18/09/2018 - 10:48

ធ្វឹង​ហ្វា យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ

ឃុំ​ធ្វឹង​ហ្វា ស្រុក​កូវ​ង៉ាង មាន​ប្រ​ជា​ជន​រស់​នៅ​​​ប្រ​មាណ​២.២៦៨​គ្រួ​សារ ដោយ​មាន​មនុស្ស​៩.៧១៧​នាក់ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​១.២៣១​គ្រួ​​សារ ស្រូប​អត្រា​៥៦​%​នៃ​ចំ​នួន​ប្រ​ជា​ជន​រួម​។ ប៉ុន្មាន​ឆ្នាំ​កន្លង សេដ្ឋ​កិច្ច​រីក​ចម្រើន​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដូច​ជា​អគ្គិ​ស​នី​ ផ្លូវ​គម​នា​គមន៍​ សា​លា​រៀន​ ដំ​ណាក់​សុ​ខា​ភិ​បាល​របស់​ឃុំ​ធ្វឹង​​ហ្វា ត្រូវ​បាន​វិ​និ​យោគ​ទុន​កសាង​ គោល​​ន​យោ​បាយ​សុ​ខុ​មាល​ភាព​សង្គម​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស​។ អា​ស្រ័យ​ហេតុ​នោះ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​បាន​លំ​នឹង​ និង​លើក​កម្ពស់​។

អា​ស្រ័យ​បាន​បុល​ប្រាក់​ឥណ​ទាន​ ទើប​គ្រួ​សារ​បង​ថាច់​ហ្វាយ​ផុង​ ខ្នះ​ខ្នែង​រក​ស៊ី​ទិញ​បាន​ម៉ា​ស៊ីន​

ច្រូត​បោក​ចម្រុះ​មួយ​គ្រឿង​។

លោក​ង្វៀន​វ៉ាន់​ហុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ្វា ​ឲ្យ​ដឹង​៖ “សេដ្ឋ​កិច្ច​របស់​ឃុំ​បង្អែក​លើក​សិ​កម្ម​ជា​សំ​ខាន់​។ រយៈ​ពេល​កន្លង រដ្ឋ​អំ​ណាច​ឃុំ​បាន​ផ្តុំ​កម្លាំង​ណែ​នាំ​​ប្រ​ជា​ជន​បង្វែរ​រចនា​សម្ព័ន្ធ​ផ​លិត​កម្ម​សម​ស្រប ឧបត្ថម្ភ​បុល​ទុន​ពី​ធ​នា​គារ​គោល​ន​យោ​បាយ​​សង្គម ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស ពង្រីក​ទម្រង់​សេដ្ឋ​កិច្ច​ដែល​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​។ល។ ផ្តើម​ពី​នោះ បរិ​មាណ​ផល​ដាំ​ដុះ​និង​នេ​សាទ​ជល​ផល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​ គុណ​ភាព​និង​ទិន្នផលស្រូវ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ខ្ពស់​។ ចំ​នួន​គ្រួ​សារចិញ្ចឹម​​គោ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​”។

បង​ស្រី​ថាច់​ធី​ហុង​ហ្វា នៅ​ភូមិ​ផ្នោ​ហាញ់​ ឲ្យ​ដឹង​៖ “ឆ្នាំ​២០១៦ គ្រួ​សារ​ខ្ញុំ​បាន​សា​ខា​សមា​គម​នា​រី​ភូមិ​ផ្នោ​ហាញ់​ ឧទ្ទេស​នា​ម​បុល​ទុន​បាន​១៥​លាន​ដុង​។ ខ្ញុំ​ជួល​ដី​៥​កុង​ដើម្បី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ និង​ទិញ​គោ​ចិញ្ចឹម​។ ឥ​ឡូវ​គ្រួ​សារ​ខ្ញុំ​មាន​គោ​ដល់​ទៅ​៨​ក្បាល​។ ម្យ៉ាង​ទៀត ខ្ញុំ​ទិញ​ដី​ស្រែ​បន្ថែម​បាន​៦​កុង​ និង​សង់​បាន​ផ្ទះ​មួយ​ខ្នង គិត​ជា​តម្លៃ​២៣០​លាន​ដុង​។ល។ គ្រួ​សារ​ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​ដល់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ពិ​សេស​គឺ​សមា​គម​នា​រី​ឃុំ​ បាន​បង្ក​លក្ខណៈ​ឲ្យ​បុល​ទុន​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ដើម្បី​ខ្ញុំ​ធ្វើ​ការ​រក​ស៊ី ឈាន​​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”​។ បង​ថាច់​ហ្វាយ​ផុង នៅ​ភូមិ​ផ្នោ​ហាញ់​ ឲ្យ​ដឹង​៖ “ពី​មុន​គ្រួ​សារ​​ខ្ញុំ​ក្រ​​ណាស់​។ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ធ្វើ​ការ​ឈ្នួល​។ អា​ស្រ័យ​មាន​កម្ម​វិ​ធី​១៦៧ ឧបត្ថម្ភ​ដី​លំ​នៅ​ឋាន​ បន្ទាប់​ពី​នោះ​ឧបត្ថម្ភ​បុល​ប្រាក់​ឥណ​ទាន​។ល។ ខ្ញុំ​​បុល​​បាន​​៣០​​លាន​​ដុង​សម្រាប់​​ឲ្យ​​កូន​​រៀន​​​ម​​ហា​វិ​ទ្យា​ល័យ​ត្រា​វិញ និង​ទិញ​គោ​ចិញ្ចឹម​។ អា​ស្រ័យ​ប្រិត​សំ​ចៃ​ក្នុង​ការ​ចាយ​វាយ​ គ្រួ​សារ​ខ្ញុំ​ទិញ​ម៉ា​ស៊ីន​ច្រូត​បោក​ចម្រុះ​បាន​មួយ​គ្រឿង និង​ដី​ស្រែ​បាន​៥​កុង​។ បច្ចុ​ប្បន្ន ប្រាក់​ចំ​ណូល​ពី​ចិញ្ចឹម​គោ ធ្វើ​ស្រែ ស៊ី​ឈ្នួល​ច្រូត​កាត់​គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណេញ​ជាង​១០០​លានដុង​​/ឆ្នាំ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ដល់​ពល​ករ​នៅ​ភូមិ​ភាគ​បាន​៦​នាក់​ ដោយ​ប្រាក់​ចំ​ណូល​៣០០​.០០០​ដុង​/ម្នាក់​/ថ្ងៃ​”។

លោក​ង្វៀន​វ៉ាន់​ហុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ្វា ឲ្យ​ដឹង​៖ អា​ស្រ័យ​អនុ​វត្ត​ល្អ​នូវ​គោល​ន​យោ​បាយ​ចំ​ពោះ​តំ​បន់​ជន​រួម​ជាតិ ទើប​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឃុំ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ប្រ​ចក្ស​។ រៀង​រាល់​​ឆ្នាំ ទូ​ទាំង​ឃុំ​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ចាក​​ផុត​ពី​ភាព​ក្រី​ក្រ​ប្រ​មាណ​១០​គ្រួ​សារ​។ នៅ​ពេល​ខាង​មុខ ឃុំ​នឹង​បន្ត​ការ​ចលនា​ប្រ​ជា​​ជន​បង្វែរ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​ ដាំ​ដំ​ណាំ រួម​ផ្សំ​នៅ​កន្លែង​ដែល​មាន​លក្ខណ​សម្បត្តិ​សម​ស្រប​ ធ្វើ​ស្រែ​​និង​ចិញ្ចឹម​ជល​ផល​ ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​៕

                   សឺន​ម៉ា​ល័យ​-វិ​មាន

ចែករំលែកអត្ថបទ