ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ជាមួយនឹងការយកចិត្តទុកដាក់វិនិយោគពីរដ្ឋ ឃុំអាងនិញ ទីក្រុងកឹងធើ បានកំណត់ថា ការកៀរគរប្រភពសង្គមូបនីយកម្ម គឺជាដំណោះស្រាយដ៏សំខាន់មួយ សំដៅកសាង និងធ្វើឱ្យសុក្រឹតនូវហេដ្ឋារចនាសម្ព័ន្ធជនបទ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន ព្រមទាំងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅភូមិភាគ។
អនុវត្តគោលការណ៍កសាងជនបទថ្មី គណៈកម្មាធិការបក្ស និងរដ្ឋអំណាចឃុំអាងនិញ បង្កើនការឃោសនា ចលនាកម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជន ពង្រីកស្មារតីសាមគ្គីភាព រួមកម្លាំងកសាងស្រុកភូមិ សំដៅកសាងសំណង់ជនបទទាំងឡាយ ដូចជាស្ពានជនបទនៅនានាភូមិ ដែលមានស្ពានមួយចំនួនខូចខាត និងទ្រុឌទ្រោមយ៉ាងខ្លាំង។ ការងារចលនាបានអនុវត្តលើស្មារតីប្រជាធិបតេយ្យ ប្រកាសជាចំហ តម្លាភាព និងសមស្របទៅនឹងលក្ខណៈជាក់ស្តែងនៃភូមិភាគនីមួយៗ។

ប្រជាជនចូលរួមចាក់បេតុងផ្ទៃខាងលើស្ពានភូមិសាឡាង ឃុំអាងនិញ។
នៅភូមិសាឡាង ជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅប្រមាណ ៧៥% ផ្តើមពីប្រភពសង្គមូបនីយកម្មដែលបានកៀរគរពី អង្គការ បុគ្គល សប្បុរសជន និងមាមីងនៅក្នុងភូមិ កសាងស្ពានចំនួន ២ ខ្សែ។ ទីមួយ គឺស្ពានសាឡាង ១ មានទទឹង ៤ ម៉ែត្រ ប្រវែង ៣៦ ម៉ែត្រ ថវិកាសាងសង់ប្រមាណ ៦០០ លានដុង; ទីពីរ គឺស្ពានសាឡាង ២ មានទទឹង ៤ ម៉ែត្រ ប្រវែង ៤២ ម៉ែត្រ ថវិកាសាងសង់ប្រមាណ ៨០០ លានដុង។ ទ្រង់ទ្រាយនៃការរួមវិភាគទាន ដូច៖ ឧបត្ថម្ភថវិកា សម្ភារសាងសង់ ថ្ងៃកម្លាំងពលកម្ម បរិច្ចាគដីធ្លី និងការរួមចំណែកប្រភពធនធានផ្សេងៗទៀត ដើម្បីបម្រើដល់ការកសាងសំណង់បម្រើជីវភាពប្រជាជន។ បង យីប មិញវឿង ប្រធានគណៈប្រជាជនភូមិសាឡាង បានឱ្យដឹង៖ “រដ្ឋអំណាចភូមិភាគផ្តើមកសាង រួមជាមួយនឹងការចលនាពីសប្បុរសជននានាជួយឧបត្ថម្ភថវិកា ចំណែកឯមាមីងក្នុងភូមិ ត្រៀមក្នុងការជួយកម្លាំងពលកម្ម ដើម្បីឱ្យស្ពានថ្មីកសាងរួចរាល់ឆាប់ៗ ជួយឱ្យមាមីង និងប្អូនៗសិស្សានុសិស្សធ្វើដំណើរងាយស្រួលជាង”។ ចំណែកឯបងស្រី គឹម ធីលៀង អ្នកចូលរួមដាំបាយឱ្យអ្នកចូលរួមធ្វើស្ពាន ចែករំលែក៖ “ខ្ញុំបានដាំបាយឱ្យបងប្អូនហូប ចាប់តាំងពីថ្ងៃបើកការសាងសង់មកទល់ពេលនេះ ដោយមួយថ្ងៃហូបមួយពេល ក្រៅពីនោះ មាមីងនៅទីនេះ នរណាមានអ្វីក៏រួមចំណែកហ្នឹង អ្នកខ្លះជួយទឹកបរិសុទ្ធ អ្នកខ្លះទឹកក អ្នកខ្លះមីកញ្ចប់ ដើម្បីប្រហែលម៉ោង ៣ រសៀល ខ្ញុំដាំមីជូនបងប្អូនហូប”។
ផ្តើមពីប្រភពធនធានដែលកៀរគរបាន ឃុំផ្តោតលើការអាទិភាពវិនិយោគ ជួសជុល និងកែលម្អសំណង់ដែលចាំបាច់បម្រើដល់ជីវភាព និងការផលិតរបស់ប្រជាជន ពិសេសគឺផ្លូវគមនាគមន៍ជនបទ ស្ពាន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនីបំភ្លឺ សាលារៀន អាគាវប្បធម៌ សំណង់បម្រើដល់ការប្រជុំជីវកិច្ចសហគមន៍ និងទិដ្ឋភាពបរិស្ថាន។ ការវិនិយោគជាជំហានៗរួមចំណែកកែលម្អទិដ្ឋភាពជនបទ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនធ្វើដំណើរ ជួញដូរទំនិញ អភិវឌ្ឍការផលិត និងលើកកម្ពស់គុណភាពការរស់នៅ។ សមមិត្ត អុង វិញហ្វី - អនុប្រធានគណៈកម្មាធិការប្រជាជនឃុំអាងនិញ បានឱ្យដឹង៖ “ក្នុងដំណើរការអនុវត្ត គោលលំនាំ “រដ្ឋ និងប្រជាជនរួមគ្នាធ្វើ” បានពង្រីកដោយមានប្រសិទ្ធភាព។ រដ្ឋអំណាចភូមិភាគ រក្សាតួនាទីតម្រង់ទិស ឃោសនាផ្សព្វផ្សាយ និងចាត់តាំងអនុវត្ត; ប្រជាជនចូលរួមពិភាក្សា ជ្រើសរើសសំណង់ ត្រួតពិនិត្យដំណើរការអនុវត្ត និងពិនិត្យទទួលលទ្ធផល។ តាមរយៈនោះ ស្មារតីទទួលខុសត្រូវ និងម្ចាស់ការរបស់ប្រជាជន ចំពោះសំណង់ដែលសាងសង់នៅលើភូមិឋាន កាន់តែបានលើកកម្ពស់។ គិតចាប់ពីដើមឆ្នាំ ២០២៦ មកទល់ពេលនេះ ឃុំបានចលនាពីប្រភពសង្គមូបនីយកម្មកសាងស្ពានជនបទបានចំនួន ៧ ខ្សែ ដោយថវិកាអនុវត្តប្រមាណជាង ៣ ពាន់លានដុង។ ជាក់ស្តែងដូចជាភូមិសាឡាង ចលនាសប្បុរសជនកសាងស្ពានជនបទ ចំនួន ២ ខ្សែ នេះក៏ជាក្តីរីករាយរបស់មាមីងនៅទីនេះ ជួយឱ្យមាមីងធ្វើដំណើរទៅមជ្ឈមណ្ឌលឃុំជិតជាង និងងាយស្រួលជាងមុន”។

ស្ពានជនបទភូមិសាឡាង ឃុំអាននិញ មានការចូលរួម កម្លាំងពលកម្មរបស់ប្រជាជនក្នុងភូមិ។
នាពេលខាងមុខ ឃុំអាងនិញ បន្តជំរុញខ្លាំងការងារឃោសនា ចលនា និងពង្រីកកម្លាំងរបស់ប្រព័ន្ធនយោបាយទាំងមូល ក្នុងការកៀរគរប្រភពធនធានកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ។ ឃុំនឹងម្ចាស់ការពិនិត្យឡើងវិញ កំណត់បណ្តាសំណង់ដែលប្រាកដថាចាំបាច់ មានលក្ខណៈបន្ទាន់ និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង ដើម្បីអាទិភាពកៀរគរប្រភពធនធានវិនិយោគ។ ទន្ទឹមនឹងនោះ បង្កើនការសហការជាមួយអាជីវកម្ម អង្គការ បុគ្គល សប្បុរសជននានា ដើម្បីពង្រីកប្រភពសង្គមូបនីយកម្ម។
អាចបញ្ជាក់បានថា ការកៀរគរប្រភពសង្គមូបនីយកម្មដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធជនបទនៅឃុំអាងនិញ មិនត្រឹមតែរួមចំណែកកាត់បន្ថយសម្ពាធដល់ថវិការដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ និងសិទ្ធិម្ចាស់ការរបស់ប្រជាជន។ នេះជាប្រភពធនធានដ៏សំខាន់ ដើម្បីឱ្យភូមិភាគជំហានៗធ្វើឱ្យសុក្រឹតនូវ ហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់គុណភាពបណ្តាលក្ខឋានជនបទថ្មី ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងកសាងឃុំអាងនិញឱ្យកាន់តែមានភាពធំទូលាយ អារ្យធម៌ និងស៊ីវិល័យ៕
ដាលីន-មេងលី