នោះគឺជាឈ្មោះដែលកសិករខ្មែរនៅតំបន់បៃណូយ ខេត្តអាងយ៉ាងធ្លាប់ហៅចំពោះដើមត្នោត។ ពីព្រោះរដូវប្រមូលផលសំខាន់របស់ត្នោត គឺខណៈពេល "ហូបអស់ស្រូវចាស់ ឯស្រូវថ្មីមិនទាន់ទុំ" ឬហៅថាពេលប្រសព្វរដូវ។ល។
បងចៅសល កំពុងចម្ការត្នោតនៅឃុំវុាំងយ៉ាវ។
ប៉ុនា្មនថ្ងៃនេះ នៅតំបន់ថឹកសើុង ទៅដល់ទីណាក៏ឃើញប្រជាជនដាក់លក់ផ្លែត្នោតត្រៀបត្រា។ បងស្រីបាធី ម្ចាស់ស្តុកផ្លែត្នោត ឲ្យដឹង៖ ឆ្នាំនេះអាកាសធាតុភ្លៀងច្រើន ម្ល៉ោះហើយត្នោតផ្តល់ផ្លែក៏ច្រើនដែរ បរិមាណផលខ្ពស់ ផ្លែធំស្មើងាយលក់ណាស់។ មធ្យមភាគត្នោតមានតម្លៃពី៣-៥ពាន់ដុង/ផ្លែ។ ប្រសិនបើទិញទាំងធ្លាយ(ចាប់ពី៧-១០ផ្លែ) គឺតម្លៃប្រមាណពី៤០-៦០ពាន់ដុង/ធ្លាយ។ ភ្ញៀវទេសចរច្រើនតែចូលចិត្តទិញផ្លែត្នោតនៅនឹងធ្លាយដើម្បីយកទៅតម្កល់ល្អមើលឬក៏ធ្វើជាជំនូន។ មធ្យមភាគក្នុងមួយថ្ងៃ បងស្រីលក់ផ្លែត្នោតបានជាង១០០ធ្លាយ។
ផ្លែត្នោតមានច្រកចេញងាយស្រួល ម្ល៉ោះហើយកសិករប្រមូលផលត្នោត ក៏មានជីវភាពធូរធារផងដែរ។យើងខ្ញុំបានជួបបងភឿងនិងបងសលជា អ្នកជំនាញឡើងបេះផ្លែត្នោតនៅឃុំវុាំងយ៉ាវ វិញទ្រុង ស្រុកទិញបៀង ខេត្តអាងយ៉ាង កំពុងឈប់សម្រាកនៅហាងលក់ភេសជ្ជៈមួយតាមផ្លូវ ខេត្តលេខ៩៤៨។ បងភឿងឲ្យដឹងដោយក្តីរីករាយ៖ ឈ្មួញបានទូរស័ព្ទ តឿនយកផ្លែត្នោតទៅប្រគល់ឲ្យ ម្ល៉ោះហើយយើងខ្ញុំឆ្លៀតផឹកទឹកមួយកែវ រួចចាប់ការងារជាបន្ត។ បងភឿង ឲ្យដឹងបន្ថែម៖ ឆ្នាំនេះត្នោតផ្លែច្រើនបានជាមិនបាច់ឆ្លងទៅប្រមូលទិញផ្លែត្នោតពីប្រទេសកម្ពុជា ដូចឆ្នាំទៅមិញ។ ដោយផ្លែត្នោតមានចំនួនច្រើន អ្នកដែលប៉ិនឡើងបេះផ្លែអាចនឹងរកប្រាក់បានរាប់លានដុង/ថ្ងៃ ជារឿងធម្មតា។ រយៈពេលនេះ ស្រូវទើបចុះពូជបានជាងមួយខែ ម្ល៉ោះហើយបងភឿងឆ្លៀតពេលទៅស៊ីឈ្នួល ឡើងបេះផ្លែត្នោតដោយតម្លៃ៧០ពាន់ដុង/ដើម។ ក្នុងមួយថ្ងៃបង បេះប្រមាណជិត៥០០ផ្លែ លក់ឲ្យឈ្មួញតម្លៃពី២-៣ពាន់ដុង/ផ្លែ។ នោះមិនទាន់គិតពីអនុផលផ្សេងៗ ដូចជាទឹកត្នោតគមនិងផ្កាក៏លក់ដាច់ណាស់ដែរ។ រដូវប្រមូលផលត្នោត អាចអូសបន្លាយរហូតដល់ពេលធ្លាក់ទឹកភ្លៀងប្រហែលខែ៥ឬ៦ទើបអស់ផ្លែហើយពេលនោះក៏ជាពេលត្រៀមបម្រុងប្រមូលផលស្រូវ។ ចំណែកបងចៅសល ផ្ទះនៅឃុំអាងហាវ ស្រុកទិញបៀង ឲ្យដឹង៖ "ខ្ញុំដាំដើមត្នោតជាង១០០ដើម ត្នោតនេះដាំពី១៨-២០ឆ្នាំទើបផ្តល់ផ្លែ។ ថ្វីត្បិតត្នោតផ្តល់ផ្លែខួបប្រាំងវស្សាពិតមែន ប៉ុន្តែផ្លែច្រើនបំផុតចាប់ពីពេលនេះរហូតដល់រដូវវស្សា។ ក្នុងមួយថ្ងៃខ្ញុំបេះបានពី២០០-២៥០ផ្លែ និងយកទឹកជាង១០០លីត្រ ដើម្បីរម្ងាស់ធ្វើជាស្ករ។ ទឹកត្នោត៦លីត្រ អាចនឹងរម្ងាស់បានជាស្ករ១គ.ក។ បច្ចុប្បន្ន ស្ករត្នោតលក់ឲ្យឈ្មួញតម្លៃ៤០ពាន់ដុង/គ.ក ខ្ញុំរកបានប្រាក់ចំណូលខ្ពស់ជាងរាល់ឆ្នាំ"។
ជនរួមជាតិខ្មែរនៅអាងយ៉ាង ចាត់ទុកដំណាំត្នោតជាប្រភពធនធានដ៏មានតម្លៃដែលធម្មជាតិបានអំណោយផល ម្ល៉ោះហើយអ្នកណាក៏តែងបញ្ចេញកម្លាំងរក្សាដែរ។ ពិសេស ត្នោតគឺជាប្រភេទឈើគ្មានមែកស្រដៀងដើមដូង ប៉ុន្តែដើមខ្ពស់ជាងបន្តិច ស្លឹកលូតសន្ធៃដូចស្លឹកទ្រាំង។ ត្នោតចេញផ្លែជាធ្លាយធំៗ ប៉ុនផ្លែដូងសៀមសាច់ខាងក្នុងពណ៌ស ថ្លា ដូចសាច់ផ្លែចាក មានទឹកនិងមានរសជាតិផ្អែមត្រជាក់។ តាមផ្នែកកសិកម្មខេត្តអាងយ៉ាង បច្ចុប្បន្ន នៅតំបន់បៃណូយមានដើមត្នោតប្រមាណជិត៦០.០០០ដើម ត្រូវបានដាំនៅឃុំណូយតូ អូរឡឹម អាងទឹក(ស្រុកទ្រីតូង) ឃុំអាងកឺ អាងហាវ វុាំងយ៉ាវ (ស្រុកទិញបៀង)។ ប៉ុនា្មនឆ្នាំកន្លង ដំណាំត្នោតបានជួយគ្រួសារជាច្រើនចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារនិងដោះស្រាយការងារធ្វើជូនពលករក្នុងពេលល្ហែពីស្រែចម្ការរាប់ពាន់នាក់ដោយរបៀបបេះយកផ្លែនិងច្នៃជាស្ករត្នោត៕
ថាញ់ផុង-លីសៀ