13/11/2026 - 08:17

ចាប់​ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ តើ​មុខ​សញ្ញា​ណា​ខ្លះ​បាន​ឧបត្ថម្ភ​ថ្លៃ​សិក្សា? 

ចាប់​ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិ​កា ឆ្នាំ​២០២៦ អនុ​ក្រឹត្យ​លេខ ៣៥៣​/២០២៦​/NĐ-CP ចាប់​ផ្ដើម​មាន​សុពល​ភាព ដោយ​កំ​ណត់​អំ​ពី​គោលន​យោ​បាយ​លើក​លែង កាត់​បន្ថយ ឧបត្ថម្ភ​ថ្លៃ​សិក្សា និង​ចំ​ណាយ​លើ​ការ​សិក្សា​សម្រាប់​កុមារ​អាយុ ៥ - ៦ ឆ្នាំ ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ឧត្តាន​កម្ម​អប់​រំ​មត្តេយ្យ​សិក្សា និង​មុខ​សញ្ញា​នា​នា​ក្នុង​វ័យ​អប់​រំ​ជា​កា​តព្វ​កិច្ច។

 អនុ​ក្រឹត្យ​លេខ ៣៥៣/​២០២៦​/NĐ-CP ចុះ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៦ ស្ដី​ពី​ឧត្តាន​កម្ម​អប់​រំ​មត្តេយ្យ​សិក្សា​សម្រាប់​កុមារ​អា​យុ ៥ - ៦ ឆ្នាំ ការ​អប់​រំ​ជា​កា​តព្វ​កិច្ច​និង​ការ​លុប​បំ​បាត់​អន​ក្ខរ​កម្ម មាន​សុពល​ភាព​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា ឆ្នាំ​២០២៦។

កុមារ​អា​យុ ៥ -៦ ឆ្នាំ ណា​ខ្លះ​បាន​លើក​លែង​និង​កាត់​បន្ថយ​ថ្លៃ​សិក្សា​

យោង​តាម​ចំ​ណុច a កថា​ខណ្ឌ​ទី ៤ មា​ត្រា ៥ នៃ​អនុ​ក្រឹត្យ កុមារ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ឧត្តាន​កម្ម​អប់រំ​ មត្តេយ្យ​សិក្សា និង​សិស្សា​នុសិស្ស​ក្នុង​វ័យ​អប់​រំ​ជា​កា​តព្វ​កិច្ច ទទួល​បាន​គោល​ន​យោ​បាយ​លើក​លែង កាត់​បន្ថយ​ឧបត្ថម្ភ​ថ្លៃ​សិក្សា ឧបត្ថម្ភ​ចំ​ណាយ​លើ​ការ​សិក្សា និង​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ផ្សេងៗ​ទៀត ស្រប​តាម​សេច​ក្ដី​កំ​ណត់​បច្ចុប្បន្ន​ស្ដី​ពី​ការ​អប់​រំ កុមារ អ្នក​ពិ​ការ គោល​ន​យោ​បាយ​ជន​ជាតិ ជំ​នួយ​សង្គម និង​ច្បាប់​ដែល​មាន​ការ​ពាក់​ព័ន្ធ។

កុមារ​អាយុ ៥ - ៦ ឆ្នាំ បាន​ទទួល​ឧត្តាន​កម្ម​អប់​រំ មត្តេយ្យ​សិក្សា​នៅ​តាម​គ្រឹះ​ស្ថាន​ចំ​ណុះ​ប្រ​ព័ន្ធ​អប់រំ​ជាតិ ឬ​មូល​ដ្ឋាន​អប់​រំ​ចំ​ណុះ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ។ គ្រួ​សា​រនិង​អា​ណា​ព្យា​បាល​មាន​ការ​ទទួល​ខុស​ត្រូវ បង្ក​លក្ខណៈ​ឱ្យ​កុមារ​ក្នុង​អាយុ​បាន​ទៅ​រៀន។

សេច​ក្ដី​កំ​ណត់​ស្ដី​ពី​ការ​អប់​រំ​ជា​កាតព្វ​កិច្ច និង​ការ​លុប​បំ​បាត់​អន​ក្ខរ​កម្ម​

ក្រៅ​ពី​ឧត្តាន​កម្ម​អប់រំ​មត្តេយ្យ​សិក្សា​សម្រាប់​កុមារ​អា​យុ ៥ - ៦ ឆ្នាំ អនុ​ក្រឹត្យ​លេខ ៣៥៣ ក៏​បាន​កំ​ណត់​ការ​អប់​រំ​ជា​កា​តព្វ​កិច្ច​ចំ​ពោះ​អ្នក​ក្នុង​អា​យុ​ចាប់​ពី ៦ - ១៤ ឆ្នាំ ដែល​មិន​ទាន់​បញ្ចប់​កម្ម វិធី​បឋម​សិក្សា ឬ​អា​យុ​ចាប់​ពី ១១ - ១៨ ឆ្នាំ​ មិន​ទាន់​បញ្ចប់​កម្ម​វិធី​អនុ​វិទ្យា​ល័យ ព្រម​ទាំង​កំ​ណត់​ការ​លុប​បំ​បាត់​អន​ក្ខរ​កម្ម​ចំ​ពោះ​អ្នក​ដែល​មាន​អា​យុ ចាប់​ពី​១៥ - ៦០ ឆ្នាំ ដែល​មិន​ទាន់​ចេះ​អក្សរ ឬ​ភ្លេច​អក្សរ។

ការ​អប់​រំ​ជា​កា​តព្វ​កិច្ច និង​ការ​លុប​បំ​បាត់​អន​ក្ខរ​កម្ម​ត្រូវ​បាន​អនុ​វត្ត​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​ចំ​ណុះ​ប្រ​ព័ន្ធ​អប់​រំ​ជាតិ និង​មូល​ដ្ឋាន​អប់​រំ​ចំ​ណុះ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ស្រប​តាម​សេច​ក្ដី​កំ​ណត់។

អ្នក​សិក្សា​កម្ម​វិធី​បំ​បាត់​អន​ក្ខរ​កម្ម​បាន​ឧបត្ថម្ភ​ឯក​សារ សម្ភារ​សិក្សា​ឧប​ករណ៍​សិក្សា និង​លក្ខ​ខណ្ឌ​ចាំ​បាច់​ផ្សេងៗ​ទៀត ដោយ​ស្រប​ទៅ​នឹង​សមត្ថ​ភាព តំ​បន់​និង​លទ្ធ​ភាព​តុល្យ​ភាព​ថវិ​កា​រដ្ឋ។

គ្រូ​បង្រៀន កម្មា​ភិបាល​គ្រប់​គ្រង​គ្រឹះ​ស្ថាន​អប់​រំ និង​បុគ្គល​ដែល​បាន​ប្រ​គល់​ភារ​កិច្ច ឬ​កៀរ​គរ​ឱ្យ​ចូល​រួម​ឧត្តាន​កម្ម​អប់​រំ​មត្តេយ្យ​សិក្សា​សម្រាប់​កុមារ អា​យុ ៥-៦ ឆ្នាំ បាន​ទទួល​របប​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​សម​ស្រប​ទៅ​តាម​មុខ​តំ​ណែង ភារ​កិច្ច និង​តំ​បន់​បម្រើ​ការ​ងារ។

អនុ​ក្រឹត្យ​នេះ ក៏​បាន​កំ​ណត់​អំ​ពី​គោ​លន​យោ​បាយ​លើក​ទឹក​ចិត្ត និង​អា​ទិ​ភាព​ចំ​ពោះ​អង្គ​ការ បុគ្គល​ដែល​ចូល​រួម​វិនិ​យោគ ឧបត្ថម្ភ ជំ​នួយ ឬ​គាំ​ទ្រ​ដល់​ការ​អនុ​វត្ត​ឧត្តាន​កម្ម​អប់​រំ​មត្តេយ្យ​សិក្សា​សម្រាប់​កុមារ​អា​យុ​ពី ៥ - ៦ ឆ្នាំ​ស្រប​តាម​សេច​ក្ដី​កំ​ណត់​នៃ​ច្បាប់។

ករណី​មិន​គិត​ចូល​ទិន្ន​ន័យ​អប់​រំ​ជា​កា​តព្វ​កិច្ច​

អនុ​ក្រឹត្យ​បាន​ចែង​អំ​ពី​ករ​ណី​មួយ​ចំ​នួន​ដែល​មិន​គិត​ចូល​ក្នុង​ចំ​នួន​សរុប ដើម្បី​កំ​ណត់​អត្រា​បញ្ចប់​កម្ម​វិធី​អប់​រំ​បឋម​សិក្សា និង​អនុ​វិទ្យា​ល័យ រួម​មាន៖ អ្នក​គ្មាន​សមត្ថ​ភាព​សិក្សា​ដោយ​សារ​សុខ​ភាព; អ្នក​ពិ​ការ​ធ្ងន់ ឬ​ពិ​ការ​ធ្ងន់​បំ​ផុត​ដែល​គ្មាន​សមត្ថ​ភាព​សិក្សា; អ្នក​ដែល​កំ​ពុង​អនុ​វត្ត​ទោស​ក្នុង​ពន្ធ​នា​គារ ឬ​សេច​ក្ដី​សម្រេច​អនុ​វត្ត​វិធាន​ការ​រដ្ឋ​បាល​នៅ​តាម​គ្រឹះ​ស្ថាន​នា​នា​ដែល​មិន​អាច​ចូល​រួម​សិក្សា​បាន; ព្រម​ទាំង​ករណី​មិន​អាច​ទប់​ទល់​បាន។

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ សង្កាត់ តំ​បន់​រដ្ឋ​បាល​ពិ​សេស មាន​ភារ​កិច្ច​ពិ​និត្យ​ផ្ទៀង​ផ្ទាត់ និង​បញ្ជាក់​ករណី​ទាំង​នេះ​ស្រប​តាម​សេច​ក្ដី​កំ​ណត់។ កាល​បរិច្ឆេទ​កំ​ណត់​បញ្ចប់​ការ​ធ្វើ​បច្ចុប្បន្ន​ភាព និង​បូក​សរុប​ទិន្ន​ន័យ​របាយ​ការណ៍​ស្ដី​ពី​ឧត្តាន​កម្ម​អប់រំ មត្តេយ្យ​សិក្សា​សម្រាប់​កុមារ​អា​យុ​៥ - ៦ ឆ្នាំ ការ​អប់​រំ​ជា​កា​តព្វ​កិច្ច​និង​ការ​បំ​បាត់​អន​ក្ខរ​កម្ម គឺ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​ជា​រៀង​រាល់​ឆ្នាំ សម្រាប់​ថ្នាក់​ឃុំ និង​ថ្ងៃ​ទី ២០ ខែ​តុ​លា ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ថ្នាក់​ខេត្ត។

ថវិកា​អនុ​វត្ត​បាន​ចាត់​ចែង​ពី​ថវិកា​រដ្ឋ​តាម​ការ​បែង​ចែក​ថ្នាក់ ព្រម​ទាំង​ប្រ​ភព​ជំ​នួយ​ឧបត្ថម្ភ ការ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត និង​ប្រ​ភព​ស្រប​ច្បាប់​ផ្សេងៗ​ទៀត៕

   យោង​តាម vov.vn - ថាច់​ធី​

ចែករំលែកអត្ថបទ