រៀងរាល់រដូវវិស្សមកាល វត្តពោធិចូឡាមណីព្រះចេតិយ ស្ថិតនៅឃុំតឹបស៊ើង ខេត្តវិញឡុង បានរក្សាបើកថ្នាក់បង្រៀនអក្សរខ្មែរដល់កូនចៅមាមីងជនរួមជាតិខ្មែរ។ ជាច្រើនឆ្នាំមកនេះ ថ្នាក់រៀនអក្សរខ្មែរទាក់ទាញសិស្សានុសិស្សរាប់រយនាក់ចូលរៀន រួមចំណែកថែរក្សាភាសា អក្សរសាស្ត្រនិងអត្តសញ្ញាណវប្បធម៌ខ្មែរ។ ទន្ទឹមនឹងការបើកថ្នាក់ វត្តនៅទាំងបង្កលក្ខណៈឱ្យព្រះសង្ឃនិមន្តទៅសិក្សាសាលាចំណេះទូទៅជាជំហានៗបង្កើនចំណេះដឹង ដើម្បីបម្រើការបួសរៀននិងប្រតិបត្តិពុទ្ធសាសនាបានល្អ។

ក្រៅពីម៉ោងរៀនអក្សរ លោកគ្រូក៏បានណែនាំប្អូនៗស្វែងយល់ពីទំនៀមទម្លាប់និងវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរនៅទីធ្លាសាលា។
ព្រះតេជព្រះគុណ គឹមស៊ើង ទទួលបន្ទុកបង្រៀនអក្សរខ្មែររដូវវិស្សមកាលនៅវត្តពោធិចូឡាមណីព្រះចេតិយ មានថេរដីកា៖ រៀងរាល់ឆ្នាំនៅរដូវវិស្សមកាល វត្តបានចាត់តាំងបើកថ្នាក់បង្រៀនអក្សរខ្មែរដល់កូនចៅជនរួមជាតិខ្មែរ។ ឆ្នាំនេះ ចំនួនសិស្សនិងសមណសិស្សចូលរៀនច្រើនជាងឆ្នាំមុនៗ។ វត្តបានបើកថ្នាក់បង្រៀន អក្សរខ្មែររដូវវិស្សមកាល ១០ បន្ទប់ ដោយមានសិស្សចូលរៀន ២៥៧ នាក់ ក្រៅពីនោះ វត្តក៏បានបើកថ្នាក់ពុទ្ធិកសិក្សាបឋមភូមិចំនួន ៤ ថ្នាក់ ឆ្នាំ ទី១ ទី២ ទី៣ និងទី៤ ដោយមានសិស្ស១៣៤អង្គនិងរូប។ សរុបសិស្សកំពុងសិក្សាក្នុងវត្តមាន ៣៩១ អង្គនិងរូប។ ការចាត់តាំងបើកថ្នាក់រៀនដើម្បីជួយឱ្យប្អូនៗ មានលក្ខណៈរៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល ចេះអាន ចេះសរសេរអក្សរខ្មែរត្រឹមត្រូវ តាមរយៈនោះ រួមចំណែករក្សាភាសានិងអក្សរសាស្ត្រខ្មែរ។ ទន្ទឹមនឹងការរៀនអក្សរ ប្អូនៗនៅទាំងបានលោកគ្រូណែនាំស្វែងយល់ពីទំនៀមទម្លាប់ និងវប្ប ធម៌ប្រពៃណី រួមចំណែកលើកកម្ពស់ស្មារតីថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ។
តាមថេរដីការបស់ព្រះឧបជ្ឈាយ៍គឹមភ័ណ ព្រះចៅអធិការវត្តពោធិចូឡាមណីព្រះចេតិយ វត្តកំណត់ច្បាស់ការអប់រំកូនចៅជនរួមជាតិខ្មែរជាភារ កិច្ចមួយដ៏សំខាន់។ ហេតុនេះ ជាច្រើនឆ្នាំមកនេះ វត្តតែងបើកថ្នាក់បង្រៀនអក្សរខ្មែរនៅរដូវវិស្សមកាល និងថ្នាក់ពុទ្ធិកសិក្សាសម្រាប់សមណសិស្សនិងសិស្ស ពិសេសគឺកូនចៅមាមីងក្នុងភូមិស្រុក។ ចំពោះកូនចៅក្នុងភូមិស្រុកគ្មានលក្ខណៈទៅរៀនឆ្ងាយផ្ទះ វត្តបង្កលក្ខណៈដើម្បីប្អូនៗបានចូលរៀនអក្សរខ្មែរ។ ទន្ទឹមនឹងនោះ ក៏បានបង្កលក្ខណៈដល់ព្រះសង្ឃបួសថ្មីបានបន្តការសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យសាលាសាកល។ តាមរយៈនោះ ជួយឱ្យព្រះសង្ឃលើកកម្ពស់កម្រិតវិជ្ជា បង្កើនចំណេះដឹងសម្រាប់បម្រើការងារសាសនា និងសង្គមបានល្អ។
ការបន្តរក្សាបើកថ្នាក់រៀននៅក្នុងវត្ត មិនត្រឹមតែបង្កបរិស្ថានសិក្សាដ៏មានប្រយោជន៍សម្រាប់កូនចៅជនរួមជាតិខ្មែររដូវវិស្សមកាលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សភាសា អក្សរសាស្ត្រនិងតម្លៃវប្បធម៌ប្រពៃណី។ ផ្តើមពីថ្នាក់រៀនទាំងនេះ ប្អូនៗមានឱកាសបន្ថែមក្នុងការប្រើប្រាស់ភាសាកំណើតយល់ច្បាស់ពីវប្បធម៌ខ្មែរ បន្តជួយរក្សាតម្លៃវប្បធម៌ដ៏ផូរផង់របស់សហគមន៍ខ្មែរ៕
ទីទុយ-មុនី