ពីរឆ្នាំមកអាយនេះ ជីវភាពរបស់មាមីងនៅឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ មានការផ្លាស់ប្តូរច្រើន អាស្រ័យដោយចិញ្ចឹមគោ បន្ធាត់បន្ធំ ។ ទម្រង់រូបភាពនេះ កំពុងពង្រីកប្រសិទ្ធភាពជួយឲ្យ មាមីងជាច្រើនចាកផុតពីភាពក្រីក្រ។ ទន្ទឹមនឹងនោះ គ្រួសារដែលមានលក្ខណៈសេដ្ឋកិច្ចគ្រាន់បើ អាចឈានឡើងធ្វើមានធ្វើបាន។
គោត្រូវបានថែទាំហ្មត់ចត់នៅង៉ាយស្វៀង
បងតាំងថា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ាយស្វៀង ឲ្យដឹង ដោយក្តីរីករាយៈ" គ្រួសារនេះឃើញគ្រួសារនោះរកស៊ីមានប្រសិទ្ធភាព ក៏ធ្វើតាម ហេតុនោះបានជាទម្រង់រូបភាពចិញ្ចឹមគោរីកចម្រើនរហ័សរកបានប្រាក់ចំណូលលំនឹង"។ អាស្រ័យដោយមានគ្រួសារចិញ្ចឹមគោច្រើន ហេតុនោះ ស្មៅធម្មជាតិមិនគ្រប់ផ្គត់ផ្គង់ឲ្យគោស៊ី មានគ្រួសារជាច្រើន បានដាំស្មៅ ដើម្បីធានាប្រភពចំណីឲ្យគោ។ ពូលីវុាំងតាយ នៅភូមិយ៉ុងត្រាញ ឃុំង៉ាយស្វៀង ឲ្យដឹងៈ" បើចង់ចិញ្ចឹមគោឆាប់ធាត់ធំ យើងត្រូវថែទាំឲ្យបានហ្មត់ចត់។ គោស៊ីរើសណាស់ដែរ មិនមែនស្មៅប្រភេទណាវា ក៏ស៊ីទាំងអស់នោះទេ។ ស្មៅស្គាខ្ចីគោចូលចិត្តណាស់ ប៉ុន្តែទងចាស់រឹង គោមិនស៊ីទេ។ ពេលយប់គោដេកត្រូវតែចងមុង ដើម្បីចៀសវាងមូសខាំ ព្រមទាំងអនាម័យក្រោលគោ និងងូតទឹកឲ្យគោជារៀងរាល់ថ្ងៃទៀតផង ។ ទន្ទឹមនឹងនោះ ត្រូវតែឲ្យគោផឹកទឹកកន្ទក់បន្ថែម ដើម្បីបង្កើនជាតិបំប៉ន"។ ក្រៅពីមានបទពិសោធន៍ចិញ្ចឹមគោច្រើនឆ្នាំ មាមីងនៅឃុំង៉ាយស្វៀង នៅទាំងរៀនសូត្ររបៀបចិញ្ចឹមគោថ្មី ដើម្បីសម្រេចប្រសិទ្ធភាពខ្ពស់ ពិសេសគឺផ្នែកថែទាំគោ។ ពេលគោឈឺត្រូវតែជូនដំណឹងដល់កម្មាភិបាលបសុពេទ្យភ្លាម ដើម្បីព្យាបាលបានទាន់ពេល។
គោពូជមានតម្លៃមធ្យមភាគពី១០ដល់១៥លានដុង/ក្បាល។ ក្រោយពី ចិញ្ចឹមប្រហែលមួយឆ្នាំលក់ជាគោសាច់មានតម្លៃប្រហែល២៥លានដុង /ក្បាល។ មធ្យមភាគគោមួយក្បាលចំណេញប្រហែល១០លានដុង។ ពូលីវុាំងតាយ ឲ្យដឹងៈ" ដើម្បីមិនចាំបាច់ស្វែងរកកាត់ស្មៅលំបាកនឿយហ្មត់ អ្នកចិញ្ចឹមគោបន្ធាត់បន្ធំគប្បីដាំស្មៅ ដើម្បីម្ចាស់ការប្រភពចំណីឲ្យគោស៊ី។ គោមួយក្បាលស៊ីស្មៅមធ្យមភាគប្រហែល១/៤កុង។ ដូច្នេះ ខ្ញុំដាំស្មៅមួយកុង អាចចិញ្ចឹមគោបាន៤ក្បាល។ ក្នុងមួយឆ្នាំ ខ្ញុំរកបានប្រាក់ចំណេញប្រមាណ៤០លានដុង។ ប្រាក់ចំណេញនេះ កើនច្រើន ដងបើប្រៀបធៀបនឹងធ្វើស្រែ ម្យ៉ាងវិញទៀតថែទាំគោវាស្រណុកជាងធ្វើស្រែ។ ដើម្បីធានាចំណីឲ្យគោស៊ីគ្រប់ជាតិបំប៉ន យើងក៏ត្រូវតែរកចំបើងបន្ថែម ដើម្បីកែលម្អចំណីឲ្យគោ"។ គ្រួសារពូតាយ មានគោសាច់ចំនួន៨ក្បាល ប៉ុន្តែគាត់មិនទាន់លក់ ពីព្រោះឃើញគោកំពុងស៊ីច្រើននិងឆាប់ធំ។ ពូគឹមខាវ ឲ្យដឹងៈ ភូមិយ៉ុងត្រាញមានប្រជាជនរស់នៅ២៨៤គ្រួសារ ហាក់ដូចជាគ្រួសារណាក៏ចិញ្ចឹមគោបន្ធាត់បន្ធំទាំងអស់។ គ្រួសារមានដើមទុនតិចចិញ្ចឹមមួយក្បាល គ្រួសារមានដើមទុនគ្រាន់បើ ចិញ្ចឹម៤ ឬ៥ក្បាល គ្រួសារខ្លះចិញ្ចឹមជិត១០ក្បាល មានគ្រួសារមួយនោះចិញ្ចឹមដល់ទៅជាង២០ក្បាល។
ថ្វីត្បិតដូច្នេះក្តី ចំពោះគ្រួសារក្រីក្រការវិនិយោគទុនទិញកូនគោមួយ ក្បាលមានតម្លៃជាង១០លានដុង មិនមែនជាការងាយស្រួលទេ។ ចំពោះមុខស្ថានភាពនេះ គណៈកម្មាធិការប្រជាជនឃុំង៉ាយស្វៀងកំពុងស្វែងរកវិធីដោះស្រាយការលំបាកខាងដើមទុនដំបូងជូនគ្រួសារក្រីក្រ ។ បងតាំងថា ឲ្យដឹងៈ" ដើម្បីបម្រុងដើមទុនដំបូងជូនមាមីងយើងខ្ញុំបានចលនាបណ្តាអង្គការមហាជនចូលរួម។ តួយ៉ាងដូចៈ សមាគមអតីតយុទ្ធជនឃុំជំហរធានាឲ្យអ្នកចិញ្ចឹមគោបុល១៧លានដុង/ម្នាក់/ឆ្នាំ ជាមួយ នឹងប្រាក់ចុងការអាទិភាព ហើយអាចពន្យាពេលបាន។ រដ្ឋនៅទាំងឧបត្ថម្ភ៣លានដុងដោយឥតសំណង ដើម្បីមាមីងផ្លាស់ប្តូររបរ។ ទន្ទឹមនឹងនោះ កាកបាទក្រហម ក៏ឲ្យគ្រួសារក្រីក្រខ្ចីគោដើម្បីចិញ្ចឹមបន្ធាត់បន្ធំ ។ល។ ផ្តើមពីបណ្តាប្រភពចលនាឧបត្ថម្ភឲ្យបុល យើងខ្ញុំជ្រើសគ្រួសារ មានលក្ខណៈ អាចឆ្លើយតបនឹងតម្រូវការខាងលើទើបឧបត្ថម្ភហេតុនោះ គ្រួសារទាំងនេះសុទ្ធតែពង្រីកបាននូវប្រសិទ្ធភាពក្នុងការចិញ្ចឹម។ ឆ្នាំកន្លងហើយ គ្រួសារជាច្រើនដែលអនុវត្តទម្រង់រូបភាពចិញ្ចឹមគោបន្ធាត់ បន្ធំបានចាកផុតពីភាពក្រីក្រ មានដូចៈ គ្រួសារផាមធីដាយ ថាច់ដង គឹម ថាញ និងគឹមធីឡាញ់ជាដើម"៕
ហាថាញ-វិមាន