង)។ លុះពេលចាកសិក្ខាបទ លោកគ្រូបម្រើការនៅមន្ទីរអប់រំខេត្តហូវយ៉ាង (ចាស់)។ ឆ្នាំ១៩៩២ លោកគ្រូទទួលតំណែងជានាយករងនៃមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំងរហូតដល់ឆ្នាំ២០០៣ ទើបចូលនិវត្តន៍។ លុះក្រោយមកលោកគ្រូទទួលតំណែងជាប្រធានសមាគមជំរុញការសិក្សាខេត្តសុកត្រាំងដល់សព្វថ្ងៃ។
ក្នុងដំណាក់កាលបម្រើការងារនៅផ្នែកអប់រំ លោកគ្រូឡឹមអែស បានយកកម្លាំងបញ្ញាចងក្រងវណ្ណកម្មជាច្រើនក្នុងការបង្ហាត់បង្រៀនចងក្រងសៀវភៅពុម្ពជាភាសាខ្មែរជាដើម។ លោកគ្រូឡឹមអែស ឲ្យដឹង៖ “សុកត្រាំងជាខេត្តមានជនរួមជាតិខ្មែរច្រើនបំផុតនៅណាមបូ ខ្ញុំគិតថាធ្វើយ៉ាងណាត្រូវតែចងក្រង ជាសៀវភៅដើម្បីបង្ហាត់បង្រៀនអក្សរខ្មែរតាមសាលារៀន។ ផ្តើមពីនោះ រូបខ្ញុំរួមជាមួយគ្រូបង្រៀនដទៃទៀតអនុវត្តបធានបទ “ចងក្រងសៀវភៅពុម្ពភាសាខ្មែរ”។ សៀវភៅ ដែលខ្ញុំពេញចិត្តបំផុត គឺគម្រោងបង្ហាត់បង្រៀនអក្សរខ្មែរនៅសាលា អនុមហាវិទ្យាល័យគរុកោសល្យសុកត្រាំង រួមមាន៣ភាគ បោះពុម្ពនៅឆ្នាំ២០០០-២០០៣។ ពីព្រោះនេះ គឺជាសៀវភៅដើម្បីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតអនុមហាវិទ្យាល័យនិងមហាវិទ្យាល័យ”។ ក្រៅពីនេះ លោកគ្រូថែមទាំងជាអគ្គនិពន្ធនាយកសៀវភៅសិក្សាភាសាខ្មែរចាប់ពីភាគ១ដល់ភាគ៧ បោះពុម្ពជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០០៤ រហូតដល់សព្វថ្ងៃទៀតផង។ បច្ចុប្បន្ន សៀវភៅសិក្សាទាំងនោះ ត្រូវបានបង្ហាត់បង្រៀនជាផ្លូវការនៅតាមសាលាបឋមសិក្សាមធ្យមសិក្សាមូលដ្ឋាន មធ្យសិក្សាចំណេះទូទៅផងដែរ។ ព្រមជាមួយនោះលោកគ្រូក៏បានចូលរួមចងក្រងឯកសារជាភាសាខ្មែរនិងបាលី សម្រាប់បង្ហាត់បង្រៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ និងបង្ហាត់បង្រៀនពុទ្ធិកសិក្សាតាមវត្តខ្មែរនានាក្នុងខេត្តទៀតផង។
បច្ចុប្បន្ន លោកគ្រូឡឹមអែស ត្រូវបានសប្បុរសជន ក្រុមហ៊ុនអាជីវកម្មនៅក្នុងនិងក្រៅខេត្តជឿទុកចិត្ត រួមវិភាគទានសម្រាប់មូលនិធិជំរុញការសិក្សា ជំរុញបញ្ញាក្នុងខេត្តផងដែរ។ អាស្រ័យហេតុនោះ បានជួយប្អូនៗសិស្ស និស្សិតជនជាតិខ្មែរក្រីក្រខ្មែររាប់សិបពាន់នាក់ឆ្លងកាត់ការលំបាក រៀនពូកែទទួលបានអាហារូបករណ៍ដើម្បីរៀនសូត្រជាបន្ត “មកទល់ពេលនេះ ពេលអ្នកដទៃគោរពរាប់អាននិងជំរាបសួរ ហៅរូបខ្ញុំថា”គ្រូៗ” គឺខ្ញុំមានភាពកក់ក្តៅពោរពេញទៅដោយសេចក្តីសុខ។ ខ្ញុំក៏រំពឹងក្នុងចិត្តថា ប្រសិនបើធ្វើទៅរួច ខ្ញុំនឹងយកអស់កម្លាំងកាយ កម្លាំងបញ្ញាបូជាជូនបុព្វហេតុអប់រំបណ្តុះមនុស្សរហូតអវសានជីវិត” លោកគ្រូឡឹមអែស បានឲ្យដឹងដូច្នេះ។
យ្វីអាញ់-លីសៀ