ផ្ដើមពីការផលិតស្រូវនិងដាំដូង ប៉ុន្តែផ្ដល់ប្រាក់ចំណូលមិនលំនឹង បងថាច់ផល្លា នៅភូមិដាយត្រឿង ឃុំទីវកឹង ខេត្តវិញឡុង បានសម្រេចចិត្តបង្វែរមកដាំបន្លែ។ អាស្រ័យការចងសម្ព័ន្ធជាមួយក្រុមសហការប្រមូលទិញជីរណាទីវកឹង គ្រួសារបងមានទីផ្សារលក់ចេញស្ថិរភាព ទទួលបានការណែនាំបច្ចេកទេសដាំ និងជាជំហានៗលើកកម្ពស់គុណភាពផលិតផល ព្រមទាំងបង្កើនតម្លៃលើដីភូមិកំណើត។

បងថាច់ផល្លា នាំយកបន្លែប្រគល់ឱ្យអង្គភាពប្រមូលទិញ រួមចំណែកធានា
ទីផ្សារលក់ចេញ។
កាលពីមុន គ្រួសារបងផល្លា ផ្តោតសំខាន់លើការផលិតស្រូវនិងដាំដូង។ ប៉ុន្តែដោយសារតម្លៃកសិផលមានការប្រែប្រួល ប្រសិទ្ធភាពផលិតមិនលំនឹង គ្រួសារគាត់បានបង្វែរមកដាំបន្លែ ដែលសមស្របនឹងលក្ខណៈដីធ្លីនិងតម្រូវការទីផ្សារ។ បងបានប្រកបរបរដាំបន្លែប្រមាណ ១០ ឆ្នាំមកហើយ ក្នុងរយៈពេលដំបូង គ្រួសារបងត្រូវស្វែងរកកន្លែងលក់ដោយខ្លួនឯង។ បន្លែប្រមូលផលបានប៉ុណ្ណា ត្រូវស្វែងរកទីផ្សារលក់ប៉ុណ្ណឹង ហើយតម្លៃអាស្រ័យលើទីផ្សារ ដូច្នេះប្រាក់ចំណូលមិនខ្ពស់។ ចំណុចផ្លាស់ប្តូរបានកើតឡើងនៅឆ្នាំ ២០២៤ នៅពេលចាប់ផ្តើមចងសម្ព័ន្ធជាមួយក្រុមសហការប្រមូលទិញជីរណាទីវកឹង។
ចាប់តាំងពីចូលរួមចងសម្ព័ន្ធមក ផលិតផលបានប្រមូលទិញក្នុងតម្លៃលំនឹង ជួយឱ្យគ្រួសារបងអាចរៀបចំផែនការផលិតបានកាន់តែងាយស្រួល។ ក្រុមសហការក៏បានណែនាំអំពីបច្ចេកទេសដាំ ថែទាំ ការប្រើប្រាស់សម្ភារៈកសិកម្មឱ្យបានសមស្រប ដើម្បីឆ្លើយតបនឹងតម្រូវការគុណភាពបន្លែ។ បងផល្លា ចែករំលែក៖ "ជាច្រើនឆ្នាំមកនេះ គ្រួសារខ្ញុំផ្ដោតសំខាន់លើរបរដាំបន្លែ។ ពីមុនដោយសារខ្វះការចងសម្ព័ន្ធ យើងត្រូវរកទីផ្សារលក់ដោយខ្លួនឯង ដូច្នេះប្រាក់ចំណូលមិនខ្ពស់។ ចាប់ពីឆ្នាំ ២០២៤ មក បន្ទាប់ពីចងសម្ព័ន្ធជាមួយក្រុមសហការ តម្លៃលក់លំនឹងជាងមុន។ ខ្ញុំសង្កេតឃើញថា នេះជាទិសដៅសមស្របនិងធ្វើឱ្យខ្ញុំកាន់តែនឹងនរចិត្តក្នុងការបង្កបង្កើនផលនៅលើដីកំណើតរបស់ខ្លួន"។
តាមរយៈផ្ទះសំណាញ់ដែលមានតម្លៃ ២០០ លានដុង អាស្រ័យសហករណ៍កសិកម្មបានឧបត្ថម្ភកាលពីមុន សម្រាប់ដាំត្រសក់ផ្អែម បងបានយកមកប្រើប្រាស់ឡើងវិញដើម្បីអភិវឌ្ឍទម្រង់ដាំបន្លែ។ ជាមួយគ្នានេះ គ្រួសារគាត់បានវិនិយោគថវិកាបន្ថែមប្រមាណ ១៥០ លានដុង ដើម្បីដំឡើងប្រព័ន្ធបំពង់ទឹកស្រោចស្រព។ បច្ចុប្បន្ន គ្រួសារគាត់មានផ្ទៃដីដាំបន្លែជាង ១០ កុង ដែលភាគច្រើនជាជីរណា ខ្ទឹមស្លឹក និងបន្លែមួយចំនួនទៀតទៅតាមតម្រូវការទីផ្សារ។ ផ្ទះសំណាញ់រួមជាមួយប្រព័ន្ធស្រោចស្រព ជួយឱ្យគ្រួសារគាត់អាចម្ចាស់ការលើការថែទាំ និងការស្រោចស្រព កាត់បន្ថយផលប៉ះពាល់ពីអាកាសធាតុ និងលើកកម្ពស់គុណភាពផលិតផល។ ជាមធ្យមក្នុងមួយថ្ងៃ គ្រួសារគាត់ប្រមូលផលបន្លែបានប្រមាណជាង ១០០ គីឡូក្រាម ដើម្បីផ្គត់ផ្គង់ឱ្យអង្គភាពដែលចងសម្ព័ន្ធប្រមូលទិញ ក្នុងតម្លៃប្រមាណ ៨.៥០០ ដុងក្នុងមួយគីឡូក្រាម។ បន្ទាប់ពីទូទាត់ការចំណាយរួច ទម្រង់នេះផ្តល់ប្រាក់ចំណេញដល់គ្រួសារជិត ២០ លានដុងក្នុងមួយខែ។ នេះជាប្រភពចំណូលដែលជួយឱ្យគ្រួសារបងបន្តវិនិយោគឡើងវិញ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ដី។

បងថាច់ផល្លា ថែទាំជីរណានៅក្នុងរោងសំណាញ់របស់គ្រួសារ។
មិនត្រឹមតែរកបានប្រាក់ចំណូលប៉ុណ្ណោះទេ ទម្រង់នេះក៏បានរួមចំណែកដោះស្រាយការងារធ្វើនៅភូមិភាគ។ នៅថ្ងៃប្រមូលផល គ្រួសារគាត់បានជួលពលករប្រមាណ ៥-៦ នាក់ ឱ្យចូលរួមប្រមូលផល បេះសម្អាតនិងរៀបចំបន្លែសម្រាប់ប្រគល់ជូនអង្គភាពទិញ។ លោក សាងក្វឹកអាញ់ លេខាសាខាបក្សភូមិដាយត្រឿង បានវាយតម្លៃថា ទម្រង់ដាំដំណាំរបស់បងផល្លា ផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចជាក់ស្តែង។ ការបង្វែរពូជដំណាំ ការវិនិយោគលើផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រព និងផ្សារភ្ជាប់ការផលិតជាមួយការចងសម្ព័ន្ធទីផ្សារប្រមូលទិញ បានជួយឱ្យគ្រួសារគាត់បង្កើនប្រាក់ចំណូល ព្រមទាំងបង្កការងារធ្វើសម្រាប់ពលករនៅជនបទ។
ផ្ដើមពីការដាំដុះនិងស្វែងរកទីផ្សារដោយខ្លួនឯង បងថាច់ផល្លា កំពុងបង្វែរមករបៀបធ្វើកសិកម្មដែលមានភាពម្ចាស់ការជាង ដោយផលិតតាមតម្រូវការទីផ្សារនិងចងសម្ព័ន្ធជាមួយទីផ្សារលក់ចេញ។ ទម្រង់នេះបង្ហាញឱ្យឃើញថា នៅពេលកសិករជ្រើសរើសដាំដំណាំសមស្រប ហ៊ានវិនិយោគនិងចូលរួមចងសម្ព័ន្ធ តម្លៃផលិតមិនត្រឹមតែបានកើនឡើងប៉ុណ្ណោះទេ ថែមទាំងបង្កការងារធ្វើនិងរួមចំណែកប្រើប្រាស់ដីភូមិកំណើតឱ្យកាន់តែមានប្រសិទ្ធភាពទៀតផង៕
ពេជ្រ សឿន