រស់នៅសាមញ្ញ ស្មោះត្រង់នឹងមិត្តរួមអាជីព ខ្នះខ្នែងក្នុងការងារ តែងលើកកម្ពស់ក្រមសីលធម៌គ្រូពេទ្យ ថែទាំអ្នកជំងឺដោយអស់ពីចិត្ត។ល។ ទាំងនេះ គឺជាការបញ្ជាក់របស់កងជួរក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតចំពោះវេជ្ជបណ្ឌិត ថាយឌឹកសី នាយករងដំណាក់សុខាភិបាលសង្កាត់វិញភឿក ទីក្រុងកឹងធើ។

វេជ្ជបណ្ឌិត ថាយឌឹកសី កំពុងពិនិត្យជំងឺជូនប្រជាជន។
កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករនៅសុកត្រាំង កន្លែងមានជនរួមជាតិខ្មែររស់នៅកុះករ ទើបបងថាយឌឹកសី យល់ច្បាស់ពីភាពលំបាក នឿយហត់របស់ឪពុកម្តាយនិងប្រជាជននៅភូមិភាគតាំងពីកុមារម្ល៉េះ។ ភាពជាក់ស្តែងទាំងនោះ បានផ្តល់ជាកម្លាំងចិត្តដើម្បីគាត់ព្យាយាមសិក្សាផ្នែកវេជ្ជសាស្ត្រ សង្ឃឹមថា នឹងនាំមកនូវចំណេះដឹង និងដៃទាំងទ្វេរបស់ខ្លួន ដើម្បីបម្រើអ្នកជំងឺក្រីក្រ។ ក្រោយពីរយៈកាលជាច្រើនឆ្នាំខិតខំប្រឹងប្រែងសិក្សាឆ្នាំ២០១៦ បងឌឹកសី ប្រឡងយកសញ្ញាបត្រគ្រូពេទ្យពហុវិជ្ជានៅសាលាមធ្យមសិក្សាសុខាភិបាលបាកលីវ បន្ទាប់មក គាត់ក៏បានទៅបន្តសិក្សាថ្នាក់វេជ្ជបណ្ឌិតពហុវិជ្ជានៅសាកលវិទ្យាល័យវ៉ទ្រឿងត្វង ក្រោយពីបញ្ចប់ការសិក្សាចេញសាលានៅឆ្នាំ២០១៩ គាត់ដាក់ពាក្យសុំមកបំពេញការងារនៅដំណាក់សុខាភិបាលសង្កាត់វិញភឿក រហូតមកទល់នឹងសព្វថ្ងៃ។ ចែករំលែកពីការលំបាកពេលទើបចូលធ្វើពេទ្យ បង ឌឹកសី ឱ្យដឹង៖ “ដំបូងពុំទាន់មានបទពិសោធន៍ ដូច្នេះ ពេលជួបប្រាស្រ័យនឹងអ្នកជំងឺនៅរអែង ប៉ុន្តែដោយការជួយណែនាំអស់ពីចិត្តពីក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត នៅដំណាក់សុខាភិបាល ព្រមទាំងមានការស៊ូទ្រាំលំបាកក្នុងការសិក្សាស្រាវជ្រាវជាជំហានៗលើក កម្ពស់ចំណេះជំនាញអនុវត្តសម្រេចល្អភារកិច្ច”។
ក្រោយពីរយៈកាល៧ឆ្នាំផ្សារភ្ជាប់នឹងអាជីពផ្នែកខាងវិជ្ជាពេទ្យ បងសី បានបំពាក់នូវបទពិសោធន៍ជាច្រើនសម្រាប់ខ្លួនក្នុងការពិនិត្យ ព្យាបាលជំងឺ។ ក្រៅពីពិនិត្យ ព្យាបាលជំងឺដោយការយកចិត្តទុកដាក់ គាត់នៅទាំងខ្នះខ្នែងណែនាំគ្រួសារដែលមានអ្នកជំងឺសរសៃប្រសាទ ជំងឺ HIV/AIDS អំពីរបៀបរស់នៅ របៀបប្រើប្រាស់ថ្នាំត្រឹមត្រូវចលនាអ្នកជំងឺរស់នៅមានសុខភាពល្អ រស់នៅប្រកបដោយសុទិដ្ឋិ និយម។ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ បងសីតែងអនុវត្តសម្រេចល្អភារកិច្ច បង្ហាញក្រមសីលធម៌គ្រូពេទ្យយ៉ាងពេញលេញ អស់ពីចិត្តនឹងអាជីព ដើម្បីអ្នកជំងឺ។ ឆ្នាំ២០២៥ គាត់បានថ្នាក់ដឹកនាំដំណាក់សុខាភិបាល វាយតម្លៃខ្ពស់ ហើយបានតែងតាំងជានាយករងដំណាក់សុខាភិបាលសង្កាត់វិញភឿក។ ក្នុងតួនាទីថ្មី គាត់តែងធ្វើជាគំរូដល់កងជួរក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតវ័យក្មេងក្នុងការលត់ដំក្រមសីលធម៌គ្រូពេទ្យ រក្សាអាកប្បកិរិយាឥរិយាបថ ការប្រាស្រ័យទាក់ទង ជួយណែនាំដល់មិត្តរួមអាជីព ទើបចូលបម្រើការងារ ដើម្បីសិក្សារៀនសូត្រ បង្កើនចំណេះដឹង លើកទឹកចិត្តអ្នករាល់គ្នាជម្នះលំបាក ដើម្បីអនុវត្តសម្រេចល្អការងារ។ ផ្តើមពីនោះ គុណភាពនៃការពិនិត្យនិងព្យាបាលជំងឺរបស់ដំណាក់កាន់តែបានលើកកម្ពស់ ជាជំហានៗក្លាយជាអាសយដ្ឋានដ៏ទំនុកចិត្តក្នុងការថែទាំសុខភាពប្រជាជននៅភូមិភាគ។
វេជ្ជបណ្ឌិត ឯកទេសកម្រិត១ លឺវវ៉ាំងអ៊ុយ នាយកដំណាក់សុខាភិបាលសង្កាត់វិញភឿក ឱ្យដឹង៖ “វេជ្ជបណ្ឌិតថាយឌឹកសី អស់ពីចិត្តនឹងអាជីព ស៊ូទ្រាំលំបាករៀនសូត្រ ឆ្លាតវៃក្នុងការបង្ខិតជិតបច្ចេកទេសថ្មីៗ ដើម្បីអនុវត្តទៅក្នុងភាពជាក់ស្តែងនៃការងាររបស់ដំណាក់។ ក្រៅពីមានមុខជំនាញវិជ្ជាជីវៈរឹងមាំ គាត់នៅទាំងជាវេជ្ជបណ្ឌិតមានការទទួលខុសត្រូវខ្ពស់ ជាគំរូទទួលបានការស្រឡាញ់រាប់អានពីអ្នកជំងឺនិងមិត្តរួមអាជីព”៕
ថាញវ៉ាង-មុនី