នាយករដ្ឋមន្ត្រី សំណូមពរពង្រឹងសុវត្ថិភាពចំណីអាហារនៅតាមសាលារៀន ព្រមទាំងប្រកាសជាចំហរៀងរាល់ថ្ងៃនូវបញ្ជីមុខម្ហូប ប្រភពអាហារ និងរូបភាពក្បាក់អាហារជាក់ស្តែង ដើម្បីឪពុកម្ដាយសិស្សត្រួតពិនិត្យ។ ទន្ទឹមនឹងនោះ ត្រូវចាត់វិធានការម៉ឺងម៉ាត់ចំពោះអំពើ “កិបកេង” របបអាហាររបស់សិស្ស។

ប្រកាសជាចំហក្បាក់អាហាររបស់សិស្សដើម្បីត្រួតពិនិត្យ។
ពិនិត្យអាហារដ្ឋានសាលារៀនដោយចៃដន្យ
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទើបតែចេញបទ បញ្ជាលេខ ៣៣/CT-TTg ស្តីពីការពង្រឹងធានាសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានអប់រំ។
រយៈពេលកន្លង ករណីពុលអាហារជាច្រើនបានកើតឡើងនៅតាមគ្រឹះស្ថានអប់រំ បង្កផលប៉ះពាល់ដល់សុខភាពនិងស្មារតីរបស់សិស្ស និស្សិត ព្រមទាំងប៉ះពាល់ដល់គុណភាពសកម្មភាពអប់រំ។
ដើម្បីកែតម្រូវស្ថានភាពខាងលើឱ្យបានទាន់ពេលវេលា នាយករដ្ឋមន្ត្រីសំណូមពរដល់រដ្ឋមន្ត្រី ប្រធានស្ថាប័នពាក់ព័ន្ធ និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទីក្រុងនានា ផ្តោតលើការដឹកនាំអនុវត្តប្រកបដោយម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវរាល់ភារកិច្ច និងដំណោះស្រាយ ធានាសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានអប់រំ។
ក្នុងនោះ នាយករដ្ឋមន្ត្រី បានសំណូមពរឱ្យក្រសួងសុខាភិបាល នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៦ ត្រូវពិនិត្យឡើងវិញ និងបំពេញបន្ថែមនូវសេចក្ដីកំណត់នានា ស្តីពីការបែងចែកនិងការប្រគល់ភារកិច្ច ទទួលខុសត្រូវគ្រប់គ្រងសុវត្ថិភាពចំណីអាហារចំពោះគ្រឹះស្ថានអប់រំ ពិសេសគឺសេចក្ដីកំណត់នានាស្តីពីការធានាសុវត្ថិភាពចំណីអាហារចំពោះសកម្មភាព និងសេវាកម្មផ្គត់ផ្គង់ចំណីអាហារ របបអាហារដល់គ្រឹះស្ថានអប់រំ។
ក្រសួងសុខាភិបាល ត្រូវសិក្សាស្រាវជ្រាវស្នើដល់ថ្នាក់មានសមត្ថកិច្ច ដើម្បីកែសម្រួលនិងបំពេញ បន្ថែមវិធានការច្បាប់ចាត់ការបទល្មើសចំពោះអ្នកដឹកនាំស្ថាប័នដែលគ្រប់គ្រងសុខាភិបាលភូមិភាគ និងប្រធានគ្រឹះស្ថានអប់រំណាដែលខ្វះការទទួលខុសត្រូវ បំពានសេចក្ដីកំណត់ បណ្តោយឱ្យកើតមានករណីពុលអាហារក្នុងក្របខណ្ឌគ្រប់គ្រងរបស់ខ្លួន។
ចាត់វិធានការលើករណីមួយចំនួនដើម្បី “ក្រើន រំលឹក” និងព្រមាន
នាយករដ្ឋមន្ត្រី បានសំណូមពរឱ្យក្រសួងនគរបាលណែនាំដល់អង្គភាពជំនាញ ធ្វើការត្រួតពិនិត្យ ឡើងវិញជាទូទៅ ប្រយុទ្ធប្រឆាំង និងចាត់វិធានការលើបទល្មើស ព្រមទាំងអំពើល្មើសច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ; សកម្មភាពខ្វះការទទួលខុសត្រូវ ក្នុងកិច្ចការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ បង្កផលវិបាកធ្ងន់ធ្ងរ អំពើ “កិបកេង” របបអាហារ និងចំណែកអាហារនៅតាមសាលារៀន។ ផ្តោតលើការប្រយុទ្ធប្រឆាំង និងចាត់ការលើករណីមួយចំនួនមានលក្ខណៈ “ក្រើនរំលឹក” និងព្រមាន។
ទន្ទឹមនឹងនោះ ត្រូវបន្តយកចិត្តទុកដាក់លើការ ស៊ើបអង្កេត និងចាត់វិធានការលើករណីនិងសំណុំរឿងពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ ឋិតក្នុងក្របខណ្ឌនៃកិច្ចចង្អុលការរបស់គណៈចង្អុលការមជ្ឈិម អំពីការបង្ការ និងប្រឆាំងអំពើពុករលួយ ភាពខ្ជះខ្ជាយ និងអសកម្ម។
គណៈកម្មាធិការប្រជាជនបណ្តាខេត្ត ទីក្រុង ចង្អុលការដល់គ្រឹះស្ថានអប់រំនានានៅលើភូមិឋាន ចាត់ចែងថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលសាលារៀនធ្វើការត្រួតពិនិត្យផ្ទាល់ និងគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់នូវខ្សែច្រវាក់ផ្គត់ផ្គង់ចំណីអាហារ និងរបបអាហារនាំចូលសាលារៀនតាមបែបបទត្រឹមត្រូវ។ ព្រមទាំងរៀបចំការទទួល និងបកស្រាយអំពីមតិយោបល់របស់ឪពុកម្ដាយសិស្សក្នុងរយៈពេល ២៤ ម៉ោង។
រាល់គ្រឹះស្ថានអប់រំ ត្រូវអនុវត្តប្រកបដោយតម្លាភាព និងប្រកាសព័ត៌មានជាចំហរៀងរាល់ថ្ងៃជូនអាណាព្យាបាលសិស្ស (តាមរយៈក្រាំងព័ត៌មាន គេហទំព័រ កម្មវិធីបច្ចេកវិទ្យា និងក្រុមទំនាក់ទំនងអនឡាញ) អំពីអង្គភាពផ្គត់ផ្គង់របបអាហារ វត្ថុធាតុដើម រូបថតអាហារ វិក្កយបត្រនាំចូលទំនិញ បញ្ជីមុខម្ហូប និងរូបថតក្បាក់អាហារជាក់ស្តែងរបស់សិស្ស ដើម្បីឱ្យអាណាព្យាបាលសិស្សមានមូលដ្ឋានក្នុងការ តាមដាននិងត្រួតពិនិត្យ។
នាយករដ្ឋមន្ត្រី ប្រគល់ភារកិច្ចឱ្យក្រសួងកសិកម្មនិងបរិស្ថាន ចង្អុលការដល់អង្គភាពជំនាញធ្វើ ការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់នូវគុណភាព និងប្រភពដើមនៃកសិផល ព្រមទាំងចំណីអាហារដែលផ្គត់ផ្គង់ដល់គ្រឹះស្ថានអប់រំ។ សហការជាមួយរដ្ឋអំណាចភូមិភាគ កសាងខ្សែសង្វាក់ចងសម្ព័ន្ធផលិត និងការប្រើប្រាស់ចំណីអាហារប្រកបដោយសុវត្ថិភាពសម្រាប់សាលារៀន ធានាការស្វែងរកប្រភពដើមបានច្បាស់លាស់៕
ប្រភព៖ tienphong.vn - ថាច់ធី