17/08/2026 - 20:53

វិញ​ឡុង​៖ បិទ​វគ្គ​កម្ម​វិធី​រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​ ឆ្នាំ​ ២០២៦ នៅ​តាម​វត្ត​ខ្មែរ​នា​នា​ 

ក្រោយ​រយៈ​ពេល​បើក​ថ្នាក់​បង្រៀន​ និង​រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ នៅ​តាម​វត្ត​ខ្មែរ​នា​នា​លើ​ភូមិ​ឋាន​ខេត្ត​វិញ​ឡុង​ កំ​ពុង​ចាត់​តាំង​ប្រឡង​បិទ​វគ្គ​សិក្សា​ និង​ប្រ​កាស​លទ្ធ​ផល​។ នេះ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ជួយ​សិស្ស​ជន​ជាតិ​ខ្មែរ​ពង្រឹង​បំ​ណិន​អាន​ សរ​សេរ​អក្សរ​ខ្មែរ​ ទន្ទឹម​នឹង​នោះ​រួម​ចំ​ណែក​ថែ​រក្សា​ភា​សា​ អក្សរ​ និង​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជាតិ​។

ក្រោយ​ពី​រួម​បញ្ចូល​ខេត្ត​ទាំង​៣វិញ​ឡុង​ ត្រា​វិញ​ និង​បេនត្រែ​ ខេត្ត​វិញ​ឡុង​មាន​វត្ត​ខ្មែរ​ចំ​នួន​ ១៥៦វត្ត​។ រៀង​រាល់​ឆ្នាំ​ វត្ត​ខ្មែរ​ភាគ​ច្រើន​តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ខ្មែរ​ បង្ក​លក្ខ​ណៈដើម្បី​ប្អូន​ៗរៀន​សូ​ត្រ​ លត់​ដំ​ភា​សា​កំ​ណើត​ក្នុង​រដូវ​វិស្សម​កាល​។ នៅ​វត្ត​សំ​រោង​ឯក​ អនុ​សង្កាត់​៧ សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​ ថ្នាក់​រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​បាន​ចាត់​តាំង​ប្រឡង​ និង​ប្រ​កាស​លទ្ធ​ផល​បិទ​វគ្គ​សិក្សា​។ ឆ្នាំ​នេះ​ វត្ត​បើក​ថ្នាក់​រៀន​បាន​៤ថ្នាក់​ ចាប់​ពី​ថ្នាក់​ទី​១ដល់​ថ្នាក់​ទី​៤ ជួយ​ឱ្យ​ប្អូន​ៗបង្កើន​សមត្ថ​ភាព​អាន​ និង​សរ​សេរ​អក្សរ​ខ្មែរ​ ទន្ទឹម​នឹង​នោះ​ស្វែង​យល់​បន្ថែម​អំ​ពី​ទំនៀម​ទម្លាប់​ និង​ប្រ​ពៃ​ណី​វប្ប​ធម៌​របស់​ជន​ជាតិ​ផង​ដែរ​។

សម​ណ​សិស្ស​ និង​ប្អូន​ៗថ្នាក់​រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​នៅ​វត្ត​សំ​រោង​ឯក​ អនុ​សង្កាត់​៧ សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​ កំ​ពុង​ប្រឡង​។

ប្រ​កាស​លទ្ធ​ផល​ថ្នាក់​រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​នៅ​វត្ត​សំ​រោង​ឯក​ អនុ​សង្កាត់​៧ សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​។

ព្រះ​តេជ​ព្រះ​គុណ​ គឹម​ថាញ​ហៀង​ ទទួល​បន្ទុក​ថ្នាក់​រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​នៅ​វត្ត​សំ​រោង​ឯក​ មាន​ថេរ​ដីកា​ វត្ត​មួយ​ចំ​នួន​នៅ​ក្នុង​ខេត្ត​បាន​ប្រឡង​បិទ​វគ្គ​សិក្សា​ រី​ឯ​វត្ត​មួយ​ចំ​នួន​ទៀត​កំ​ពុង​ត្រៀម​ប្រឡង​ និង​ប្រ​កាស​លទ្ធ​ផល​បិទ​វគ្គ​ថ្នាក់​រៀន​អក្សរ​ខ្មែរ​ ដើម្បី​ឈាន​ចូល​រៀន​ សា​កល​ ឆ្នាំ​សិក្សា​ថ្មី​ ២០២៦-២០២៧។ តាម​ថេរ​ដីកា​ព្រះ​តេជ​ព្រះ​គុណ​ គឹម​ថាញ​ហៀង​ រៀង​រាល់​ឆ្នាំ​វត្ត​តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ ដើម្បី​បង្ក​លក្ខ​ណៈឱ្យ​ប្អូន​ៗលត់​ដំ​សមត្ថ​ភាព​អាន​ និង​សរ​សេរ​អក្សរ​ខ្មែរ​ ព្រម​ទាំង​ស្វែង​យល់​អំ​ពី​ទំនៀម​ទម្លាប់​ ប្រ​ពៃ​ណី​ និង​វប្ប​ធម៌​របស់​ជន​ជាតិ​។ ក្នុង​ការ​បង្ហាត់​បង្រៀន​ ព្រះ​សង្ឃ​តែង​ផ្គួប​បញ្ចូល​ពីរ​ភា​សា​ខ្មែរ​  - វៀត​ ដើម្បី​ជួយ​ឱ្យ​ប្អូន​ៗងាយ​យល់​មេ​រៀន​។ ប្អូន​ ថា​ច់សូ​នី​តា​ សិស្ស​ថ្នាក់​ទី​៥ នៅ​សា​លា​បឋម​សិក្សា​ង្វៀង​ត្រៃ​ កំ​ពុង​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​សំ​រោង​ឯក​ ឱ្យ​ដឹង​៖ ផ្ទះ​ប្អូន​នៅ​ក្បែរ​វត្ត​ ហេ​តុ​នោះ​ប្អូន​រៀន​អក្សរ​ខ្មែរ​នៅ​ទី​នេះ​បាន​២ឆ្នាំ​ហើយ​។ ដោយ​សារ​តែ​និយាយ​ជា​មួយ​មិត្ត​ភក្តិជា​ភា​សា​វៀត​ ម្ល៉ោះហើយ​ប្អូន​មិន​សូវ​មា​នល​ក្ខណៈ​និយាយ​ភា​សា​ខ្មែរ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ទេ​។ ព្រោះ​ហេ​តុ​នោះ​ ឱ្យ​តែ​ដល់​រដូវ​វិស្សម​កាល​ម្តង​ៗ ប្អូន​តែង​មក​រៀន​អក្សរ​ខ្មែរ​នៅ​ក្នុង​វត្ត​។ "ក្រោយ​ពី​រៀន​នៅ​វត្ត​ ប្អូន​ចេះ​អាន​ ចេះ​សរ​សេរ​អក្សរ​ខ្មែរ​បាន​ល្អ​ជាង​មុន​។ ប្អូន​នៅ​ទាំង​បាន​ព្រះ​សង្ឃ​បង្ហាត់​បង្រៀន​អំ​ពី​ទំនៀម​ទម្លាប់​ ប្រ​ពៃ​ណី​ទៀត​ផង​ ប្អូន​មាន​សេច​ក្តី​ត្រេក​អរ​ខ្លាំង​ណាស់​។ ឆ្នាំ​នេះ​ប្អូន​រៀន​ថ្នាក់​ទី​២ ឆ្នាំ​ក្រោយ​ប្អូន​នឹង​រៀន​ថ្នាក់​ទី​៣" ប្អូន​ថា​ច់សូ​នី​តា​ បាន​ឱ្យ​ដឹង​ដូច្នេះ​។

ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ស៊ុង ព្រះ​ចៅ​អធិការ​វត្ត​សាមគ្គី​មុនី​សុវណ្ណ​នទី​ (ដៃ​ទទឹង​) ឃុំ​តឹបង៉ាយ ខេត្ត​វិញ​ឡុង​ មាន​ថេរ​ដីកា​៖ រៀង​រាល់​ឆ្នាំ​វត្ត​តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ដល់​កូន​ចៅ​ខ្មែរ​។ ដើម្បី​ប្អូន​ៗមាន​ពេល​វេលា​សម្រាក​ និង​ត្រៀម​បម្រុង​ដល់​ឆ្នាំ​សិក្សា​ថ្មី​ ចូល​រៀន​សា​កល​ វត្ត​បាន​ចាត់​តាំង​ប្រឡង​បិទ​វគ្គ​សិក្សា​ឆាប់​ជាង​រាល់​ឆ្នាំ​។ ប្អូន​ៗបាន​ប្រឡង​និង​ប្រ​កាស​លទ្ធ​ផល​រួច​ហើយ​។ តាម​រយៈ​ថ្នាក់​រៀន​នេះ​ ប្អូន​មា​នល​ក្ខណៈ​លត់​ដំ​អក្សរ​ខ្មែរ​ បន្ថែម​ ទន្ទឹម​នឹង​នោះ​រួម​ចំ​ណែក​ថែ​រក្សា​ភា​សា​ និង​អក្សរ​សាស្រ្ត​ខ្មែរ​ក្នុង​សហ​គម​ន៍។

ប្រ​ការ​ដែល​វត្ត​ខ្មែរ​តែង​តែ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ជា​ច្រើន​ឆ្នាំ​កន្លង​ បាន​រួម​ចំ​ណែក​បង្ក​បរិយាកាស​ឱ្យ​យុវ​ជន​ខ្មែរ​ជំ​នាន់​ក្រោយ​រៀន​ភា​សា​កំ​ណើត​នៅ​តាម​វត្ត​អា​រាម​។ តាម​រយៈ​នោះ​ ប្អូន​ៗមិន​ត្រឹម​តែ​លើក​កម្ពស់​សមត្ថ​ភាព​អាន​ និង​សរ​សេរ​អក្សរ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​យល់​ដឹង​បន្ថែម​អំ​ពី​ប្រ​ពៃ​ណី​ ទំនៀម​ទម្លាប់​ និង​វប្ប​ធម៌​ជន​ជាតិ​ទៀត​ផង​។ នេះ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ រួម​ចំ​ណែក​អភិ​រក្ស​ និង​ពង្រីក​ភា​សា​ និង​អក្សរ​សាស្រ្ត​ខ្មែរ​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ