13/07/2017 - 16:36

អ្នកអភិរក្សរបរត្បាញកន្ទេល

ទោះ​បី​ជួប​ការ​លំ​បាក​ច្រើន ប៉ុន្តែអ្នក​មីង​ថាច់​ធី​សិណ នៅ​​​ភូមិ​តា​អុង ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ (ខេត្ត​សុក​ត្រាំង​) តែង​ប្តេជ្ញា​ចិត្ត​អភិ​រក្ស​របរ​ត្បាញ​កន្ទេល​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។ ជា​មួយ​នឹង​កី​តម្បាញ​យ៉ាង​សា​មញ្ញ អ្នក​មីង​ថាច់​ធី​សិណ អាច​ត្បាញ​កន្ទេល​មាន​គុណ​ភាព​ខ្ពស់ អាច​ប្រើ​ប្រាស់​បាន​​ដល់​ទៅ​១០​ឆ្នាំ។ ឆ្នាំ​នេះ អ្នក​មីង​ថាច់​ធី​សិណ មាន​អា​យុ​៦៦​ឆ្នាំ បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​របរ​ត្បាញ​កន្ទេល​ជាង​៥០​ឆ្នាំ​មក​ហើយ​។

 

 

មីង​សិណ ឲ្យ​ដឹង​៖ "ពី​មុន​នៅ​ទី​នេះ​មាន​អ្នក​ត្បាញ​កន្ទេល​ច្រើន​ណាស់​កន្ទេល​ភូមិ​តា​អុង ល្បី​ល្បាញដោយ​សារ​គុណ​ភាព​ប្រើ​បាន​យូរ​ផង ស្អាត​ផង​។ ព្រោះ​ហេតុ​នោះ ទោះជា​លំ​បាក​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​​តែ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​បាន​នូវ​ផលិត​ផល មាន​គុណ​ភាព​ល្អ។ ខ្ញុំ​ទើប​ប្រ​គល់​កន្ទេល​ជូន​អតិ​ថិ​ជន​ចំ​នួន​១០  ដោយ​តម្លៃ​ពី​៣០០.០០០​ដុង​ដល់​៥០០.០០០​ដុង​/គូ​ទៅ​តាម​ទំ​ហំ"​។ ដើម្បី​កន្ទេល​ប្រើ​ប្រាស់​បាន​យូរ អ្នក​ត្បាញ​ត្រូវ​ហ្មត់​ចត់​តាំង​ពី​ការ​ឆូត​កក់ ហាល​ជ្រ​លក់​ពណ៌​រហូត​ដល់​ការ​ត្បាញ​។ តាម​ប្រ​សាសន៍​របស់​មីង​សិណ មធ្យម​ភាព​ក្នុង​៣​ថ្ងៃ​ត្បាញ​បាន​កន្ទេល​ចំ​នួន​២ ហើយ​កន្ទេល​នី មួយ​ៗ​អាច​ប្រើ​ប្រាស់​បាន​ពី​១០​ឆ្នាំ​ឡើង​ទៅ​។  ដោយ​សារ​តែ​កន្ទេល​គុណ​ភាព​ខ្ពស់ បាន​ជា​អតិ​ថិ​ជន​នៅ​ភូមិ​ភាគ​នានា​តែង​មក​ស្វែង​រក​ទិញ​។ មីង​សិណ ឲ្យដឹង៖ "ឥ​ឡូវ​របរ​ត្បាញ​កន្ទេល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ជួប​ការ​លំ​បាក​ដោយ​សារ​នៅ​នឹង​ភូមិ​ភាគ​គ្មាន​កក់  ហេតុនោះ ទោះ​បី​អតិ​ថិ​ជន​មក​ដាក់​ពាក្យ​បញ្ជា​ទិញ​ច្រើន ខ្ញុំ​ក៏​មិន​ហាន​ទទួល​ដែរ​។ ពិ​សេស​ពេល​កាត់​កក់​យក​មក​​ត្រូវ​តែ​ឆូត​បណ្ដូល​ចោល យក​តែ​សម្បក​ទៅ​ហាល​ឲ្យ​ស្ងួត​ ចំ​ណែក​ខ្សែ​ក្រ​ចៅ​កាន់​តែ​លំ​បាក​រក​ទៀត ហេតុ​នោះ ចាំ​បាច់​ត្រូវ​ទិញ​ដោយ​តម្លៃ​១០០.០០០​ដុង​/គី​ឡូ​ក្រាម ត្បាញ​កន្ទេល​បាន​តែ​៤​ប៉ុណ្ណោះ។ ភាគ​ច្រើន​អតិ​ថិ​ជន​មក​ដាក់​ពាក្យ​បញ្ជា​ទិញ​កន្ទេល​មាន​តម្រូវ​ការ​មួយ​គូ ដោយ​មាន​រូប​ភាព​ផ្សេង​ៗ ដូច​ជា៖ សត្វ​ក្ងោក អក្សរ​ផ្កា អង្គា​សីល​ជា​ដើម​។ ដើម្បី​ធ្វើ​បាន​ដូច្នេះ អ្នក​ត្បាញ​ត្រូវ​មាន​ថ្វី​ដៃ​និង​ប៉ិន ប្រ​សប់​ក្នុង​ការ​រំ​លេច​ពណ៌​។

ដោយ​សារ​ស្រ​ឡាញ់​របរ​ប្រ​ពៃ​ណី​របស់​ដូន​តា​បន្សល់​ទុក​មក ហេតុ​នោះ​ក្នុង​ពេល​កន្លង​មក ខ្ញុំ​តែង​ខិត​ខំ​អភិ​រក្ស និង​បង្ហាត់​កូន​ចៅ​ក្នុង​គ្រួ​សារ​"។ លោក​គឹម​រុង លេ​ខា​សា​ខា​បក្ស​នឹង​ជា​ប្រ​ធាន​ភូមិ​តា​អុង ឲ្យដឹង៖ "មីង​សិណ​ស្រ​ឡាញ់​របរ ហេតុ​នោះ​គាត់​បាន​ធ្វើ​នូវ​កី​តម្បាញ​សា​មញ្ញ ដើម្បី​ត្បាញ​បាន​ជា​កន្ទេល​មាន​គុណ​ភាព​ខ្ពស់ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អតិ​ថិ​ជន។ ប្រ​ការ​នោះ គួរ​ឲ្យ​សរ​សើរ​ណាស់ ពី​ព្រោះ​របរ​ប្រ​ពៃ​ណី​​របស់​ជន​ជាតិ​ខ្មែរ ទោះ​បី​សម័យ​ណា​ក៏​ដោយ​តែង​មាន​អ្នក​អភិ​រក្ស​និង​ពង្រីក​​ "៕

លីធាន-វិមាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាច់ធីសិណ