កំណត់ច្បាស់ការអប់រំភាសាជនជាតិជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗ រយៈពេលកន្លង ខេត្តអាងយ៉ាងបានយកចិត្តទុកដាក់លើកកម្ពស់គុណភាពបង្រៀននិងរៀនអក្សរ ភាសាជនជាតិ។ តាមរយៈនោះ រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ និងលើកកម្ពស់ប្រសិទ្ធភាពការអប់រំនៅតំបន់ជនជាតិភាគតិច។

កូនចៅជនរួមជាតិខ្មែរនៅខេត្តអាងយ៉ាង កំពុងរៀនអក្សរខ្មែរនាឱកាសវិស្សមកាល។
ជាភូមិភាគដែលមាន ២៩ ជនជាតិភាគតិចរស់នៅជាមួយគ្នា ក្នុងនោះជនជាតិខ្មែរស្រូបអត្រាជាង ៨% នៃចំនួនប្រជាជនរួម ការអភិរក្សនិងពង្រីកភាសាជនជាតិ ពិសេសគឺភាសាខ្មែរ បានខេត្តយកចិត្តទុកដាក់ពិសេស ដោយចាត់ទុកនេះជាដំណោះស្រាយសំខាន់មួយដើម្បីលើកកម្ពស់ កម្រិតប្រជាបញ្ញា និងអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ជនជាតិភាគតិច។
ចំណុចលេចធ្លោមួយដែលគួរឱ្យយកចិត្តទុកដាក់ គឺនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ នៅក្នុងសម័យប្រជុំលើកទី ៣ ក្រុមប្រឹក្សាប្រជាជនខេត្តអាងយ៉ាង នីតិកាលទី XI អាណត្តិកាល ២០២៦–២០៣១ បានអនុម័តសេចក្តីសម្រេចចិត្តលេខ ១៨/២០២៦/NQ-HĐND កំណត់អំពីនយោបាយឧបត្ថម្ភចំពោះគ្រូបង្រៀនភាសានិងអក្សរសាស្រ្តជនជាតិភាគតិចនៅតាមគ្រឹះស្ថានសាសនា និងបណ្តាទីតាំងបង្រៀនដែលសហគមន៍រៀបចំឡើងលើភូមិឋានខេត្តអាងយ៉ាង។ ផ្អែកលើស្មារតីនៃសេចក្តីសម្រេចចិត្ត កម្រិតថវិកាឧបត្ថម្ភត្រូវបានកំណត់ឯកភាពគឺ ៣០.០០០ដុងក្នុងមួយម៉ោងសិក្សា។ ក្នុងនោះ រយៈពេលទទួលបានការឧបត្ថម្ភមិនលើសពី ១០ សប្តាហ៍ ក្នុងមួយឆ្នាំ ហើយចំនួនម៉ោងសិក្សាដែលទទួលបានការឧបត្ថម្ភជាអតិបរមាគឺ ២៤ ម៉ោងសិក្សាក្នុងមួយសប្តាហ៍សម្រាប់ថ្នាក់រៀននីមួយៗ។ សេចក្ដីកំណត់នេះត្រូវអនុវត្តចំពោះសកម្មភាពបង្ហាត់បង្រៀនភាសា និងអក្សរសាស្ត្រនៃជនជាតិភាគតិចទាំងបី គឺ ខ្មែរ ហ្វា និងចាម។ តាមប្រសាសន៍លោក យ័ញភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្តអាងយ៉ាង បានឱ្យដឹងថា សេចក្តីសម្រេចចិត្តកំណត់កម្រិតឧបត្ថម្ភសមស្រប នឹងជួយឱ្យកងជួរគ្រូបង្រៀន ព្រះសង្ឃដែលបង្រៀនផ្ទាល់ មានការលំនឹងចិត្តក្នុងការបង្ហាត់ បង្រៀន រក្សានិងលើកកម្ពស់គុណភាពថ្នាក់រៀននានា ទាក់ទាញសិក្ខាកាមចូលរួមបានច្រើន រួមចំណែកថែរក្សាភាសា អក្សរសាស្រ្ត ក៏ដូចជាអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌នៃបណ្តាជនជាតិភាគតិច។
ជាក់ស្តែងនៅតាមភូមិភាគជាច្រើនថ្នាក់បង្រៀនអក្សរខ្មែរ កំពុងបានរក្សាប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺនៅតាមវត្តអារាម និងទីតាំងប្រជុំជីវភាពសហគមន៍។ នៅឃុំគៀងលឿង សកម្មភាពបង្រៀនអក្សរខ្មែរបានទាក់ទាញសិស្សានុសិស្សចូលរួមយ៉ាងកុះករ។ មិនត្រឹមតែបានរៀនភាសាប៉ុណ្ណោះទេ ប្អូនៗនៅទាំងបានស្វែងយល់អំពីវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ ផ្ដើមពីនោះ រួមចំណែកលើកកម្ពស់ស្មារតីថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។ លោកកាវវ៉ាំងស្វក អ្នកមានប្រិយភាពនៅភូមិបឹងខ្នា ឃុំគៀងលឿង ចែករំលែក៖ “ថ្នាក់រៀនអក្សរខ្មែរត្រូវបានរក្សាជារៀងរាល់ឆ្នាំនៅ ២ ភូមិ គឺបឹងខ្នានិងចៅគាវ ទាក់ទាញសិស្សជិត ១០០ នាក់ចូលរៀន រួមចំណែកថែរក្សាភាសា និងអក្សរសាស្រ្តរបស់ជនជាតិ”។
លោកត្រឹងប៊ិញទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំគៀងលឿង ឱ្យដឹង៖ “ភូមិភាគតែងយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដើម្បីរក្សាថ្នាក់បង្រៀនភាសាខ្មែរ។ ការបើកថ្នាក់នាឱកាសវិស្សមកាល មិនត្រឹមតែជួយថែរក្សាភាសា អក្សរសាស្រ្តរបស់ជនជាតិប៉ុណ្ណោះទេ នៅថែមទាំងរួមចំណែកអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ កសាងសហគមន៍ សាមគ្គី និងអភិវឌ្ឍប្រកបដោយចីរភាពទៀតផង”។
ការយកចិត្តទុកដាក់ចំពោះការអប់រំភាសាជនជាតិនៅអាងយ៉ាង មិនត្រឹមតែរួមចំណែកអភិរក្សភាសាប៉ុណ្ណោះទេ ថែមទាំងបង្កមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍវប្បធម៌ លើកកម្ពស់កម្រិតប្រជាបញ្ញា និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ ជាមួយនឹងដំណោះស្រាយព្រមៗគ្នា និងការប្តេជ្ញាចិត្តខ្ពស់ ខេត្តកំពុងជំរុញការងារទាំងនេះឱ្យកាន់តែស៊ីជម្រៅ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រកបដោយចីរភាពក្នុងដំណាក់កាលថ្មី៕
ហុងទើ - ថាច់ធី