26/05/2015 - 08:51

ខ្នះ​ខ្នែង​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន

ប៉ុន្មាន​ឆ្នាំ​កន្លង ដំ​ណាក់​សុខា​ភិបាល​ឃុំ​ត្វឹង​តឹក ស្រុក​ថាញ់​ទ្រី ខេត្ត​សុក​ត្រាំង​អនុវត្ត​បាន​ល្អ​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន។ 

វេជ្ជ​បណ្ឌិត​របស់​ដំណាក់​សុខា​ភិបាល​ពិនិត្យ​ជំងឺ​ ជូន​ប្រ​ជា​ជន​។

 ត្វឹង​តឹក ជា​ឃុំ​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​ថាញ់​ទ្រី ស្រូប​អត្រា​៦៧,៣%​។ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ការ​ងារ​ថែ​ទាំ​សុខភាព​ជូន​ប្រ​ជា​ជន និង​បង្ការ​បង្រ្កាប​រោគ​រាល​ដាល​លើ​ភូមិ​សាស្រ្ត​ត្រូវ​បាន​អនុ​វត្ត​ល្អ​។ វេជ្ជ​បណ្ឌិត​ឡឹម​បែ​យ្វៀង អនុ​ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល ឲ្យ​ដឹង​៖ "​ចាប់​ពី​ពេល​រដ្ឋ​មាន​គោល​នយោ​បាយ​ផ្តល់ ប័ណ្ណ​ធានា​ហា​និភ័យ​សុខា​ភិបាល​សម្រាប់​ជន​ជាតិ​ភាគ​តិច គឺ​មា​មីង​មក​ពិនិត្យ​ជំងឺ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន។ ដូច្នោះ កម្មា​ភិបាល​សុខា​ភិបាល​តែង​មាន​ការ​ងារ​ធ្វើ​យ៉ាង​នឿយ​ហត់ ពិនិត្យ​ជំងឺ​បណ្តើរ​ចុះ​ទៅ​មូលដ្ឋាន​បណ្តើរ ដើម្បី​អនុ​​វត្ត​កម្ម​វិធី​សុខា​ភិបាល​ថ្នាក់​ជាតិ​"​។

 ដោយ​សារ​ថែ​ទាំ​សុខភាព​ជូន​ប្រ​ជា​ជន​បាន​ល្អ ម្ល៉ោះ​ហើយ​កម្មា​ភិបាល​ដំណាក់​សុខា​ភិបាល​ត្វឹង​តឹក តែង​បាន​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត។ បច្ចុប្បន្ន មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃៗ​ ដំ​ណាក់​សុខា​ភិបាល​ទទួល​ពិនិត្យ​ព្យា​បាល​ជំងឺ​ពី​៦០​ដល់​១០០​នាក់ ក្នុង​នោះ​អ្នក​ជំងឺ​ប្រើ​ប័ណ្ណ​ធានា​ហានិ​ភ័យ​សុខា​ភិបាល​មាន​៩០%។ គ្រូ​ពេទ្យ​ថាច់​សារី មាន​ប្រ​សាសន៍ "​ក្នុង​នាម​ជា​គ្រូ​ ពេទ្យ​ភារ​កិច្ច​របស់​យើង​ខ្ញុំ គឺ​ត្រូវ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន ជួយ​អ្នក​ជំងឺ​ ឲ្យ​ឆាប់​បាន​ជា​សះ​ស្បើយ​។ រៀង​រាល់​ថ្ងៃ​មាន​មា​មីង​មក​ពិនិត្យ​ជំងឺ​ច្រើន​កុះ​ករ​សំខាន់ គឺ​ជំងឺ​ធម្ម​តា​ដូច​៖ រលាក​ផ្លូវ​ដង្ហើម​ សន្លាក់​ឆ្អឹង ឈឺ​ឆ្អឹង​ខ្នង ។ល។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ មា​មីង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​។ ព្រោះ​ហេតុ​នោះ ការ​ងារ​ថ្វី​ត្បិត​តែ​នឿយ​ហត់​ពិត​មែន​ ប៉ុន្តែ​គ្រូ​ពេទ្យ​នៅ​ទី​នេះ អ្នក​ណា​ក៏​សប្បាយ​ចិត្ត ពី​ព្រោះ​មា​មីង​មាន​ទំ​នុក​ចិត្ត​ទៅ​លើ​គ្រូ​ពេទ្យ លែង​ទិញ​ថ្នាំ​ផឹក​ដោយ​ខ្លួន​ឯង​ដូច​មុន​ទៀត​"។ ទោះ​បី​មាន​អ្នក​ជំងឺ​ច្រើន​ ប៉ុន្តែ​គ្រូ​ពេទ្យ​ទាំង​ឡាយ​នៅ​តែ​ទទួល​អ្នក​ជំងឺ​ដោយ​រាក់​ទាក់​ ផ្អែម​​ល្ហែម​និង​ផ្តល់​ការ​ពិ​គ្រោះ​ច្បាស់​លាស់ ញាំង​ឲ្យ​មា​មីង​នឹង​នរ​ចិត្ត​ព្យា​បាល​ជំងឺ​។ បង​ស្រី​ហ្វិញ​ធី​ផែង នៅ​ភូមិ​ត្រុង​ហ្វា ឲ្យ​ដឹង​៖​"វេជ្ជ​បណ្ឌិត​នៅ​ទី​នេះ​ អស់​ពី​ចិត្ត​ពី​ថ្លើម​ចំ​ពោះ​អ្នក​ជំងឺ​។ ប្រ​សិន​ បើ​ពិនិត្យ​ឃើញ​ជំងឺ​ឋិត​ក្នុង​សមត្ថ​ភាព​អាច​ព្យា​បាល​បាន គឺ​ព្យា​បាល​ភ្លាម​ ប្រសិន​បើ​ពិនិត្យ​ឃើញ​ជំងឺ​ហួស​ពី​សមត្ថ​ភាព​ព្យា​បាល គឺ​ធ្វើ​បែប​បទ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ភ្លាម។ ព្រោះ​ហេតុ​នោះ​ ពេល​នាង​ខ្ញុំ​ឈឺ​ថ្កាត់​ម្តងៗ នាង​ខ្ញុំ​មាន​ការ​នឹង​នរ​ចិត្ត​មក​ពិនិត្យ​ជំងឺ​នៅ​ទី​នេះ​"​។
ទន្ទឹម​ជា​មួយ​នឹង​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ ការ​ងារ​ផ្សព្វ​ផ្សាយ​បង្ការ​បង្រ្កាប​រោគ​រាល​ដាល​ ក៏​ត្រូវ​បាន​ដំណាក់​សុខា​ភិបាល​អនុ​វត្ត​បាន​ល្អ។ ឆ្នាំ​២០១៤ លើ​ភូមិ​សាស្រ្ត​ឃុំ​គ្មាន​កើត​រោគ​រាល​ដាល​អ្វី​ទេ។ បណ្តា​កម្ម​វិធី​គោល​ដៅ​ជាតិ​បង្ការ​បង្រ្កាប​រោគ​រាល​ដាល សុទ្ធ​តែ​បាន​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព សម្រេច​ផល​តាម​ការ​កំ​ណត់​។ ក្នុង​ សកម្ម​ភាព​បង្ការ​ទប់​ទល់​នឹង​រោគ​ខ្វះ​អា​ហា​រូបត្ថម្ភ​ចំ​ពោះ​កុមារ​ដំណាក់​សុខា​ភិបាល​ជា​និច្ច​កាល​សហ​ការ​ជា​មួយ​សហ​ការី​ទាំង​១៩​នាក់​របស់​ភូមិ​ទាំង​៥​ចុះ​ដល់​ផ្ទះ​ប្រ​ជា​ជន​ផ្សព្វ​ផ្សាយ​អំពី​សកម្ម​ភាព​អាហា​រូបត្ថម្ភ​ជូន​អ្នក​ម្តាយ​មាន​គភ៌​និង​កុមារ​ឲ្យ​បាន​យល់​ពី​ការ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ម្តាយ​និង​របៀប​ថែ​ទាំ​ទារក។
 អា​ស្រ័យ​ដោយ​ការ​ខ្នះ​ខ្នែង​របស់​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​របស់​ដំណាក់​សុខា​ភិបាល​ឃុំ​ត្វឹង​តឹក ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន ម្ល៉ោះ​ហើយ​ឃុំ​តែង​សម្រេច​បាន​កិត្តិ​នាម ជា​ឃុំ​សម្រេច​បទដ្ឋាន​ជាតិ​ខាង​សុខា​ភិបាល​៤​ឆ្នាំ​បន្ត​បន្ទាប់៕

លី​ធាន​-​សឺន​ម៉ា​ល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្វឹង​តឹក