09/10/2026 - 21:17

សាយ​ភាយ​លក្ខ​ណៈល្អ​ប្រសើរ​នៃ​ពិ​ធី​បុណ្យ​សែន​ដូន​តា​នៅ​តាម​សា​លា​រៀន​ 

ឋិត​ក្នុង​បរិយាកាស​រីក​រាយ​អ៊ូ​អរ​របស់​ជន​រួម​ជាតិ​ខ្មែរ​ សា​លា​រៀន​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​សកម្ម​ភាព​អំ​ណរ​ពិ​ធី​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦ យ៉ាង​គគ្រឹក​គគ្រេង​។ បង្កើត​ជា​ទី​លាន​លេង​កម្សាន្ត​វប្ប​ធម៌​ដ៏​មាន​អត្ថ​ន័យ​ទាំង​នេះ​ មិន​ត្រឹម​តែ​ជួយ​បណ្តុះ​ទឹក​ចិត្ត​កតញ្ញូ​ និង​ដឹង​គុណ​ដល់​ដូន​តា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​បំ​ផុស​មោទ​នភាព​ជន​ជាតិ​សម្រាប់​យុវ​ជន​ជំ​នាន់​ក្រោយ​ទៀត​ផង​។

សា​កល​វិទ្យា​ល័យ​កឹង​ធើ​ ចាត់​តាំង​កម្ម​ពិ​ធី​អំ​ណរ​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦។

អនុ​វត្ត​នូវ​គោល​មាគ៌ា​របស់​បក្ស​ និង​គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​អំ​ពី​ការ​ថែ​រក្សា​ និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ភាគ​តិច​ ការ​ងារ​អប់​រំ​វប្ប​ធម៌​នៅ​តាម​សា​លា​រៀន​តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស​ពី​បណ្ដា​គណៈ​កម្មា​ធិ​ការ​បក្ស​  រដ្ឋ​អំ​ណាច​ និង​ផ្នែក​អប់​រំ​។ ពិ​ធី​បុណ្យ​សែន​ដូន​តា​ គឺ​ជា​ពិ​ធី​បុណ្យ​ធំ​មួយ​ក្នុង​ចំ​ណោម​ពិ​ធី​បុណ្យ​ធំ​ៗរបស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ ដែល​មាន​អត្ថ​ន័យ​មនុស្ស​សាស្រ្ត​យ៉ាង​ជ្រាល​ជ្រៅ​អំ​ពី​គុណ​ធម៌​ “ផឹក​ទឹក​នឹក​ប្រ​ភព​” និង​ការ​រំលឹក​គុណូបការៈ​ដ៏​ធំ​ធេង​របស់​បុព្វ​ការី​ជន​ និង​ឪ​ពុក​ម្តាយ​។ ការ​ដាក់​បញ្ចូល​ពិ​ធី​បុណ្យ​នេះ​ទៅ​ក្នុង​បរិស្ថាន​សា​លា​រៀន​ គឺ​ជា​ស្ពាន​តភ្ជាប់​យ៉ាង​រឹង​មាំ​ក្នុង​ការ​ផ្តល់​ផ្ទេរ​នូវ​តម្លៃ​គោរព​រំលឹក​ដល់​បុព្វ​ការី​ជន​ចំ​ពោះ​យុវ​ជន​ និង​និស្សិត​។

នៅ​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ សង្កាត់​និញកេវ​ កម្ម​វិធី​អំ​ណរ​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦ បាន​ចាត់​តាំង​ឡើង​ដោយ​ការិយា​ល័យ​កិច្ច​ការ​និស្សិត​ បាន​ប្រ​ព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​កក់​ក្តៅ​ និង​សប្បាយ​រីក​រាយ​។ រា​ត្រី​ជួប​ជុំ​បាន​ទាក់​ទាញ​និស្សិត​ស្នាក់​នៅ​ក្នុង​ និង​ក្រៅ​អន្តេ​វា​សិក​ដ្ឋាន​យ៉ាង​ច្រើន​កុះ​ករ​  រួម​ជា​មួយ​វត្ត​មាន​ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​គណៈ​ ផ្នែក​មក​ចូល​រួម​អប​អរ​សា​ទរ​ក្នុង​សូរ​សំឡេង​ភ្លេង​ពិ​ណ​ពាទ្យ​ និង​ចង្វាក់​រាំ​ប្រ​ពៃ​ណី​ដូច​ជា​ រាំ​វង់​ សា​រ៉ា​វ៉ា​ន់ និង​របាំ​ជា​ដើម​។ បរិយាកាស​ជួប​ជុំ​នេះ​ បាន​ជួយ​មិត្ត​និស្សិត​វ័យ​ក្មេង​ដែល​ឆ្ងាយ​ពី​ផ្ទះ​ ស្បើយ​ល្ហើយ​ពី​ការ​នឹក​ស្រុក​កំ​ណើត​ បង្កើន​ភាព​ជិត​ស្និទ្ធ​ ផ្សារ​ភ្ជាប់​មនោ​សញ្ចេតនា​ជា​មួយ​មិត្ត​ភក្តិ និង​យល់​ច្បាស់​ពី​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ថែ​រក្សា​លក្ខ​ណៈល្អ​ប្រសើរ​នៃ​វប្ប​ធម៌​ជន​ជាតិ​។

ប្អូន​ហ្វិញ​ង៉ុក​ចូវ​ និស្សិត​ផ្នែក​សារ​ព័ត៌​មាន​នៃ​មហា​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​នយោ​បាយ​ សង្គម​ និង​មនុស្ស​សាស្ត្រ​ សា​កល​វិទ្យា​ល័យ​កឹង​ធើ​ បាន​ចែក​រំលែក​៖ “ពេល​ចូល​រួម​រា​ត្រី​ជួប​ជុំ​អំ​ណរ​ពិ​ធី​បុណ្យ​សែន​ដូន​តា​ ដែល​សា​លា​រៀប​ចំ​ឡើង​ ប្អូន​មាន​អា​រម្មណ៍​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​របស់​លោក​គ្រូ​អ្នក​គ្រូ​ ព្រម​ទាំង​ភាព​ស្និទ្ធ​ស្នាល​កក់​ក្តៅ​ពី​សំ​ណាក់​មិត្ត​ភក្តិ។ បណ្ដា​ក្បាច់​រាំ​ និង​បទ​ចម្រៀង​ខ្មែរ​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្អូន​ស្បើយ​ពី​ការ​នឹក​ផ្ទះ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ក្រើន​រំលឹក​ខ្លួន​ឯង​ឱ្យ​ខិត​ខំ​រៀន​សូ​ត្រ​ឱ្យ​បាន​ល្អ​ ព្រម​ទាំង​គោរព​និង​ថែ​រក្សា​លក្ខ​ណៈវប្ប​ធម៌​ល្អ​ប្រ​ពៃ​ដែល​ដូន​តា​បាន​បន្សល់​ទុក​មក​”។

សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថា​ញ់ភូ​ ចាត់​តាំង​សកម្ម​ភាព​សម្តែង​សិល្បៈ​ ជា​មួយ​ឈុត​សម្តែង​ក្រោម​ចំ​ណង​ជើង​“សែន​ដូន​តា”។

ចំ​ណែក​នៅ​សា​លា​អនុ​វិទ្យា​ល័យ​ និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថា​ញ់ភូ​ ឃុំ​ញូយ៉ា សម្ព័ន្ធ​យុវ​ជន​សា​លា​បាន​ចាត់​តាំង​សកម្ម​ភាព​សម្តែង​សិល្បៈ​ ជា​មួយ​នឹង​ឈុត​សម្តែង​ក្រោម​ចំ​ណង​ជើង​ “សែន​ដូន​តា​”។ ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ និង​ការ​រៀប​ចំ​យ៉ាង​ហ្មត់​ចត់​ សិស្សា​នុសិស្ស​អន្តេ​វា​សិក​បាន​សម្តែង​យ៉ាង​រស់​រវើក​នូវ​ពិ​ធី​កិច្ច​សែន​ដូន​តា​ ការ​យក​ចង្ហាន់​ប្រគេន​ចំ​ពោះ​ព្រះ​សង្ឃ​នៅ​វត្ត​ និង​បង្ហាញ​ពី​ទឹក​ចិត្ត​កតញ្ញូ​របស់​កូន​ចៅ​ចំ​ពោះ​ឪ​ពុក​ម្តាយ​ និង​បុព្វ​ការី​ជន​។ សកម្ម​ភាព​នេះ​ទទួល​បាន​ការ​គាំ​ទ្រ​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​កម្មា​ភិបាល​ លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្សា​នុសិស្ស​គ្រប់​រូប​ បំ​ប្លែង​នូវ​សកម្ម​ភាព​ក្រៅ​ម៉ោង​សិក្សា​ ឱ្យ​ក្លាយ​ជា​មេ​រៀន​ជាក់​ស្តែង​ពោរ​ពេញ​ដោយ​ចំ​ណាប់​អា​រម្មណ៍​អំ​ពី​ទឹក​ចិត្ត​កតញ្ញូ​។

ចូល​រួម​សម្តែង​ផ្ទាល់​ក្នុង​ឈុត​នេះ​ ប្អូន​ស្រី​ថា​ច់ធី​វិញ​ សិស្ស​ថ្នាក់​ ១១A១ សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថា​ញ់ភូ​ មាន​ចំ​ណាប់​អា​រម្មណ៍​៖ “ប្អូន​មាន​អា​រម្មណ៍​ថា​សប្បាយ​រីក​រាយ​និង​មោទ​នភាព​យ៉ាង​ខ្លាំង​ចំ​ពោះ​ប្រ​ពៃ​ណី​ដូន​តា​របស់​ជន​ជាតិ​ខ្លួន​។ តាម​រយៈ​ពាក្យ​ពេចន៍​ និង​ខ្លឹម​សារ​លម្អិត​នៃ​ការស​ម្តែង​ ប្អូន​កាន់​តែ​យល់​ដឹង​ស៊ី​ជម្រៅ​បន្ថែម​ទៀត​អំ​ពី​អត្ថ​ន័យ​នៃ​ទឹក​ចិត្ត​ដឹង​គុណ​ឪ​ពុក​ម្តាយ​ ជី​ដូន​ជី​តា​ ហើយ​សង្ឃឹម​ថា​នឹង​បាន​រួម​ចំ​ណែក​ជា​មួយ​មិត្ត​ភក្តិ បន្ត​ពង្រីក​ទំនៀម​ទម្លាប់​ដ៏​ល្អ​បវរ​ទាំង​នេះ​ដល់​សហ​គម​ន៍”។

តាម​ប្រ​សាសន៍​លោក​គ្រូ​ យឿង​សា​ផល​ ចាង​ហ្វាង​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថា​ញ់ភូ​ សា​លា​តែង​កំ​ណត់​ការ​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ជា​ភារ​កិច្ច​សំ​ខាន់​ជា​និច្ច​ ដែល​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​។ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ ដូច​ជា​ឈុត​សម្តែង​សិល្បៈ​ "សែន​ដូន​តា​" មិន​ត្រឹម​តែ​ជួយ​បំប៉ន​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្សព្វ​ផ្សាយ​របៀប​រស់​នៅ​ប្រ​កប​ដោយ​គុណ​ធម៌​ និង​មនោ​សញ្ចេតនា​ ជួយ​ឱ្យ​សិស្សា​នុសិស្ស​អន្តេ​វា​សិក​កាន់​តែ​គោរព​ និង​ម្ចាស់​ការ​ក្នុង​ការ​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។

បណ្ដា​សកម្ម​ភាព​ប្រ​កប​ដោយ​អត្ថ​ន័យ​ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា​ មិន​ត្រឹម​តែ​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ​ដល់​សិស្សា​នុសិស្ស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បើក​បង្ហាញ​នូវ​លំ​ហ​ ដើម្បី​ឱ្យ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​បាន​ផ្ទេរ​បន្ត​និង​រីក​សាយ​ភាយ​។ តាម​រយៈ​នោះ​ រួម​ចំ​ណែ​កប​ង្កើ​តប​រិស្ថាន​ដើម្បី​ឱ្យ​ប្អូន​ៗសិក្សា​រៀន​សូ​ត្រ​ និង​ហាត់​ពត់​លត់​ដំ​ ព្រម​ទាំង​បណ្តុះ​មោទ​នភាព​ចំ​ពោះ​ប្រ​ពៃ​ណី​និង​អត្ត​សញ្ញា​ណ​ជាតិ​; ហាត់​ពត់​លត់​ដំ​ជំ​នាន់​យុវ​ជន​ខ្មែរ​ឱ្យ​មាន​ចំ​ណេះ​ដឹង​  មាន​សមត្ថ​ភាព​ និង​ការ​ទទួល​ខុស​ត្រូវ​ ត្រៀម​ខ្លួន​ រួម​ចំ​ណែក​កសាង​ស្រុក​កំ​ណើត​ឱ្យ​កាន់​តែ​រីក​ចម្រើន​៕

 ហុង​ទើ - ថា​ច់ធី​

ចែករំលែកអត្ថបទ