16/10/2026 - 22:03

ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ផ្តើម​ពី​វត្ត​ 

វត្ត​ខ្មែរ​មិន​ត្រឹម​តែ​ជា​កន្លែង​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន សកម្ម​ភាព​ជំនឿ​សាសនា​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កន្លែង​ថែ​រក្សា ផ្ទេរ​ជូន​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ទៀត​ផង។ តួ​យ៉ាង​ដូច​វត្ត​ពាម​បួន​ថ្មី នៅ​សង្កាត់​ភូ​ឡើយ ទី​ក្រុង​កឹង​ធើ បាន​ផ្តូច​ផ្តើម​បើក​ថ្នាក់​បង្រៀន​ភ្លេង​ពិណ​ពាទ្យ និង​បង្រៀន​រាំ​ដល់​កូន​ចៅ​មា​មីង​ខ្មែរ។ តាម​រយៈ​នោះ តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​មិន​ត្រឹម​តែ​បាន​អភិ​រក្ស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ផ្ទេរ​ជូន​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​ទៀត​ផង រួម​ចំ​ណែក​ថែ​រក្សា “ព្រលឹង” វប្ប​ធម៌​ខ្មែរ​នៅ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។

​ ប្អូនៗ​កំ​ពុង​រៀន​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​នៅ​វត្ត​ពាម​បួន​ថ្មី។

មក​កាន់​វត្ត​អា​រាម​ខ្មែរ ភ្ញៀវ​ទេស​ចរ​ងាយ​នឹង​ប្រ​ទះ​ឃើញ​ស្លាក​ស្នាម​វប្ប​ធម៌​ខ្មែរ​តាម​រយៈ​ស្ថា​បត្យ​កម្ម ក្បូរ​ក្បាច់​រចនា និង​រូប​ចម្លាក់​អណ្តែត​បាន​តុប​តែង​យ៉ាង​ល្អ​ប្រ​ណីត បំ​ពាក់​នូវ​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។ បរិយា​កាស​វត្ត​អា​រាម​មាន​ភាព​ស្ងប់​ស្ងាត់​ផង និង​ស្និទ្ធ​ស្នាល​ផង រួម​ចំ​ណែក​បង្ក​ចំ​ណុច​លេច​ធ្លោ​ក្នុង​ដំ​ណើរ​ស្វែង​យល់​វប្ប​ធម៌ និង​ជំ​នឿ​សាស​នា​របស់​ភូមិ​ភាគ។ ដោយ​កំ​ណត់​ច្បាស់​វប្ប​ធម៌​ត្រូវ​តែ​បាន​ផ្ទេរ​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​រយៈ​ពេល​កន្លង វត្ត​ពាម​បួន​ថ្មី​បាន​បើក​ថ្នាក់​បង្រៀន​របាំ​និង​បង្រៀន​ភ្លេង ពិណ​ពាទ្យ​ដល់​កូន​ចៅ​ខ្មែរ​ជាង ៦០ នាក់។ ផ្តើម​ពី​ថ្នាក់​រៀន​នេះ ប្អូនៗ​មិន​ត្រឹម​តែ​អភិ​វឌ្ឍ​ទេព​កោ​សល្យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ឱ​កាស​ស្វែង​យល់ និង​ផ្សារ​ភ្ជាប់​ជា​មួយ​ទម្រង់​សិល្បៈ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្លួន​ទៀត​ផង។

ប្អូន​ថាច់​កែវ​មុនី រៀន​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​នៅ​វត្ត បាន​ឱ្យ​ដឹង៖ “ប្អូន​ចូល​ចិត្ត​លេង​ភ្លេង​ពិណ​ពាទ្យ​ណាស់ ហេតុ​នោះ​ពេល​ដឹង​ថា​វត្ត​បើក​ថ្នាក់​បង្រៀន ប្អូន​ក៏​សូម​ឪ​ពុក​ម្តាយ​មក​រៀន​ភ្លាម។ ដោយ​សារ​វត្ត​បាន​បើក​ថ្នាក់​បង្រៀន ទើប​ឥ​ឡូវ​ប្អូន​ចេះ​លេង​ភ្លេង​ពិណ​ពាទ្យ​បាន ១០ បទ។ ពិ​សេស​ វត្ត​នៅ​ទាំង​ឱ្យ​ក្រុម​ភ្លេង​ពិណ​ពាទ្យ​លេង​កំ​ដរ​កម្ម​វិធី​បុណ្យ​នៅ​ក្នុង​វត្ត និង​បុណ្យ​ទាន​តាម​ភូមិ​ស្រុក ព្រម​ទាំង​បាន​ទៅ​លេង​កំ​ដរ​ក្នុង​ព្រឹត្តិ​ការណ៍​នា​នា​នៅ​ភូមិ​ភាគ ហេតុ​នោះ​ប្អូន​ចូល​ចិត្ត​ណាស់។ កាន់​តែ​រៀន​ប្អូន​កាន់​តែ​ចូល​ចិត្ត ហេតុ​នោះ​ប្អូន​នឹង​រៀន​បន្ត​ដើម្បី​ចេះ​លេង​ឧប​ករណ៍ ភ្លេង​ជា​ច្រើន​ប្រ​ភេទ​ទៀត រួម​ចំ​ណែក​ថែ​រក្សា​វប្ប​ធម៌​ខ្មែរ”។

ទន្ទឹម​នឹង​នោះ វត្ត​នៅ​ទាំង​រួម​ចំ​ណែក​រក្សា​វិញ្ញា​សា​កី​ឡា​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ឆ្នាំ ២០២៦ ពេល​បាន​រដ្ឋ​អំ​ណាច​ឧបត្ថម្ភ​វត្ត​បោះ​ទូក ង​ថ្មី បង្ក​លក្ខណៈ​ឱ្យ​ក្រុម​កី​ឡា​ករ​ទូក ង​បាន​ចូល​រួម​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ។ នេះ​មិន​ត្រឹម​តែ​ជា​ការ​ឧបត្ថម្ភ​ផ្នែក​សម្ភារៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​អភិ​រក្ស​នូវ​តម្លៃ​វប្ប​ធម៌ កី​ឡា​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង។ តាម​ថេរ​ដី​ការ​របស់​ព្រះ​តេជ​ព្រះ​គុណ ឌិញ​ហ្វាង​ស៊ឺ ព្រះ​ចៅ​អធិ​ការ​វត្ត​ពាម​បួន​ថ្មី ក្នុង​ឱ​កាស​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ វត្ត​តែង​ចាត់​តាំង​សកម្ម​ភាព​សិល្បៈ ដើម្បី​ពុទ្ធ​បរិស័ទ​មក​លេង​កម្សាន្ត​សប្បាយ។ ដើម្បី​ឱ្យ​យុវ​ជន​ជំ​នាន់​ក្រោយ​យល់​ដឹង​និង​ស្រ​ឡាញ់​វប្ប​ធម៌​ជន​ជាតិ វត្ត​បាន​បើក​ថ្នាក់​បង្រៀន​របាំ និង​បង្រៀន​ភ្លេង ដើម្បី​កូន​ចៅ​រៀន​សូត្រ និង​រក្សា​នូវ​តម្លៃ​វប្ប​ធម៌ ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​ជាតិ​បន្ត​រីក​សាយ​ភាយ​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ។

ផ្តើម​ពី​សកម្ម​ភាព​ជាក់​ស្តែង​ទាំង​នេះ វត្ត​ពាម​បួន​ថ្មី​កំ​ពុង​ពង្រីក​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល​សកម្ម​ភាព​វប្ប​ធម៌​សហ​គមន៍។ ការ​អភិ​រក្ស​វប្ប​ធម៌​ស្ថិត​ក្នុង​ទិស​ដៅ​អភិ​វឌ្ឍន៍​ទេស​ចរណ៍​របស់​សង្កាត់​ភូ​ឡើយ។ ព្រះ​តេជ​ព្រះ​គុណ ឌិញ​ហ្វាង​ស៊ឺ មាន​ថេរ​ដីកា៖ “បច្ចុប្បន្ន ភូមិ​ភាគ​កំ​ពុង​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ និង​កសាង​វត្ត​ឱ្យ​ក្លាយ​ជា​ទី​តាំង​ទេស​ចរណ៍​ផ្សារ​ភ្ជាប់​នឹង​អភិ​រក្ស​វប្ប​ធម៌​ខ្មែរ​ជា​បណ្តើរៗ។ នេះ​ជា​ឱ​កាស​ដើម្បី​វត្ត​ផ្សព្វ​ផ្សាយ​ស្ថា​បត្យ​កម្ម សិល្បៈ ពិ​ធី​បុណ្យ និង​ជីវ​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ដល់​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង និង​ក្រៅ​ប្រ​ទេស”៕

យ្វី​អាញ - វិមាន​

ចែករំលែកអត្ថបទ