ដោយសារគួបផ្សំទម្រង់ចិញ្ចឹមសត្វនិងផលិតកម្ម ក្នុងអំឡុង៥ឆ្នាំប៉ុណ្ណោះ បងថាច់កា នៅឃុំថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ សង់បានផ្ទះមួយខ្នងយ៉ាងសមរម្យ។ មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ បងថែមទាំងអស់ពីចិត្តចែករំលែកនូវបទពិសោធន៍ និងឧបត្ថម្ភមាមីងរួមគ្នាបង្កបង្កើនផលទៀតផង។
បងថាច់កា (ខាងឆ្វេង) បង្ហាញគោដែលទើបទិញមកដើម្បីបន្ធាត់។
បងថាច់កា មានដើមកំណើតនៅស្រុកតាឱន ខេត្តវិញឡុង។ គាត់មកសាងអាជីពនៅស្រុកកំណើតប្រពន្ធ នៅភូមិថើយត្រឿង២ ឃុំថើយស្វឹង។ បងកា រៀបរាប់ឲ្យដឹង៖ “កាលបង្កើតអាជីពដំបូង ខ្ញុំមានតែបាទដៃទទេ។ ដោយសារប្តីប្រពន្ធស្រុះចិត្តស្រុះគំនិតគ្នា រួមជាមួយនឹងការឧបត្ថម្ភរបស់រដ្ឋអំណាច និងមាមីងជិតខាង ម្ល៉ោះហើយទើបខ្ញុំមានជីវភាពលំនឹងដូចសព្វថ្ងៃ។ ខ្ញុំផ្តើមអាជីពពីទម្រង់ចិញ្ចឹមគោ និងកែប្រែចម្ការក្រូចថ្លុង។ មកទល់ពេលនេះ ទម្រង់ទាំងពីរនេះបានសម្រេចជោគជ័យ។ មាមីងជាច្រើនក្នុងភូមិក៏ចាប់ផ្តើមអនុវត្តទម្រង់នេះក្នុងការផលិតដែរ អ្នកណាមានតម្រូវការគឺខ្ញុំជួយដោយអស់ពីចិត្តពីថ្លើម”។
ចិញ្ចឹមគោនិងដាំក្រូចថ្លុង គឺជាទម្រង់ទូទៅនៅស្រុកតាឱននិយាយដោយឡែក និងខេត្តវិញឡុងនិយាយរួម។ ជាមួយនឹងបទពិសោធន៍របស់ខ្លួន បងថាច់កា បានកែតម្រូវពូជដំណាំ សត្វចិញ្ចឹម ដើម្បីសមស្របជាមួយនឹងតំបន់ដីថ្មី។ បច្ចុប្បន្ន ក្នុងមួយឆ្នាំបងលក់គោបានពី១០-១៥ក្បាល នាំមកប្រាក់ចំណូលជូនគ្រួសារប្រមាណពី១០០-១៥០លានដុង។ ទន្ទឹមនឹងនោះ ផ្ទៃដីដាំក្រូចថ្លុង១០កុងរបស់បងក៏បាននាំមកប្រាក់ចំណូលលំនឹងដែរ។
ដើមឆ្នាំ២០១៨ បងថាច់កា បានបើកកសិដ្ឋានផ្គត់ផ្គង់ពូជដំណាំជួញដូរគោនៅភូមិភាគ។ បើកកសិដ្ឋាននេះ ដើម្បីផ្គត់ផ្គង់ប្រភពគោពូជគុណភាពក៏ដូចជាធានាច្រកចេញជូនមាមីងចិញ្ចឹមគោនៅទីនេះ។ ក្រៅពីនោះ កសិដ្ឋានរបស់បងថែមទាំងទទួលផ្គត់ផ្គង់ពូជក្រូចថ្លុង មានប្រភពពីស្រុកតាឱនដល់មាមីង ដែលមានតម្រូវការទៀតផង។
តាមប្រសាសន៍បងថាច់កា ចិញ្ចឹមសត្វនិងផលិតកម្ម សំខាន់បំផុតគឺជ្រើសបានពូជដំណាំ សត្វចិញ្ចឹមល្អ បន្ទាប់មកទៀតគឺមានច្រកចេញលំនឹង។ អាស្រ័យហេតុនោះ បងក៏បើកកសិដ្ឋាន ដោយគោលដៅនាំយកបទពិសោធន៍ជ្រើសពូជនិងបទពិសោធន៍ជួញដូរចែករំលែកជាមួយនឹងមាមីង។ ពេលខាងមុខ បងថាច់កានិងគ្រួសារចិញ្ចឹមគោក្នុងភូមិមានផែនការអនុវត្តទម្រង់ចិញ្ចឹមជន្លេនទេសពីលាមកគោ ទទួលផ្គត់ផ្គង់ជីជីវសាស្រ្តដល់មូលដ្ឋានដាំផ្កាលម្អ ដើម្បីរកប្រាក់ចំណូលបនែ្ថមពីការចិញ្ចឹមគោ។
ពូលីយ្វៀន អនុប្រធានភូមិថើយត្រឿង២ ឲ្យដឹង៖ “អាស្រ័យគំរូរបស់ក្មួយថាច់កា ទើបយុវជនជាច្រើនក្នុងភូមិខ្នះខ្នែងធ្វើការរកស៊ី ប្រឡងប្រណាំងបង្កើតអាជីព”៕
ថាច់ថាញ់ភូ-វិមាន