ទោះបីជាគ្រួសារមានជីវភាពខ្វះខាតយ៉ាងណាក៏ដោយ ប៉ុន្តែប្អូនកាវធីប៊ិចភឿង សិស្សថ្នាក់ទី ១០A១ នៃសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ នៅឃុំញូយ៉ា ទីក្រុងកឹងធើ តែងតែខិតខំប្រឹងប្រែងរៀនសូត្រ រហូតសម្រេចបានកិត្តិនាមសិស្សរៀនពូកែ ១០ ឆ្នាំជាបន្តបន្ទាប់ ព្រមទាំងក្លាយជាសិស្សគំរូឆ្នើមបានមិត្តភក្តិរៀនសូត្រនិងយកតម្រាប់តាម។

ប្អូនកាវធីប៊ិចភឿងជាសិស្សគំរូជម្នះការលំបាករៀនពូកែ។
កើតក្នុងគ្រួសារក្រីក្រ គ្មានដីបង្កបង្កើនផល ឪពុកម្តាយរបស់ភឿងបានធ្វើការយ៉ាងនឿយហត់រាល់ថ្ងៃដើម្បីផ្គត់ផ្គង់ជីវភាព និងដើម្បីឱ្យភឿងមានឱកាសបានទៅសាលារៀនដូចមិត្តភក្តិឯទៀត។ ដោយឃើញឪពុកម្តាយលំបាកខ្លាំង ភឿង ធ្លាប់គិតចង់ឈប់រៀនដើម្បីជួយសម្រាលបន្ទុកសេដ្ឋកិច្ចគ្រួសារ ប៉ុន្តែនៅពេលបានឪពុកម្តាយ គ្រូបង្រៀន និងមិត្តភក្តិលើកទឹកចិត្ត ប្អូនក៏បន្តដំណើរស្វែងរកចំណេះដឹងតទៅទៀត។ អាចនិយាយបានថា ការលំបាកនឿយហត់របស់ឪពុកម្តាយបានក្លាយជាប្រភពលើកទឹកចិត្តយ៉ាងធំធេង ជំរុញឱ្យភឿងខិតខំពុះពាររៀនសូត្ររហូតទទួលបានលទ្ធផលជាសិស្សពូកែ ១០ ឆ្នាំបន្តបន្ទាប់។ ក្រៅពីនោះ ភឿងក៏ជាសិស្សសកម្មលេចធ្លោក្នុងការចូលរួមចលនានានា ដែលសាលារៀន សម្ព័ន្ធយុវជននិងថ្នាក់រៀបចំឡើងផងដែរ។
ចែករំលែកអំពីក្តីស្រមៃ ភឿងបានរៀបរាប់៖ “ប្អូននឹងខិតខំរៀនសូត្រឱ្យបានល្អ ដើម្បីតបស្នងសគុណ ចិញ្ចឹមបីបាច់របស់ឪពុកម្តាយ និងការប្រដៅទូន្មានរបស់លោកគ្រូអ្នកគ្រូ។ ប្អូនប្រាថ្នាចង់ក្លាយជាគ្រូបង្រៀន ដើម្បីបង្រៀនដល់កុមារក្រីក្រ ជួយឱ្យប្អូនៗ មានឱកាសរៀនសូត្រនិងសម្រេចក្តីប្រាថ្នា”។ តាមប្រសាសន៍លោកគ្រូ ស៊ើងថា គ្រូប្រចាំថ្នាក់ ១០A១ ជីវភាពលំបាកមិនបានធ្វើឱ្យភឿងបោះបង់ការសិក្សាឡើយ ផ្ទុយទៅវិញ ប្អូនមានឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ និងការរស់នៅ។ ក្នុងដំណើរការសិក្សា ភឿងតែងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ជាពិសេសទទួលបានជ័យលាភីលេខ ២ លើវិញ្ញាសាភាសាខ្មែរក្នុងការប្រឡងសិស្សពូកែថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៤-២០២៥។
លោកគ្រូ យឿងសាផល ចាងហ្វាងសាលា ឱ្យដឹង៖ “ប្អូនកាវធីប៊ិចភឿង ជាសិស្សស្ដាប់បង្គាប់ ដឹងគុណនិងមានការគួរសមជាមួយអ្នករាល់គ្នានៅជុំវិញខ្លួន។ ក្នុងការរៀនសូត្រ ភឿងតែងសកម្មក្នុងការស្វ័យសិក្សា និងស្វ័យហ្វឹកហ្វាត់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនិងការចលនានានាដែលសាលា និងថ្នាក់រៀបចំឡើង។ ពិសេសនៅក្នុងឆ្នាំសិក្សាកន្លង ភឿងបាននាំយកស្នាដៃយ៉ាងខ្ពង់ខ្ពស់ជូនសាលារៀននៅក្នុងការប្រឡងសិស្សពូកែថ្នាក់ខេត្ត”។
មានតែការខំរៀនឱ្យបានពូកែប៉ុណ្ណោះ ទើបជាវិធីតបគុណដ៏សក្តិសមចំពោះការលំបាក ដំណក់ញើសនិងការរំពឹងទុករបស់ឪពុកម្តាយ។ ដោយយល់ច្បាស់អំពីចំណុចនេះ កាន់តែធ្វើឱ្យភឿងមានកម្លាំងចិត្ត និងប្តេជ្ញាចិត្តខ្ពស់បន្ថែមទៀតក្នុងការរៀនសូត្រ។ ជាមួយនឹងឆន្ទៈនិងភាពឧស្សាហ៍ព្យាយាមទាំងនេះ ជឿជាក់ថា ភឿងនឹងបន្តជម្នះរាល់ការលំបាក សាកល្បងខាងមុខ ដើម្បីឈានទៅសម្រេចបំណងប្រាថ្នារបស់ខ្លួននៅថ្ងៃអនាគត៕
ថាញវ៉ាង - ថាច់ធី