ឱកាសវិស្សមកាលរៀងរាល់ឆ្នាំ វត្តខ្មែរនានានៅខេត្តត្រាវិញ តែងរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរជូនសិស្សានុសិស្ស ដែលជាកូនចៅជនរួមជាតិខ្មែរក្នុងភូមិស្រុក។ ទន្ទឹមនឹងនោះ ជួយឲ្យប្អូនៗយល់ដឹងពីទំនៀមទម្លាប់វប្បធម៌ជនជាតិរបស់ខ្លួន។
ថ្នាក់រៀនអក្សរខ្មែរនៅវត្តសិលាទ្រ (ថ្មទល់)។
ជារៀងរាល់ឆ្នាំ ឈានចូលរដូវវិស្សមកាល វត្តសិលាទ្រ (ថ្មទល់) អនុសង្កាត់៦ សង្កាត់៩ ក្រុងត្រាវិញ ខេត្តត្រាវិញ តែងបើកថ្នាក់បង្រៀនអក្សរខ្មែរជូនកូនចៅពុទ្ធបរិស័ទក្នុងភូមិស្រុក។ ថ្ងៃណាក៏ដូចថ្ងៃណា ក្នុងវត្តតែងឮសូរសំឡេងប្អូនៗ អានមេរៀនទ្រហឹងអឹងកង។ ប្អូនថាច់បុត្រា សិស្សសាលានៅទីនេះ ឲ្យដឹង៖ "ប្អូនរៀនអក្សរខ្មែររដូវវិស្សមកាលនៅក្នុងវត្តសិលាទ្របាន៣ឆ្នាំ ប្អូនចូលចិត្តរៀនអក្សរខ្មែរណាស់ ម្ល៉ោះហើយវិស្សមកាលឆ្នាំណា ប្អូនតែងសុំអនុញ្ញាតពីឪពុកម្តាយ ដើម្បីបានទៅវត្តរៀនអក្សរខ្មែរជាមួយនឹងមិត្តភ័ក្តិ។ សព្វថ្ងៃ ប្អូនចេះអាននិងសសេរអក្សរខ្មែរបង្គួរផងដែរ"។ ព្រះតេជព្រះគុណថាច់ង៉ុកសាង ព្រះឧទ្ទេសាចារ្យក្នុងវត្តសិលាទ្រ មានថេរដីកា៖ "ឆ្នាំនេះ វត្តសិលាទ្រ បើកថ្នាក់បង្រៀនអក្សរខ្មែរចំនួន១០ថ្នាក់ ទទួលប្អូនៗសិស្សានុសិស្សជាង២០០នាក់ កម្មវិធីសិក្សាចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៥រៀន៣ពេល/ថ្ងៃ។ ឆ្នាំនេះ ចំនួនសិស្សមករៀនច្រើនបើធៀបជាមួយនឹងប៉ុន្មានឆ្នាំមុន"។ ទោះបីថ្នាក់រៀនត្រូវបានរៀបចំបើកក្នុងរដូវវិស្សមកាល ធម្មតាអូសបន្លាយរយៈពេលជាង២ខែក៏ពិតមែន ប៉ុន្តែឆ្នាំណាក៏ដូចឆ្នាំណាតែងទាក់ទាញកូនចៅជនរួមជាតិខ្មែរមករៀនកុះករទាំងអស់។ ចំពោះថ្នាក់រៀននៅនឹងវត្តគ្រូបង្រៀន គឺជាព្រះសង្ឃមានចំណេះដឹងជ្រៅជ្រះឬក៏ឧទ្ទេសាចារ្យស្ម័គ្រចិត្តចូលបង្រៀន។ ប្អូនថាច់ហ្វាងអែម ឲ្យដឹង៖ "ប្អូននិងមិត្តភ័ក្តិមករៀនអក្សរខ្មែរក្នុងវត្តបានព្រះសង្ឃបង្រៀនហាត់អាន ហាត់សរសេរនិងទូន្មានប្រៀនប្រដៅ មានដូច៖ គោរពជីដូនជីតា ឪពុកម្តាយ សុភាពរាបសាចំពោះចាស់ទុំ។ល។ សព្វថ្ងៃប្អូនអាចប្រកបអក្សរខ្មែរបានខ្លះៗ"។
ព្រះតេជព្រះគុណថាច់គឹមថាយ ព្រះពហុស្សូតវត្តសិលាទ្រ មានថេរដីកា៖ "ការបង្រៀនអក្សរខ្មែរត្រូវបានវត្តរៀបចំបើកបង្រៀនច្រើនឆ្នាំមកហើយ និងរក្សាខ្ជាប់ជានិច្ច។ សង្កេតឃើញថាក្មួយៗដែលចូលមករៀននៅទីនេះ ស្ទើរតែទាំងអស់តែងយកចិត្តទុកដាក់រៀនសូត្រចប់ចុងចប់ដើម។ ក្រោយពីបញ្ចប់វគ្គសិក្សាវត្តក៏មានការរៀបចំឲ្យក្មួយៗប្រឡង"។ ទោះបីការបង្ហាត់បង្រៀននិងរៀនសូត្រជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែគ្រូនិងសិស្សតែងខិតខំឆ្លងកាត់ការលំបាក ខ្នះខ្នែងតស៊ូរៀនសូត្របានល្អជានិច្ច។ នេះគឺជាសកម្មភាពប្រកបដោយអត្ថន័យជាក់ស្តែង ក្នុងការរួមចំណែកសាមគ្គីរក្សាពង្រឹងពង្រីកភាសា និងអក្សរសាស្រ្តជាតិរបស់ខ្លួន៕
អត្ថបទនិងរូបថត៖ លីសៀ