គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបចេញផែនការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២១-NQ/TU របស់គណៈប្រតិបត្តិការបក្ខភាគទីក្រុង អំពីការលើកកម្ពស់គុណភាពបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សផ្នែកសុខាភិបាលមានគុណភាពខ្ពស់ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៣៥។ ទិសដៅស្នូល ជាជំហានៗ ជំរុញកឹងធើក្លាយជាមជ្ឈមណ្ឌលសុខាភិបាលឯកទេសសម្រាប់តំបន់វាលរាបទន្លេគឺវឡុង។
តាមផែនការដល់ឆ្នាំ២០៣០ ទីក្រុងខិតខំសម្រេចអត្រាវេជ្ជបណ្ឌិត ១៩ នាក់ គិលានុបដ្ឋាយិកា ៣៣ នាក់ លើប្រជាជនមួយម៉ឺននាក់ មានវេជ្ជបណ្ឌិតព្យាបាលនៅមន្ទីរពេទ្យចំណាត់ថ្នាក់លេខ១និងថ្នាក់ឯកទេស មានកម្រិតវិជ្ជាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាង៦០% បណ្តុះបណ្តាលបណ្ឌិតនិងកម្រិតវិជ្ជាប្រហាក់ប្រហែលពី៣០-៥០នាក់ មានកម្មាភិបាលសុខាភិបាលបង្ការសម្រេចកម្រិតបរិញ្ញាបត្រជាន់ខ្ពស់យ៉ាងតិចបំផុត ៥០%។
អំពីគុណភាពសេវាកម្ម មន្ទីរពេទ្យថ្នាក់ឯកទេស ១០០% នឹងបានផ្សព្វផ្សាយបច្ចេកទេសថ្មី ឬបច្ចេកទេសប្រភេទពិសេសតិចបំផុតចំនួន ១ វេជ្ជបណ្ឌិតខាងវិស័យឯកទេស សម្រេចបទដ្ឋានភាសាបរទេសផ្នែកមុខជំនាញ ១០០%។ នៅមន្ទីរពេទ្យមូលដ្ឋាន ឃុំ សង្កាត់ ១០០% ផ្សព្វផ្សាយទម្រង់វេជ្ជសាស្ត្រគ្រួសារ ផ្សារភ្ជាប់នឹងសំណុំឯកសារសុខភាពអេឡិចត្រូនិកលើកម្មវិធី VNeID។ ផ្នែកសុខាភិបាល ក៏បានជំរុញការផ្លាស់ប្តូរឌីជីថល ពេលបុគ្គលិកសុខាភិបាលទាំង ១០០% បានបំប៉នពីចំណេះដឹងបញ្ញាសិប្បនិម្មិត និងដាក់ដំណើរការប្រព័ន្ធបណ្តុះបណ្តាលតាមអនឡាញ។
គណៈកម្មាធិការប្រជាជនទីក្រុង ទទួលបន្ទុកដឹកនាំ សហការជាមួយសាកលវិទ្យាល័យឱសថសាស្ត្រកឹងធើ គ្រឹះស្ថានបណ្តុះបណ្តាល វេជ្ជសាស្ត្រនិងវិទ្យាស្ថានស្រាវជ្រាវដែលល្បីៗនៅក្នុងនិងក្រៅប្រទេស បើកទូលាយចងសម្ព័ន្ធក្នុងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អនុវត្តយន្តការដាក់ពាក្យបណ្តុះបណ្តាលតាមអាសយដ្ឋាន ធ្វើសេនាធិការដាក់ចេញគោលនយោបាយទាក់ទាញ អនុគ្រោះនិងរក្សាបញ្ញវន្ត ព្រមទាំងសហការចងសម្ព័ន្ធតំបន់ ដើម្បីផ្ទេរបច្ចេកទេសកម្រិតខ្ពស់ដល់ភូមិភាគនានានៅតំបន់វាលរាបទន្លេគឺវឡុង៕
ធូសឿង-មុនី