មិនត្រឹមតែជាសកម្មភាពវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ពិធីបុណ្យនានារបស់ជនរួមជាតិខ្មែរកំពុងក្លាយជាផលិតផលទេសចរណ៍ដ៏ពិសេស ដែលបើកឱកាសជូនភ្ញៀវទេសចរស្វែងយល់ពីលំហវប្បធម៌ពោរពេញដោយអត្តសញ្ញាណនៅទីក្រុងកឹងធើ។ ពិសេស ពិធីបុណ្យអកអុំបុក - ប្រណាំងទូក ង ឆ្នាំ២០២៦ រំពឹងថា នឹងនាំមកនូវការឆ្លងបទពិសោធន៍ដ៏ពុះពោរនិងទាក់ទាញក្នុងអំឡុងថ្ងៃចុងខែវិច្ឆិកានេះ។

ការប្រណាំងទូក ងរបស់ជនរួមជាតិខ្មែរ នឹងក្លាយជាចំណុចលេចធ្លោមួយក្នុងការទាក់ទាញភ្ញៀវទេសចរពេលមកដល់ទីក្រុងកឹងធើនៅចុងខែវិច្ឆិកា។
ប្រព្រឹត្តឡើងផ្សារភ្ជាប់នឹងទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) សកម្មភាព នៃពិធីបុណ្យអកអុំបុក - ប្រណាំងទូក ង ឆ្នាំនេះ បានចាត់តាំងឡើងយ៉ាងសម្បូរបែប ចាប់ពីមហោស្រពសិល្បៈល្ខោនបាសាក់ខ្មែរណាមបូលើកទី៣ សន្និសីទជំរុញទេសចរណ៍ សកម្មភាពអបអរសាទរទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី២៣ ខែវិច្ឆិកា) រហូតដល់ការតាំងបង្ហាញពិព័រណ៍វប្បធម៌ បេតិកភណ្ឌនិងសៀវភៅ ក្រោមប្រធានបទ “វប្បធម៌បំភ្លឺផ្លូវឱ្យប្រជាជាតិដើរ”។ ទន្ទឹមនឹងនោះ ទីក្រុងក៏ចាត់តាំងផ្សារណាត់ជំរុញពាណិជ្ជកម្មផលិតផល OCOP និងផលិតផលពិសេសប្រចាំតំបន់ ដោយទ្រង់ទ្រាយប្រមាណពី ២០០ ទៅ ៣០០ ល្វែង។ លំហតាំងបង្ហាញផលិតផល OCOP មុខរបរសិប្បកម្មប្រពៃណី ម្ហូបអាហារ ផលិតផលទេសចរណ៍ និងការផ្សព្វផ្សាយ ទីកន្លែងកម្សាន្ត នឹងបង្កឱកាសសម្រាប់ប្រជាជន និងភ្ញៀវទេសចរឆ្លងបទពិសោធ ទិញផលិតផល និងស្វែងយល់ពីផលិតផលពិសេសៗ នៃតំបន់តីណាមបូ។
ចំណុចលេចធ្លោនៃបណ្តាព្រឹត្តិការណ៍នេះ គឺការបើកពិធីបុណ្យអកអុំបុក - ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ ដែលគ្រោងនឹងប្រារព្ធឡើងនៅម៉ោង ២០ ថ្ងៃទី ២២ ខែវិច្ឆិកា នៅទីលានបាច់ដាំង សង្កាត់ភូឡើយ។ កម្មវិធីសិល្បៈដ៏ពិសេស នឹងបង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជនរួមជាតិខ្មែរ ហើយមានការផ្សាយផ្ទល់នៅលើកាសែតនិងវិទ្យុ ទូរទស្សន៍កងធើ។ បន្ទាប់មក ការប្រណាំងទូក ង ទីក្រុងកឹងធើបើកទូលាយ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុង២ថ្ងៃ គឺថ្ងៃទី ២៣ និង ២៤ ខែវិច្ឆិកា តាមការគ្រោងទុកនឹងមានទូក ងបុរស - នារីជាង ៦០ ទូកនៅក្នុងនិងក្រៅទីក្រុងចូលរួម។ បណ្តាទូក ងដែលមានពណ៌ស្រស់ឆើតឆាយ ព្រមទាំងសំឡេងស្គរកងរំពង និងបរិយាកាសប្រកួតប្រណាំងដ៏ពុះពោរ នឹងបង្កើតជាលំហពិធីបុណ្យដ៏អ៊ូអរ ពោរពេញដោយអត្តសញ្ញាណ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
តាមប្រសាសន៍លោក ង្វៀងវ៉ាំងបៃ នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ បានឱ្យដឹង ពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ បាននិងកំពុងក្លាយជាផលិតផលទេសចរណ៍ដ៏ពិសេសរបស់ទីក្រុង។ ហេតុនោះ ការចាត់តាំងពិធីបុណ្យមិនត្រឹមតែសំដៅអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកការផ្សារភ្ជាប់វប្បធម៌ ជាមួយទេសចរណ៍ ពាណិជ្ជកម្ម និងការផ្សព្វផ្សាយ អំពីទីតាំងទេសចរណ៍ដល់ភ្ញៀវទេសចរផង។ នេះក៏ជាវិធីមួយដើម្បីធ្វើឱ្យតម្លៃវប្បធម៌ប្រពៃណីក្លាយជាប្រភពធនធានសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ ជាពិសេស ឆ្នាំនេះ ទីក្រុងចាត់តាំងទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) ផ្សារភ្ជាប់នឹងពិធីបុណ្យអកអុំបុក ប្រណាំងទូក ង និងផ្សារភ្ជាប់នឹងព្រឹត្តិការណ៍ Festival ស្រូវអង្ករ។ នេះត្រូវបានចាត់ទុកថា ជាចំណុចលេចធ្លោដែលរួមចំណែកទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសយ៉ាងច្រើនកុះករមកកាន់ទីក្រុង។
មកកាន់ទីក្រុងកឹងធើក្នុងអំឡុងចុងខែវិច្ឆិកា ភ្ញៀវទេសចរមិនត្រឹមតែបានទស្សនាការប្រកួតប្រណាំងទូក ងប៉ុណ្ណោះទេ ថែមទាំងអាចសម្របខ្លួននឹងជីវភាពវប្ប ធម៌ខ្មែរ តាមរយៈសិល្បៈល្ខោនបាសាក់ ពិធីសំពះព្រះខែ ភ្លក់រសជាតិម្ហូបអាហារប្រពៃណី ទស្សនាលំហដាក់តាំង ឆ្លងបទពិសោធន៍អំពីមុខរបរសិប្បកម្ម និងស្វែង យល់ពីរឿងរ៉ាវពិធីបុណ្យវប្បធម៌របស់ជនរួមជាតិខ្មែរទៀតផង។ ទាំងអស់នេះនឹងក្លាយជា “ចំណុចណាត់ជួប” យ៉ាងពិសេសសម្រាប់ភ្ញៀវទេសចរ នៅពេលអញ្ជើញមកដល់ទីក្រុងកឹងធើ៕
យ្វីអាញ - ថាច់ធី