ជំនួសឱ្យការដាំបន្លែបង្ការ រយៈពេលខ្លីដែលមិនស្ថិរភាព “បានផល តម្លៃថោក” គ្រួសារកសិករជាច្រើននៅសង្កាត់វិញចូវ ទីក្រុងកឹងធើ ហានផ្លាស់ប្តូរមកដាំដំណាំគូឆាយតៃវ៉ាន់។ ជាមួយនឹងគុណសម្បត្តិគឺចំណាយដើមទុនទាប តិចមានសត្វល្អិត និងផ្តល់ចំណូលលំនឹង ទម្រង់នេះជំហានដំបូងបានបណ្តុះក្តីសង្ឃឹមអំពីជីវភាពស្ថិរភាពសម្រាប់មាមីងកសិករនៅលើភូមិឋាន។
មកកាន់តំបន់ទី ៤ សង្កាត់វិញចូវ នាបណ្តាថ្ងៃខែសីហានេះ តាមបណ្តោយដងផ្លូវដានដែលប្រជាជនរស់នៅ ពណ៌ខៀវស្រង៉ាត់នៃដំណាំគូឆាយ កំពុងជំនួសឱ្យចម្ការដំណាំរយៈពេលខ្លីកាលពីមុនជាបណ្តើរៗ។ នោះគឺជាលទ្ធផលនៃទិសដៅថ្មីមួយ ដែលសមាគមកសិករភូមិភាគតម្រង់ទិស សំដៅដល់ការរកស៊ីចិញ្ចឹមជីវិតយូរអង្វែង និងស្ថិរភាពជូនប្រជាជន។ ឈរក្បែរចម្ការដំណាំគូឆាយខៀវស្រស់ ដែលកំពុងត្រៀមដល់ការប្រមូលផលថ្មី អ្នកមីង ម៉ាធីយ៉ាង គ្រួសារកសិករឈានមុខក្នុងការដាំគូឆាយតៃវ៉ាន់នៅតំបន់ទី ៤ មិនអាចលាក់បាំងបាននូវក្តីសប្បាយរីករាយ នៅពេលរំលឹកអំពីការសម្រេចចិត្តផ្លាស់ប្តូរការរកស៊ីរបស់គ្រួសារខ្លួនឡើយ។

ចម្ការដំណាំគូឆាយរបស់គ្រួសារអ្នកមីង ម៉ាធីយ៉ាង។
“មុនពេលដឹងដល់ដើមគូឆាយ ខ្ញុំដាំដំណាំរយៈពេលខ្លីគ្រប់ប្រភេទពេញមួយឆ្នាំ។ ប្រភេទដំណាំនេះដើមទុនចំណាយដំបូងទាបពិតមែន ប៉ុន្តែអ្វីដែលលំបាកបំផុតគឺទីផ្សារប្រើប្រាស់មិនស្ថិតស្ថេរ។ ឆ្នាំណាត្រូវថ្លៃគឺមិនអីទេ ប៉ុន្តែប្រសិនជាចៃដន្យធ្លាក់ថ្លៃវិញ គឺបាត់បង់ទាំងស្រុង បន្លែដែលនៅសល់មានតែបោះឱ្យមាន់ស៊ី គ្មាននរណាទិញឡើយ។ ចាប់តាំងពីថ្ងៃផ្លាស់មកដាំពូជគូឆាយតៃវ៉ាន់ មកទល់ពេលនេះ បាន ៤ ខែ ខ្ញុំកាត់លក់បាន ២ លើកហើយ។ រាល់ពេលដែលគូឆាយបានផល បរិមាណផលច្រើនបំផុតឡើងដល់ ៤០០ – ៥០០ គីឡូក្រាម។ ប្រសិនបើបានថ្លៃ យើងចំណេញគួរសម ឧទាហរណ៍ដូចជាទីផ្សារថយតម្លៃបន្តិចបន្តួច ក៏អាស្រ័យបានទិន្នផលខ្ពស់ យើងក៏នៅតែងាយប្រមូលដើមទុនមកវិញដែរ គឺមិនបារម្ភអំពីការជាប់បំណុលដូចមុនទៀតឡើយ” - អ្នកមីង ម៉ាធីយ៉ាង បានចែករំលែក។
មិនឆ្ងាយពីផ្ទះអ្នកមីងយ៉ាងប៉ុន្មាន គ្រួសារពូ តាំងធី ក៏ជាគ្រួសារមួយក្នុងចំណោមគ្រួសារប្រជាជនដែលទទួលបានប្រសិទ្ធផលពីទម្រង់សេដ្ឋកិច្ចថ្មីនេះដែរ។ លើផ្ទៃដីផលិតទំហំប្រមាណ ១.៥០០ ម៉ែត្ររបស់គ្រួសារ ពូ ធី បានចំណាយដីជាង ៤០០ ម៉ែត្រការ៉េ ដើម្បីសាកល្បងដាំគូឆាយតៃវ៉ាន់។ ដំបូងឡើយធ្វើបណ្តើរដកបទពិសោធន៍បណ្តើរ ឥឡូវនេះ ពូបានធ្វើម្ចាស់ទាំងស្រុងលើបែបផែនបច្ចេកទេស។ តាម ពូ តាំងធី បច្ចេកទេសដាំពូជគូឆាយនេះមិនស្មុគស្មាញពេកទេ ប៉ុន្តែទាមទាឱ្យមានភាពហ្មត់ចត់ក្នុងដំណាក់កាលចុះពូជ។ ដើមគូឆាយតៃវ៉ាន់ត្រូវដាំពីគល់ ក្នុងមួយរន្ធដាំពី ២ ទៅ ៣ ដើមជាគុម្ពៗ ចន្លោះស្មើៗគ្នាតាម ៤ ជួរលើរង។ ដើម្បីឱ្យគូឆាយសម្រេចបានគុណភាពល្អបំផុត អ្នកដាំភាគច្រើនប្រើប្រាស់ជីសរីរាង្គ គួបផ្សំជាមួយបរិមាណជី NPK សមស្របដើម្បីចិញ្ចឹមដើម។ ពូ តាំងធី ឱ្យដឹងបន្ថែម៖ “ចំណុចល្អនៃដើមគូឆាយគឺ ក្រោយពេលកាត់លើកដំបូង ដើមនៅតែបន្តលាស់ពន្លក និងឱ្យប្រមូលផលជាបន្តបន្ទាប់ ក្រោយរយៈពេលប្រមាណ ១ ខែប៉ុណ្ណោះ។ ដូចជាលើកប្រមូលផលកន្លងហើយ គ្រាន់តែផ្ទៃដីតូចមួយ ខ្ញុំអាចកាត់បានគូឆាយទំនិញប្រមាណ ៦៥០ គីឡូក្រាម។ ឈ្មួញចុះមកទិញដល់កន្លែងក្នុងតម្លៃ ១៥.០០០ ដុង/គីឡូក្រាម។ ក្រោយពេលទូទាត់ចំណាយលើជីនិងថ្នាំរួច គ្រួសារខ្ញុំនៅចំណេញជាង ៦ លានដុង”។

សមាគមកសិករសង្កាត់វិញចូវ អញ្ជើញចុះពិនិត្យចម្ការគូឆាយរបស់ពូ តាំងធី។
ពិភាក្សាអំពីទិសដៅអភិវឌ្ឍន៍ទម្រង់នាពេលខាងមុខ លោក ង្វៀងហ្វាងតៀង – អនុប្រធានប្រចាំការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ ប្រធានសមាគមកសិករសង្កាត់វិញចូវ បានបញ្ជាក់៖ ភូមិភាគនឹងមិនទុកឱ្យមាមីងអភិវឌ្ឍន៍ដោយឯកឯងនោះទេ ប៉ុន្តែនឹងមានការគ្រប់គ្រង និងជួយឧបត្ថម្ភព្រមៗគ្នាពីរដ្ឋអំណាច។
“តាមរយៈការតាមដាន និងវាយតម្លៃជាក់ស្តែង យើងខ្ញុំពិនិត្យឃើញថា ដើមគូឆាយតៃវ៉ាន់មានភាពស៊ាំ និងលូតលាស់យ៉ាងល្អនៅលើដីភូមិភាគ ដោយបញ្ជាក់យ៉ាងច្បាស់ថា នេះជាទម្រង់រកស៊ីចិញ្ចឹមជីវិតនាំមកនូវតម្លៃសេដ្ឋកិច្ចជូនមាមីងកសិករ។ ដើម្បីទម្រង់នេះមិនបង្អង់ត្រឹមទ្រង់ទ្រាយតូចតាច នាពេលខាងមុខ សមាគមកសិករសង្កាត់មានទិសដៅបង្កើតក្រុមសមាគមមុខរបរដាំគូឆាយ។ កិច្ចការនេះគឺសំដៅបង្កឱកាសសម្រាប់មាមីងភ្ជាប់ទំនាក់ទំនងផលិត និងដោះដូរបទពិសោធន៍។ ទន្ទឹមនឹងនោះ សមាគមនឹងសហការបើកថ្នាក់បណ្តុះបណ្តាល ផ្ទេរកំណើនបច្ចេកទេសថ្មីៗទៅក្នុងការដាំដុះ ដើម្បីបង្កើនទិន្នផលឱ្យកាន់តែខ្ពស់ថែមទៀត”។ - លោក ង្វៀង ហ្វាងតៀង បានសង្កត់ធ្ងន់។
ជឿថា ទិសដៅខាងមុខនឹងបង្កើតក្រុមសមាគមមុខរបរ និងការជំនួយបច្ចេកទេសដាំដុះពីសមាគមកសិករសង្កាត់ គឺជាចម្លើយសម្រាប់ចំណោទនៃការភ្ជាប់ទំនាក់ទំនងផលិត ជួយឱ្យមាមីងកសិករវិញចូវ ស្ងប់ចិត្តក្នុងការដាំដុះប្រភេទដំណាំថ្មីនេះ។ ទម្រង់ដាំគូឆាយតៃវ៉ាន់ជំហានដំបូងបានបង្ហាញពីប្រសិទ្ធភាពសេដ្ឋកិច្ច បើកចេញទិសដៅមួយយ៉ាងមានក្តីសង្ឃឹមសម្រាប់កសិករភូមិភាគ៕
ថាញហ៊ុង - មេងលី