ដោយការឧស្សាហ៍ព្យាយាម ភាពប៉ិនប្រសប់និងស្រឡាញ់ចូលចិត្ត លោកទ្រេវគៀង នៅភូមិកគោ ឃុំតឹងថាញ់ ទីក្រុងកឹងធើ បានឈានឡើងពីមុខរបរឆ្លាក់ឈើ។ មុខរបរនេះមិនត្រឹមតែនាំមកប្រភពប្រាក់ចំណូលលំនឹង កែលម្អជីវភាពគ្រួសារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សាលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ។

លោកទ្រេវគៀង កំពុងចែករំលែកពីដំណាក់កាលនីមួយៗ ដើម្បីឆ្លាក់រួចរាល់ព្រះពុទ្ធបដិមា ជូនថ្នាក់ដឹកនាំមជ្ឈមណ្ឌលសេវាកម្មទូទៅឃុំតឹងថាញ់។
ដោយសារជីវភាពខ្វះខាត ឆ្នាំ២០០៥ លោកទ្រេវគៀង បានចាកចេញពីស្រុកកំណើតទៅខេត្តប៊ិញយឿង ដើម្បីធ្វើជាកម្មកររកប្រាក់ចិញ្ចឹមជីវិត។ ក្នុងអំឡុងពេលធ្វើការនៅទីនោះ គាត់បានបង្ខិតជិតមុខរបរចម្លាក់ឈើដោយចៃដន្យ។ ផលិតផលចម្លាក់ដ៏ល្អវិចិត្រទាំងនោះ បានបំផុសគំនិតឱ្យគាត់ស្រឡាញ់ចូលចិត្តមុខរបរនេះ។ ជាមួយនឹងស្មារតីចូលចិត្តរៀនសូត្រ គាត់ក៏បានចំណាយទៅមើលនិងអនុវត្តតាមដំណាក់កាលនីមួយៗ។ ត្រឹមតែប៉ុន្មានខែក្រោយមក គាត់ក៏យល់ច្បាស់បច្ចេកទេសមូលដ្ឋាន អាចបង្កើតផលិតផលចម្លាក់ដោយផ្ទាល់។ ផ្តើមពីនោះ គាត់បន្តការហាត់ពត់ លើកកម្ពស់ចំណេះជំនាញ។ ក្រោយពីរយៈកាលធ្វើការឆ្ងាយស្រុក លោកគៀងសម្រេចចិត្តវិលមកភូមិកគោ បើករោងជាងចម្លាក់នៅនឹងផ្ទះ។ ដោយមានថ្វីដៃប៉ិនប្រសប់និងការប្រិតប្រៀន គាត់ក៏បានច្នៃគល់ឈើទៅជាវណ្ណកម្មចម្លាក់ដ៏ស្រស់ស្អាត។ ផលិតផលចម្បងរបស់គាត់គឺព្រះពុទ្ធបដិមា ព្រះម៉ែគង់ស៊ីអីន ទូក-ងខ្នាតតូចនិងគ្រឿងតុបតែងផ្សេងៗមួយចំនួនទៀត។ ក្រៅពីឆ្លាក់ឈើ គាត់ក៏ទទួលឆ្លាក់រូបសំណាកពីថ្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្បូរបែបរបស់អតិថិជន។ ផលិតផលនីមួយៗមិនត្រឹមតែបង្ហាញពីភាពប៉ិនប្រសប់និងការប្តេជ្ញាចិត្តរបស់ជាងប៉ុណ្ណោះទេ ថែមទាំងប្រកបដោយលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ លោកគៀង ឱ្យដឹង៖ "របរចម្លាក់ទាមទារជាងត្រូវមានភាពអត់ធ្មត់ ប្រិតប្រៀននិងស្រឡាញ់ចូលចិត្ត។ ផលិតផលនីមួយៗឆ្លងកាត់ដំណាក់កាលជាច្រើន ចាប់ពីការជ្រើសរើសវត្ថុធាតុដើម ឆ្លាក់ក្បាច់ រហូតដល់ធ្វើបង្ហើយ។ ពិសេស នៅរាល់ខ្លឹមសារលម្អិតត្រូវធ្វើដោយមានការប្រុងប្រយ័ត្ន ដើម្បីធានាលក្ខណៈសោភ័ណភាពនិងលក្ខណៈពិសេសនៃវណ្ណកម្មនីមួយៗ។ ហេតុនេះ ទោះបីមានបទពិសោធន៍ ខ្ញុំនៅតែបន្តរៀនសូត្រ បង្កើនចំណេះជំនាញបច្ចេកទេសដើម្បីលើកកម្ពស់គុណភាពផលិតផល"។

លោកទ្រេវគៀង កំពុងបង្ហើយវណ្ណកម្មព្រះពុទ្ធបដិមាពីឈើ។
ដោយសារមានចំណេះជំនាញកាន់តែរឹងមាំ លោកគៀងមានការងារធ្វើជាប្រចាំ។ មធ្យមភាគជារៀងរាល់ខែ គាត់ទទួលធ្វើផលិតផលតូចធំប្រមាណពី១០ដល់១៥វណ្ណកម្ម។ ក្នុងនោះ ចម្លាក់ព្រះពុទ្ធខ្នាតតូច លក់ក្នុងតម្លៃប្រមាណ៨០០.០០០ដុង ផលិតផលផ្សេងៗលក់តម្លៃទៅតាមវត្ថុធាតុដើម ទំហំខ្នាតនិងក្បូរក្បាច់។ការងារនេះនាំមកប្រភពប្រាក់ចំណូលលំនឹង ជួយគ្រួសារគាត់កែលម្អជីវភាពជាបណ្តើរៗ។ មិនត្រឹមតែនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ របរចម្លាក់ក៏ជួយឱ្យលោកគៀងពង្រីកសមត្ថភាពច្នៃប្រតិដ្ឋ ថែរក្សតម្លៃវប្បធម៌ប្រពៃណី។ ផ្សារភ្ជាប់នឹងអាជីព លោកគៀងតែងព្រួយបារម្ភចំពោះហានិភ័យសាបរលាបនៃរបរសិប្បកម្មប្រពៃណីនេះ។ ហេតុនេះ គាត់ចង់បង្រៀនពីបច្ចេកទេសឆ្លាក់ដល់យុវវ័យដែលស្រឡាញ់ចូលចិត្តដូចគ្នា។ ឆ្លងតាមរយៈនោះ ជួយឱ្យយុវវ័យជំនាន់ក្រោយមានមុខរបរបន្ថែម រកបានប្រាក់ចំណូល ព្រមទាំងស្នងបន្តនិងពង្រីកតម្លៃវប្បធម៌របស់ភូមិស្រុក។
អ្នកស្រី ង៉ោថាញឡង នាយិការងមជ្ឈមណ្ឌលសេវាកម្មទូទៅឃុំតឹងថាញ់ វាយតម្លៃពីទម្រង់សិល្បៈចម្លាក់របស់លោកទ្រេវគៀង គឺជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារគួរលើកទឹកចិត្ត។ទម្រង់នេះបង្ហាញពីស្មារតីឧស្សាហ៍ព្យាយាម ការច្នៃប្រតិដ្ឋ ឆន្ទៈជម្នះលំបាករបស់ប្រជាជន ព្រមទាំងអភិរក្សរបរសិប្បកម្មប្រពៃណី។ ការបង្រៀនរបរដល់យុវជនជំនាន់ក្រោយ ក៏ជាទិដៅគប្បីយកចិត្តទុកដាក់ លើកទឹកចិត្ត។
ផ្តើមពីកម្មករឆ្ងាយស្រុក ដោយឆន្ទៈនិងការស្រឡាញ់ចូលចិត្ត លោកត្រេវគៀងបានបង្កើតមុខរបររកស៊ីចិញ្ចឹមជីវិតនៅនឹងភូមិស្រុក។ របរចម្លាក់មិនត្រឹមតែជួយគ្រួសារគាត់មានប្រាក់ចំណូលលំនឹងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សនិងពង្រីកលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិផងដែរ៕
ថាញវ៉ាង-មុនី