23/09/2026 - 05:45

វិចិត្រ​ករ​អន្តរ​ជាតិ​ចូល​រួម​កម្ម​វិធី​ "ប្អូន​គូរ​អំ​ពី​ក្តី​ប្រាថ្នា​" 

នៅ​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា​ នៅ​សង្កាត់​បាក​លីវ​ ខេត្ត​កាម៉ាវ​ បាន​រៀប​ចំ​កម្ម​វិធី​ "ប្អូន​គូរ​អំ​ពី​ក្តី​ប្រាថ្នា​" ដោយ​មាន​ការ​ចូល​រួម​ពី​វិចិត្រ​ករ​អន្តរ​ជាតិ​ ៥០ រូប​ មក​ពី​សមា​គម​គំនូរ​ពណ៌​ទឹក​អន្តរ​ជាតិ​។ នេះ​ជា​សកម្ម​ភាព​មួយ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រឹត្តិ​ការណ៍​សិល្បៈ​និង​មនុស្ស​ធម៌​កាម៉ាវ​ Art Tour ២០២៦ ក្រោម​ប្រ​ធាន​បទ​ "Colors of the Southern Horizon – ពណ៌​សម្បូរ​នៅ​ចុង​ប៉ូច​ភាគ​ខាង​ត្បូង​"។  នៅ​ក្នុង​កម្ម​វិធី​នេះ​ វិចិត្រ​ករ​អន្តរ​ជាតិ​ទាំង​ ៥០ រូប​បាន​រួម​គ្នា​បង្កើត​ស្នា​ដៃ​គំនូរ​មួយ​ដែល​មាន​ប្រ​វែង​ ១០ ម៉ែ​ត្រ​; ប្អូន​ៗកុមារ​ក៏​បាន​បង្ហាញ​ក្តី​ប្រាថ្នា​របស់​ខ្លួន​ តាម​រយៈ​គំនូរ​ដែល​ពោរ​ពេញ​ដោយ​ពណ៌​ដ៏​ស្រស់​ស្អាត​ ប្រ​កប​ដោយ​ភាព​ច្នៃ​ប្រ​តិដ្ឋ​។

ប្អូន​ៗចូល​រួម​កម្ម​វិធី​ "ប្អូន​គូរ​អំ​ពី​ក្តី​ប្រាថ្នា​" ជា​មួយ​វិចិត្រ​ករ​អន្តរ​ជាតិ​។

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ លោក​ហ្វិញ​ហុង​យុង​ អនុ​ប្រ​ធាន​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ខេត្ត​កាម៉ាវ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​ ការ​ចុះ​ទៅ​ស្វែង​យល់​ផ្ទាល់​នៅ​តំ​បន់​ដី​ជ្រោយ​ និង​ការ​បង្កើត​ស្នា​ដៃ​សិល្បៈ​របស់​សិល្ប​ករ​នា​នា​ក្នុង​រយៈ​ពេល​កន្លង​មក​។ ព្រឹត្តិ​ការណ៍​នេះ​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​រូប​ភាព​ វប្ប​ធម៌​ និង​មនុស្ស​ខេត្ត​កាម៉ាវ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បញ្ជាក់​សិល្បៈ​គឺ​ជា​ភា​សា​រួម​ដែលត​ភ្ជាប់​បណ្ដា​ប្រ​ទេស​និង​សហ​គម​ន៍។

សង្កត់​ធ្ងន់​លើ​ចំ​ណុច​សំ​ខាន់​នៃ​កម្ម​វិធី​នេះ​ វិចិត្រ​ករ​អន្តរ​ជាតិ​បាន​រួម​គ្នា​បង្កើត​ស្នា​ដៃ​សិល្បៈ​ខ្នាត​ធំ​មួយ​ដែល​មាន​ប្រ​វែង​ ១០ ម៉ែ​ត្រ​ដែល​បង្ហាញ​ពី​ការ​លាយ​បញ្ចូល​គ្នា​រវាង​រចនា​បថ ទស្សនៈ​ និង​ខឿន​វប្ប​ធម៌​ផ្សេង​ៗ។ ជា​មួយ​គ្នា​នេះ​ សកម្ម​ភាព​ "ប្អូន​គូរ​អំ​ពី​ក្តី​ប្រាថ្នា​" ដោយ​មាន​ការ​ចូល​រួម​ពី​ "វិចិត្រ​ករ​កុមារ​" ក្នុង​តំ​បន់​ចំ​នួន​ ៥០ នាក់​ បាន​បង្ក​ឱ​កាស​ផ្លាស់​ប្តូរ​និង​បន្ត​មរតក​ពី​សិល្ប​ករ​ល្បី​ៗទៅ​កាន់​អ្នក​ជំ​នាន់​ក្រោយ​។ តាម​រយៈ​កម្ម​វិធី​នេះ​ កុមារ​មិន​ត្រឹម​តែ​ទទួល​បាន​ការ​ណែ​នាំ​អំ​ពី​បំ​ណិន​គំនូរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​និង​ការ​បំ​ផុស​គំ​និត​ដើម្បី​មាន​ទំនុក​ចិត្ត​ចាប់​យក​ក្តី​ប្រាថ្នា​របស់​ខ្លួន​។

ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំ​ខេត្ត​កាម៉ាវ​ លោក​ហ្វិញ​ហុង​យុង​ អនុ​ប្រ​ធាន​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ខេត្ត​កាម៉ាវ​ បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​សិល្ប​ករ​ អង្គ​ការ​ អា​ជីវ​កម្ម​និង​អ្នក​ជំនួយ​ឧបត្ថម្ភ​ទាំង​អស់​ដែល​បាន​ចូល​រួម​គាំ​ទ្រ​កម្ម​វិធី​; ជា​មួយ​គ្នា​នេះ​ លោក​សង្ឃឹម​ថា​ ស្នាម​ជក់​និង​មនោ​សញ្ចេតនា​របស់​សិល្ប​ករ​នឹង​បន្ត​ផ្សព្វ​ផ្សាយ​រូប​ភាព​ខេត្ត​កាម៉ាវ​ ទៅ​កាន់​សហ​គម​ន៍សិល្បៈ​និង​សា​ធារ​ណ​ជន​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​។ កម្ម​វិធី​នេះ​ មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ​ក្នុង​វិស័យ​សិល្បៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​សកម្ម​ភាព​ចែក​រំលែក​ក្តី​ស្រ​ឡាញ់​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​កុមារ​។ ក្នុង​ឱ​កាស​នេះ​ដែរ​ អំ​ណោយ​ចំ​នួន​ ៥០ ចំ​ណែក​ក៏​បាន​ផ្ដល់​ជូន​ប្អូន​ៗកុមារ​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​និង​បន្ថែម​ជំនឿ​ចិត្ត​ដល់​ពួក​គេ​ក្នុង​ការ​ចិញ្ចឹម​ក្តី​ប្រាថ្នា​សម្រាប់​អនាគត៕

យ្វី​អាញ​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ