ការកៀរគរប្រភពធនធានចម្រុះ ការផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ គួបផ្សំនឹងការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត គឺជាដំណោះស្រាយសំខាន់ដែលទីក្រុងកឹងធើ អនុវត្តព្រមៗគ្នាក្នុងការកសាងជនបទថ្មី។ តាមរយៈនេះ ទិដ្ឋភាពជនបទកាន់តែវិវឌ្ឍន៍ប្រសើរឡើង ហើយជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនបានលើកកម្ពស់ជាលំដាប់។

ដងផ្លូវទូលាយស្អាតបាត បានរួមចំណែកផ្លាស់ប្ដូរទិដ្ឋភាពជនបទទីក្រុងកឹងធើ។
ក្នុងដំណាក់កាលឆ្នាំ ២០២១–២០២៥ ទីក្រុងកឹងធើ បានកៀរគរធនធានថវិកាជាង ១៦.២០០ ពាន់លានដុង ដើម្បីអនុវត្តកម្មវិធីទិសដៅជាតិស្តីពីការកសាងជនបទថ្មី។ ក្នុងនោះ ថវិការដ្ឋឧបត្ថម្ភដោយផ្ទាល់មានជាង ២.៦៩១ ពាន់លានដុង ប្រភពទុនបញ្ចូលគ្នាពីកម្មវិធីនិងគម្រោងនានាសម្រេចជាង ១៣.៥២៥ ពាន់លានដុង និងការផ្តល់ផ្ទេរថវិកាវិនិយោគរដ្ឋដោយផ្ទាល់សម្រេចជាង ២.១៨២ ពាន់លានដុង (ស្មើនឹង ៨១,១១% នៃផែនការ)។ ប្រភពទុនទាំងនេះ ត្រូវបានផ្តោតលើការវិនិយោគសាងសង់សំណង់ចាំបាច់ ដូចជា ផ្លូវថ្នល់ សាលារៀន ដំណាក់សុខាភិបាល សំណង់បម្រើសកម្មភាពវប្បធម៌និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។
ដោយសារការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ទិដ្ឋភាពតំបន់ជនបទកឹងធើមានការវិវឌ្ឍយ៉ាងច្បាស់។ ក្រោយពីការរៀបចំអង្គភាពរដ្ឋបាល ទូទាំងទីក្រុងមានឃុំចំនួន ៥៩ ក្នុងចំណោម ៧២ ឃុំ សម្រេចបានបទដ្ឋានជនបទថ្មី ក្នុងនោះ មានឃុំចំនួន ១៥ សម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ និងឃុំចំនួន ២ សម្រេចបានបទដ្ឋានជនបទថ្មីគំរូ។ គិតត្រឹមចុងឆ្នាំ ២០២៥ សាលារៀនចំនួន ៨៣,៨៣% បានសម្រេចបទដ្ឋានជាតិ និងប្រជាជននៅតំបន់ជនបទចំនួន ៨២,៦៦% បានប្រើប្រាស់ទឹកស្អាតស្របតាមស្តង់ដារ។ ការងារសុខុមាលភាពសង្គមសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយមានផ្ទះ ១១.៤៦២ ខ្នងបានសាងសង់ថ្មី និងជួសជុលជូនគ្រួសារក្រ គ្រួសារក្បែរក្រីក្រ គ្រួសារគោលនយោ បាយនិងជនជាតិភាគតិច។
នៅមូលដ្ឋាន ភូមិភាគនានាកំពុងបន្តលើកកម្ពស់លទ្ធភាពនៃការអនុវត្ត។ លោកថាច់ចន្ទសាវណ្ណ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡាយហ្វា បានចែករំលែក៖ “ក្នុងការកសាងជនបទថ្មី ឃុំយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពវប្បធម៌ ការថែរក្សាទេសភាពបរិស្ថានឱ្យភ្លឺ - បៃតង - ជ្រះ - ស្អាត និងរក្សាអត្រាគ្របដណ្តប់ធានារ៉ាប់រងសុខាភិបាលឱ្យបាន ១០០%។ ក្នុងរយៈពេលខាងមុខ ភូមិភាគនឹងបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជំរុញការផ្លាស់ប្ដូរឌីជីថល គួបផ្សំនឹងការលើកកម្ពស់គុណភាពលក្ខណៈវិនិច្ឆ័យនានា ដើម្បីឆ្ពោះដល់ការអភិវឌ្ឍប្រកបដោយចីរភាព”។
ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ទីក្រុងកឹងធើបានកំណត់ទិសដៅអភិវឌ្ឍតំបន់ជនបទឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទំនើបនិងប្រកបដោយចីរភាព ដោយភ្ជាប់ការកសាងជនបទថ្មីយ៉ាងជិតស្និទ្ធជាមួយការបន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច។ ដោយឡែកក្នុងឆ្នាំ ២០២៦ ទីក្រុងខិតខំឱ្យមានឃុំយ៉ាងតិច ៦ ឃុំ សម្រេចបានបទដ្ឋានជនបទថ្មីតាមក្រមលក្ខឋានថ្មី ព្រមទាំងផ្តោតការឧបត្ថម្ភដល់ឃុំដែលនៅសល់ឱ្យបំពេញបាននូវលក្ខណៈវិនិច្ឆ័យដែលមិនទាន់សម្រេចបាន។
តាមប្រសាសន៍លោក ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ក្នុងរយៈពេលខាងមុខ ទីក្រុងបន្តកៀរគរនិងប្រើប្រាស់ប្រភពធនធាន វិនិយោគឱ្យមានប្រសិទ្ធភាព ដោយផ្តោតលើការធ្វើឱ្យសុក្រឹតហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ការលើកកម្ពស់គុណភាពលក្ខណៈវិនិច្ឆ័យ និងការអភិវឌ្ឍមុខរបរចិញ្ចឹមជីវិតជូនប្រជាជន។ ទន្ទឹមនឹងនោះ នឹងបង្កើនការបញ្ចូលគ្នានៃកម្មវិធីទិសដៅជាតិ និងលើកកម្ពស់តួនាទី ជាម្ចាស់របស់ប្រជាជនក្នុងការកសាងជនបទថ្មីប្រកបដោយចីរភាព ជាពិសេសនៅតំបន់ជនជាតិភាគតិច។
ការបែងចែកធនធានឱ្យចំគោលដៅ ផ្សារភ្ជាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមួយការអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត និងការលើកកម្ពស់សមត្ថភាពក្នុងការពឹងផ្អែកលើខ្លួនឯងរបស់ប្រជាជន នឹងក្លាយជាកម្លាំងចលករដ៏រឹងមាំសម្រាប់ជំរុញតំបន់ជនបទកឹងធើឱ្យបន្តអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង៕
ហុងទើ - ថាច់ធី